គ្រូពេទ្រជំនាញបកស្រាយរឿងស្អំថ្ម ឬទឹកក្ដៅ ក្រោយសម្រាលធ្វើឲ្យ​ប៉ះពាល់សុខភាពស្ត្រី

  • 2018-05-09 02:36:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​សម្រាល​កូន​រួច ប្រជាជន​ខ្មែរ​តែង​តែ​អនុវត្ត​តៗ​គ្នា​ គឺ​ត្រូវ​សង្កត់​ពោះ​ដោយ​របស់​ក្ដៅ​ដូច​ជា​ក្អម​ ថ្ម​ ឬ​ស្អំ​ទឹក​ក្ដៅ​ជា​ដើម​។ ការ​ធ្វើ​បែប​នេះ​គេ​ជឿ​ថា​​នឹង​ធ្វើ​ឲ្យ​ឆ្អិន​សរសៃ​ខ្ចី​ ហើយ​ទទួល​បាន​សាច់​ចាំ​ សាច់​ស្អាត​ជា​ដើម។​

រូបតំណាង

កិច្ច​សម្ភាសន៍​របស់​ **កញ្ញា** ជាមួយ​អ្នក​ស្រី​ យ៉ាញ់ គឹម​ឡៃ​ អាយុ​ ៥៥​ ឆ្នាំ​ មុខរបរ​មេផ្ទះ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖ ពី​ដើម​ក្រោយ​សម្រាល​កូន​អ្នក​ស្រី​ត្រូវ​ចាស់​ៗ​បង្គាប់​ឲ្យ​ស្អំ​ថ្ម​ដុត​ ដោយមាន​ជំនឿ​ថា​ ជួយ​ឲ្យ​ឆ្អិន​សរសៃ​ ឈាម​រត់​ស្រួល​ ហើយ​អ្នក​ស្រី​ក៏​បាន​អនុវត្ត​តាម​ តែ​មិន​មាន​ផល​ប៉ះពាល់​អ្វី​ទេ គឺ​សុខសប្បាយ​រហូត​មក។​ ចំណែក​អ្នក​ស្រី​ ធារ៉ា អាយុ​ ៣០​ ឆ្នាំ​ មុខរបរ​​លក់​បាយ​ នៅ​ម្ដុំ​មហា​វិថី​ព្រះមុនីវង្ស​បាន​ប្រាប់​ដូចគ្នា​ថា គាត់​អនុវត្ត​វិធី​នេះ​តាម​ចាស់​ៗ​ ហើយ​ក៏​មិន​មាន​បញ្ហា​អ្វី​ដែរ។​

ប៉ុន្តែ​បើ​​មក​ស្ដាប់​ការ​ពន្យល់​របស់​វេជ្ជ​បណ្ឌិត​ឯកទេស​សម្ភព​ និង​​រោគ​ស្ត្រី​ អ្នក​គ្រូ​ លី​ ឈីវអៀង​ បាន​ឲ្យ​ដឹង​ថា​​ យោង​តាម​វេជ្ជសាស្ត្រ​ពុំ​ទាន់​មាន​ការ​សិក្សា​ស្រាវជ្រាវ​ណា​អាច​បញ្ជាក់​បាន​ថា​ វិធី​ស្អំថ្មពិត​ជា​ត្រឹម​ត្រូវ​ ឬមាន​គុណ​​ប្រយោជន៍​ដល់​សុខភាព​នោះ​ទេ។​ អ្នក​គ្រូ​បញ្ជាក់​ថា ចំពោះ​ការ​ស្អំ​របស់​ក្ដៅ​ដែល​អាច​និយាយ​បាន​ថា​នឹង​ធ្វើ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ស្ត្រី​ គឺ​ពិបាក​នឹង​សន្និដ្ឋាន​បាន១០០% ព្រោះ​ថា​ការ​សិក្សា​ដើម្បី​សន្និដ្ឋាន​បាន ទាល់​តែ​មាន​ការ​សិក្សា​ឱ្យ​បាន​គ្រប់​ករណី​។

"និយាយរួម បើ​គេ​ធ្វើ​ការ​សិក្សា​លើ​គ្រប់​ស្ត្រី​​ទាំង​អស់​ ​បន្ទាប់ពី​ស្អំ​ម៉ោ​​ ផល​ល្អ​អី​ខ្លះ ផល​វិបាក​អី​ខ្លះ​ យើង​ចេញ​ជា​ការ​សិក្សា​មួយ​ទើប​អាច​សន្និដ្ឋាន​បាន តែ​បើ​ពឹង​តែ​លើ​ករណី​១-២ គឺ​វា​ត្រឹម​តែ​ជា​ការ​សន្មត់​​ក្រោយ​រឿង​ហ្នឹង​កើត​ឡើង​ ដែល​គាត់​ជួប​ប្រទះ​ផ្ទាល់​។ អ៊ីចឹង​បើ​សួរ​ថា គេ​សិក្សា​បាន​ប៉ុន្មាន​ករណី​ហើយ? ទាល់​តែ​យក​ករណី​ទាំង​អស់​មក​សើរើឡើង​វិញ ទើប​អាច​ចេញ​ជា​ការ​សន្និដ្ឋាន​ច្បាស់​មួយ​បាន។ អ៊ីចឹង​ទើប​​ក្រសួង​របស់​យើង​អាច​ចេញ​ជា​បទ​បញ្ញត្តិ​មួយ​ថា អូខេ គ្រប់​ស្ត្រី​ទាំង​អស់​ដែល​ទើបស​ម្រាល​គួរ​ហាម​បែប​នេះ​បែប​នោះ។"

អ្នកស្រី​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​​ពី​ការ​ស្អំ​របស់​ក្ដៅ​ថា "ទី១ ក្ដៅផង! ស្អំ​អាហ្នឹង​ក្ដៅ​ផង ស្ត្រី​ត្រូវ​ដេក​លើ​គ្រែ​ជាប់​រហូត អត់​អាច​ងើប​ដើរ​បាន​ទេ អ៊ីចឹង​សួរ​ថា​ឈាម​ហ្នឹង​ធ្លាក់​អស់​អត់? ហើយ​នៅ​ពេល​ដែល​គាត់​ងើប​ដើរ គាត់​ដេក​យូរ​ថ្ងៃ ចលនា​ដៃ​ជើង​គាត់​នៅ​ស្ពឹក​ស្រពន់​ អ៊ីចឹង​សួរ​ថា សុខភាព​គាត់​ល្អ​អត់? អ៊ីចឹង​នេះ​ជា​ផល​វិបាក​ដែល​យើង​អាច​មើល​ដឹង​ពី​ខាង​ក្រៅ​​ ហើយ​បើសួរ​ថា ស្ត្រី​ទាំង​អស់​ដែល​ស្អំ​ប៉ះពាល់​ដល់​ស្បួន​ខាង​ក្នុង​យ៉ាង​ម៉េច​ខ្លះ ទាល់​តែ​យើង​យក​ស្ត្រី​ដែល​ស្អំ​ទាំង​អស់​នោះ មក​ពិនិត្យ​ទាំង​អស់​ទើប​ដឹង​​អា​ហ្នឹង​វា​ប៉ះពាល់​យ៉ាង​ម៉េច។"

អ្នក​ស្រី​វេជ្ជបណ្ឌិត​​បន្ថែម​ថា ទោះ​យ៉ាង​ណា ​គ្រូ​ពេទ្យ​ជំនាញ​មិន​ណែនាំ​ឱ្យ​ធ្វើ​ការ​ស្អំ​របស់​ក្ដៅ​បែប​នេះ​ឡើយ គឺ​ហាម​តែ​ម្ដង​ ដោយ​សារ​​មិន​ឃើញ​ពី​ផល​ចំណេញ​ដែល​បាន​មក​ពី​ការ​ធ្វើ​បែប​នេះ ហើយ​​អ្វី​ដែល​គួរ​បារម្ភ​ខ្លាំង គឺ​សម្រាប់​ស្ត្រី​សម្រាល​ដោយ​វះ​កាត់ ព្រោះ​តែ​បារម្ភ​ថា​​មាន​ផល​វិបាក​ច្រើន​សម្រាប់​ស្ត្រី ចំណែក​ស្ត្រី​ដែល​សម្រាល​ដោយ​ធម្មជាតិ​កម្រ​នឹង​មាន​បញ្ហាណាស់ តែ​ក៏​នៅ​មិន​ជំរុញ​ឱ្យ​ធ្វើ​បែប​នេះ​ដែរ។ ម្យ៉ាង​ទៀត បច្ចុប្បន្ន​ចំនួន​អ្នក​សម្រាល​ដោយ​ការ​វះកាត់​មាន​ច្រើន​ជាង​មុន ហើយ​ផល​វិបាក​ក៏​មាន​ច្រើន​ជាង​សម្រាល​ដោយ​ធម្មជាតិ ដូច្នេះ​បើ​យក​របស់​ក្ដៅ​មក​ស្អំ​ពី​លើ​មុខ​របួស​ដែល​ទើប​ដេរ​រួច វា​រឹត​តែ​អាច​មាន​គ្រោះថ្នាក់​។

រូបតំណាង

"ជា​ធម្មតា សរីរាង្គ​របស់​ស្ត្រី​ក្រោយ​សម្រាល​រួចនឹង​ត្រូវ​ប្រែ​មក​ជា​ធម្មតា​វិញ បាន​ន័យ​ថា ស្បូន​ដែល​រីក​ធំ​ក្នុង​ពេល​សម្រាល​នឹង​កន្ត្រាក់​រួម​តូច​មក​វិញក្នុង​ចន្លោះ​ពី​១​ខែ​កន្លះ​ ទៅ​២ខែ ដូច​ស្ត្រី​ដែល​អត់​មាន​កូន អ៊ីចឹង​តាម​លក្ខណៈ​ធម្មជាតិ គឺ​វា​នឹង​វិវត្ត​មក​ជា​ធម្មតា​វិញ ទោះ​បី​យើង​មិន​ធ្វើ​អី​ក៏​វា​ត្រូវ​មក​ដូច​ដើម​វិញ"។

ចំណែក​កា​រ​ស្អំ​ទឹក​កក អ្នក​ស្រី​វេជ្ជបណ្ឌិត​បាន​ឱ្យ​ដឹង​ថា វា​ទៅ​តាម​ករណី​ជាក់ស្ដែង​ដូ​ច​ជា ករណី​ស្បូន​មិន​កន្ត្រាក់ មាន​ធ្លាក់​ឈាម​ជា​ដើម គឺ​ក្រុម​គ្រូពេទ្យ​អនុញ្ញាត​ឱ្យ​ស្អំ​​សម្រាប់​ស្ត្រី​សម្រាល​ដោយ​ធម្មជាតិ។ ប៉ុន្តែ​សម្រាប់​ស្ត្រី​ដែល​វះកាត់​គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជា​មុន ព្រោះ​ការ​ស្អំ​ទឹក​កក​អាច​ធ្វើ​ឱ្យ​សើម​មុខ​របួស ហើយ​​អាច​​ទៅ​ជា​ឆ្លង​មេរោគ​៕

ចុចអាន៖អ្នក​មាន​ជំងឺ​ប៉ុន្មាន​មុខ​នេះ​ ហាម​កោសខ្យល់​បើ​មិន​ចង់​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម