កុំទាន់ឈានជើងចូលដល់ជីវិតអាពាហ៍ពិពាហ៍អី បើអ្នកនឹងគេនៅមានរឿងទាំងនេះ
- 2018-03-02 01:50:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំទាន់ឈានជើងចូលដល់ជីវិតអាពាហ៍ពិពាហ៍អី បើអ្នកនឹងគេនៅមានរឿងទាំងនេះ
មានគូស្នេហ៍ខ្លះសម្រេចចិត្តយ៉ាងលឿនទៅលើរឿងមង្គលការ តែបន្ទាប់មកក៏មានរឿងរកាំរកូសជាហូរហែរ។ ដោយហេតុបែបនេះហើយទើបចង់ឲ្យអ្នកគិតគូរឲ្យបានវែងឆ្ងាយមុនដឹកដៃគ្នាឆ្លងចូលជីវិតប្ដីប្រពន្ធ។ បើអ្នកទាំងពីរនៅមានរឿងទាំងនេះ នោះមិនគួរសម្រេចរៀបការឡើយ ៖
១. មិនដែលរៀបចំគម្រោងអនាគតជាមួយគ្នា
តាំងពីស្រឡាញ់គ្នាមកតើមានធ្លាប់រៀបចំគម្រោងដើម្បីអនាគតឬនៅ?ឬគ្រាន់តែនិយាយចោលទេ? បើអ្នកទាំងពីគ្មានសកម្មភាពអ្វីដើម្បីគាំទ្រជីវិតគ្រួសារនោះ គួរតែកុំទាន់ដឹកដៃគ្នាឆ្លងចូលជីវិតប្ដីប្រពន្ធអី។
**២. ឈ្លោះបែកៗ**
បើមានរឿងអីតិចតួចឈ្លោះគ្នា ហើយបែកគ្នា បន្ទាប់មកត្រូវគ្នាវិញរួចក៏ឈ្លោះគ្នាទៀតនោះមិនមែនជាសញ្ញាល្អប៉ុន្មាននោះទេ ទោះបីជាអ្នកទាំងពីរមិនដាច់ស្រេចជាមួយគ្នាក៏ដោយ។ បើនៅមានរឿងបែបនេះកើតឡើងទៀត អ្នកទាំងពីរក៏មិនគួរសម្រេចចិត្តរៀបការដែរ ព្រោះចំណងអាពាហ៍ពិពាហ៍មិនមែនលេងសើចដូចពេលនៅជាសង្សារឡើយ។
៣. មិនទាន់មានចំណូលផ្ទាល់ខ្លួន
ទោះអ្នករៀនមិនចប់ ឬរៀនចប់ក៏ដោយ អ្វីដែលសំខាន់អ្នកទាំងពីរមានចំណូលផ្ទាល់ខ្លួនស្ថិតស្ថេរមួយ។ បើអ្នកសូម្បីតែលុយក៏គ្មានខ្លួនឯងនោះ តើអ្នកអាចស្រមៃដល់ថ្ងៃរៀបការយ៉ាងម៉េចទៅ? ត្រូវគិតថាអ្នកមានទំនួលខុសត្រូវជាច្រើនទៀត ដែលត្រូវប្រើលុយ។ កុំចេះតែគិតស្រួលៗពេក ត្រូវរឹងមាំរឿងលុយកាក់ជាមុនសិនសឹមគិតគូររឿងគ្រួសារតាមក្រោយ។
៤. នៅមានភាពខ្លាំងរៀងខ្លួន
ម្នាក់ៗចង់តែឈ្នះ ហើយចង់ឲ្យម្នាក់ទៀតមកលួង នេះមិនមែនជាភាពចាស់ទុំដែលអ្នកមានក្នុងស្នេហាឡើយ។ វាជាចរិតដែលយុវវ័យមាន ដូច្នេះបើដឹងថាអ្នកទាំងពីរនៅរឹងរូស នៅខ្លាំងរៀងខ្លួន នោះគួរតែចំណាយពេលទៅមុខទៀតដើម្បីឲ្យមានភាពល្អប្រសើរជាងនេះ។
៥. មិនច្បាស់លាស់
អារម្មណ៍មិនដាច់ស្រេច ឬមិនប្រាកដប្រជាជាមួយស្នេហា។ ម្ដងស្រឡាញ់ ម្ដងនឹកនា ម្ដងធុញទ្រាន់ ម្ដងក៏ចង់បោះបង់។ បើអ្នកនៅមានអារម្មណ៍នេះ គួរតែកុំទាន់គិតរឿងរៀបការអីព្រោះអាចធ្វើឲ្យអ្នកស្ដាយក្រោយ។ គួរតែប្រើពេលឲ្យខ្លួនឯងច្បាស់លាស់សិន ព្រោះបើរៀបការហើយអ្នកនៅតែមានអារម្មណ៍បែបនេះ នោះគ្រួសារមិនអាចមានសុភមង្គលទេ។
កុំរៀបការដោយគ្រាន់តែឃើញពីភាពស្រស់បំព្រងមួយភ្លែត ត្រូវរៀបចំខ្លួន ត្រូវមានផែនការ និងភាពច្បាស់លាស់សិន ព្រោះវាអាចឲ្យអ្នកដាច់ចំណងនេះកណ្ដាលផ្លូវ៕
ចុចអាន៖៦ រឿងសំខាន់ៗដែលមនុស្សស្រីគួរតែធ្វើដើម្បីបុរសខ្លួនស្រឡាញ់