នៅ​ពេល​​ភាព​អស់​សង្ឃឹម​ឡើង​ដល់​កំពូល​ហើយ គឺ​មាន​តែ​លែង​ដៃ​គ្នា

  • 2018-02-12 03:04:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​សួរ​ខ្ញុំ​ថា​បេះដូង​ខ្ញុំ​ធ្វើ​ពី​អ្វី ហើយ​ខ្ញុំ​ក៏​សួរ​អ្នក​វិញ​ថា តាម​អ្នក​គិត​តើ​វា​ធ្វើ​ពី​អ្វី?

កំឡុង​ថ្ងៃ​ត្រជាក់​បែប​នេះ ធ្វើ​ឲ្យ​អនុស្សាវរីយ៍​ទាំង​ឡាយ​បុក​ច្រាល​មក​វិញ ធ្វើ​ឲ្យ​ខ្ញុំ​គិត​ថា​ស្មាន​តែ​រឿង​ទាំង​ឡាយ​ទើប​តែ​កើត​ឡើង​ពី​ម្សិល​មិញ។ រឿង​នានា​ដែល​ខ្ញុំ​ស្មាន​ថា​នឹង​ចងចាំ​អស់​មួយ​ជីវិត ទាំង​ការ​ឈឺចាប់ ក៏​ដូច​ជា​ស្លាកស្នាម​ទាំង​ឡាយ។

រូបតំណាង

មាន​ការ​បែរ​ខ្នង​ខ្លះ គឺ​គ្មាន​ថ្ងៃ​អាច​នឹង​ជួប​វិញ ទោះ​បី​ជា​ធ្លាប់​ស្រលាញ់​គ្នា​ជ្រៅជ្រះ​យ៉ាង​ណា​ក៏​ដោយ។ មាន​ពេល​ខ្លះ នៅ​ពេល​ដើរ​កាត់​ផ្លូវ​ដែល​២​នាក់​ធ្លាប់​ឆ្លង​កាត់ អនុស្សាវរីយ៍​ក៏​បុក​មក។ អារម្មណ៍​ដំបូង​ៗ ប្រៀប​ដូច​ជា​ខ្យល់ព្យុះ ព្រោះ​នៅ​ចាំ​ច្បាស់​ពេក តែ​ក្រោយ​មក​ក៏​ខ្សោយ​ទៅ​ៗ ប្រៀប​ដូច​ខ្យល់​ត្រសៀក​ៗ។

ពួក​យើង​តែង​អនុញ្ញាត​ឲ្យ​ខ្លួន​ស្រលាញ់​មនុស្ស​ម្នាក់​ផ្សេង​ទៀត មុន​ពេល​យល់​ច្បាស់​ពី​គេ ពេល​ឈឺចាប់​ហើយ ទើប​សួរ​ថា​ហេតុអ្វី​យើង​ស្រលាញ់​គេ​ថ្នាក់​នេះ ហើយ​គេ​នៅ​តែ​ដោះដៃ​បាន​ដោយ​គ្មាន​អាល័យ។ និយាយ​តាម​ត្រង់​ទៅ ដោះ​ដៃ​ចេញ ឬ​តាម​គេ​ទាំង​គេ​អស់​ចិត្ត​ហើយ​គឺ​សុទ្ធ​តែ​ត្រូវការ​ការ​ព្យាយាម​ទាំង​អស់។ ដើម្បី​ធ្វើ​បាន​រឿង​ទាំង​២​គឺ​សុទ្ធ​តែ​ត្រូវ​ការ ការ​តាំង​ចិត្ត​ខ្ពស់​ទាំង​អស់។

ខ្ញុំ​មិន​បន្ទោស​អ្នក​ដែល​មិន​យល់​ខ្ញុំ​ទេ ព្រោះ​សូម្បី​តែ​ខ្ញុំ​ក៏​មិន​យល់​ពី​មនោសញ្ចេតនា​របស់​អ្នក​ដែរ។ តាំង​ពី​ដើម​មក អ្នក​ដទៃ​ក៏​ថា​យើង​ខុស​គ្នា​ខ្លាំង​ដែរ តែ​ដោយ​សារ​ចិត្ត​ស្រលាញ់​ក៏​ខំ​ពុះពារ​តទៅ​មុខ តែ​ហាក់​ដូច​ដល់​ពេល​ដែល​ពុះពារ​លែង​បាន​ហើយ។ គម្លាត​ដែល​ធ្លាប់​តែ​តូច​នោះ ពេល​នេះ​វា​បាន​រីក​ធំ​ដល់​ថ្នាក់​លាក់​បាំង​លែង​បាន​ទៀត​ហើយ។

ទោះ​យ៉ាងណាក៏ដោយ ក៏​ខ្ញុំ​ចង់​និយាយ​ថា នៅ​ពេល​ដែល​យើង​ស្រលាញ់​គ្នា​ហើយ គួរ​តែ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​រក្សា​វា រហូត​ដល់​ពេល​យើង​អស់​កម្លាំង​មែន​ទែន​ហើយ ចាំ​ដោះ​ដៃ​ក៏​បាន។ ពេល​ខ្លះ​ភាព​អស់​សង្ឃឹម​មិន​មែន​គឺ​អាក្រក់​ទាំង​អស់​នោះ​ទេ យ៉ាងហោចណាស់​សម្រាប់​ខ្ញុំ​គឺ​អញ្ចឹង។ ដោយ​សារ​តែ​វា ខ្ញុំ​អាច​រៀន​បាន​វិធី​ដោះដៃ​ចេញ​ពី​មនុស្ស​ម្នាក់​ទាំង​ស្រុង៕

អត្ថបទ៖ Caramel

អត្ថបទថ្មី