ចរិតបំផ្លាញខ្លួនឯង៥ ដែលមនុស្សភាគច្រើនមានតែមិនដឹងខ្លួន ដឹងហើយប្រញាប់កែប្រែមុនហួសពេល
- 2018-02-08 10:15:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចរិតបំផ្លាញខ្លួនឯង៥ ដែលមនុស្សភាគច្រើនមានតែមិនដឹងខ្លួន ដឹងហើយប្រញាប់កែប្រែមុនហួសពេល
ទម្លាប់អាក្រក់ៗមួយចំនួនក៏ជាឧបសគ្គដល់ការមានក្ដីសុខ និងភាពជោគជ័យរបស់អ្នកដែរ។ សាកល្បងក្រឡេកមើលចរិតមួយចំនួនខាងក្រោមនេះ ប្រសិនបើអ្នកកំពុងតែមាន សូមប្រញាប់កែប្រែ ដោយ កញ្ញា នឹងវិធីដោះស្រាយព្រមជាមួយគ្នា៖
១. ត្រាំត្រែងជាមួយអតីតកាល
ការចំណាយពេលវេលានឹកគិតតែរឿងអតីតដែលមិនអាចត្រលប់ទៅកែប្រែអ្វីបានអាចចាត់ទុកថាជាទង្វើដែលបង្អាក់កម្លាំងចិត្តខ្លួនឯងពីការច្នៃប្រឌិតអ្វីថ្មីៗល្អៗសម្រាប់អនាគត ព្រមទាំងធ្វើឲ្យក្ដីសុខក្នុងជីវិតរបស់យើងស្រុតចុះទៅតាមនោះដែរ។
**វិធីដោះស្រាយ៖** គួររស់នៅជាមួយបច្ចុប្បន្ន ផ្ដោតលើអ្វីដែលនៅចំពោះមុខ និងព្យាយាមធ្វើគ្រប់យ៉ាងឲ្យអស់ពីសមត្ថភាព ទាំងការងារ ទាំងការរស់នៅ ឬសូម្បីសេចក្ដីស្នេហា។ ប្រសិនបើយើងចេះមើលអតីតកាលដើម្បីទុកជាមេរៀនពីកំហុសដែលស្ថិតក្នុងអតីតកាលនោះ វាក៏អាចនាំប្រយោជន៍មកឲ្យយើងមិនតិចដែរ។
២. អត់ធ្មត់ជាមួយទំនាក់ទំនងដែលឈឺចាប់
មនុស្សជាច្រើនប្រាកដធ្លាប់ជួបប្រទះទំនាក់ទំនងស្នេហាដែលឈឺចាប់ មិនសមបំណង ប៉ុន្តែក៏នៅតែស៊ូទ្រាំជាមួយទំនាក់ទំនងនោះ ក៏ព្រោះតែខ្លាចថានឹងមានអារម្មណ៍ឯកោ និងមិនអាចទទួលយកការឈឺចាប់បាន ដោយភ្លេចគិតថា ការពិតទំនាក់ទំនងដែលខ្លួនកំពុងតែទ្រាំនេះហើយគឺជាថ្នាំពិសពិតប្រាកដដែលធ្វើបាបទឹកចិត្តខ្លួនឯងរាល់ថ្ងៃ។
វិធីដោះស្រាយ៖ សាកល្បងពិចារណាឲ្យបានល្អថាតើទំនាក់ទំនងដែលអ្នកកំពុងទ្រាំនេះធ្វើឲ្យអ្នកមានក្ដីសុខ ឬទុក្ខច្រើនជាង។ ប្រសិនបើក្ដីសុខច្រើនជាង អ្នកក៏ត្រូវចេះសម្រួលស្ថានការណ៍ដោះស្រាយបញ្ហាទាំងសងខាងដើម្បីឲ្យទំនាក់ទំនងនោះមានភាពប្រសើរឡើង ប៉ុន្តែបើមានទុក្ខសោកច្រើនជាង អ្នកគួរតែប្រមូលភាពក្លាហានហើយដើរចេញពីស្នេហានោះ ព្រោះទោះបីទៅអនាគតអ្នកមិនប្រាកដថាអាចជួបនឹងមនុស្សដែលធ្វើឲ្យអ្នកមានក្ដីសុខពិតប្រាកដ ប៉ុន្តែការនៅម្នាក់ឯងក៏អាចឲ្យអ្នកមានក្ដីសុខបានដូចគ្នា។
៣. រកលេសកាន់ជើងខ្លួនឯង
ការរកលេសកាន់ជើងខ្លួនឯងគឺជាទម្លាប់ដ៏អាក្រក់ដែលយើងគួរប្រញាប់កែប្រែជាបន្ទាន់។ ការធ្វើបែបនេះធ្វើឲ្យយើងគ្មានភាពរីកចម្រើនឡើយក្នុងជីវិត ព្រោះរវល់តែគិតថាអ្វីដែលខ្លួនធ្វើនោះគឺល្អបំផុត ហើយមិនបើកចិត្តទទួលយកគំនិតល្អៗរបស់អ្នកនៅជុំវិញខ្លួន ក៏ដូចជាបិទឱកាសខ្លួនឯងក្នុងការរៀនសូត្រអ្វីថ្មីៗ។ ក្រៅពីនេះ ការស្វែងរកលេសកាន់ជើងខ្លួនឯងនេះក៏ធ្វើឲ្យអ្នកនៅជុំវិញខ្លួនស្អប់ខ្ពើមមិនចង់ចូលជិតទៀតផង ព្រោះនៅពេលណាដែលអ្នកនិយាយយកតែត្រូវខ្លួនឯង អ្នកនឹងមើលឃើញថាអ្នកនៅជុំវិញខ្លួនធ្វើខុស និងចោទប្រកាន់គេរហូត។
វិធីដោះស្រាយ៖ គួរសម្លឹងមើលគ្រប់យ៉ាងក្នុងផ្លូវកណ្ដាល កុំកាន់ជើងតែខ្លួនឯង។ ត្រូវទទួលស្គាល់កំហុសឆ្គងដែលខ្លួនបង្កឡើងដើម្បីរិះរកវិធីកែខៃ និងបើកចិត្តទទួលយកគំនិតរបស់អ្នកដទៃដែលខុសពីអ្វីដែលខ្លួនឯងគិត ដើម្បីទទួលបានទស្សនៈ ការយល់ឃើញ និងការច្នៃប្រឌិតថ្មីៗបន្ថែមសម្រាប់ខ្លួនឯង។
៤. គេងមិនគ្រប់គ្រាន់
មនុស្សមួយចំនួនផ្ដល់ពេលវេលាឲ្យការងារ និងអ្វីផ្សេងៗច្រើន ប៉ុន្តែបែរជាមិនសល់ពេលសម្រាប់គេង ដែលជារឿងដ៏សំខាន់ដល់សុខភាព អារម្មណ៍ និងប្រសិទ្ធភាពក្នុងការដំណើរជីវិតនៅថ្ងៃបន្តបន្ទាប់។ ការគេងលក់មិនគ្រប់គ្រាន់អាចឲ្យមានគ្រោះថ្នាក់ច្រើនដល់សុខភាពដូចជាជំងឺបេះដូង ឆាប់ធាត់ ឆាប់ភ្លេចឆាប់វង្វេង ខ្សោយសមត្ថភាពផ្លូវភេទ និងបញ្ហាជាច្រើនទៀត។
វិធីដោះស្រាយ៖ គួរគេងលក់ឲ្យបានយ៉ាងហោច ៧ទៅ៩ម៉ោងក្នុងមួយថ្ងៃ ដើម្បីឲ្យពេលអ្នកភ្ញាក់ឡើងមានអារម្មណ៍ស្វាហាប់ ស្រស់ថ្លា។
៥. សន្សំបំណុល
ភាពរីកចម្រើននៃបច្ចេកវិទ្យាបច្ចុប្បន្នធ្វើឲ្យយើងអាចចាយលុយកាន់តែងាយជាងមុន ដែលទាំងនោះក៏ធ្វើឲ្យយើងបង្កើតបំណុលច្រើនឡើងៗដោយមិនដឹងខ្លួន។ ការបង្កបំណុល ក្រៅពីជាគ្រោះថ្នាក់ដល់ស្ថិរភាពសេដ្ឋកិច្ចរបស់យើងហើយ ក៏នៅជះឥទ្ធិពលដល់ផ្លូវចិត្តរបស់យើងដែរ ព្រោះអ្នកប្រាកដជាអារម្មណ៍មិនល្អប៉ុន្មានឡើងបើសិនត្រូវយកលុយដែលខ្លួនរកមកមួយខែៗទៅដោះបំណុល។
វិធីដោះស្រាយ៖ គួររៀបចំគម្រោងក្នុងការប្រើលុយក្នុងមួយខែៗឲ្យមានប្រសិទ្ធភាព។ បែងចែកប្រាក់មួយចំណែកទុកសន្សំមុននឹងយកទៅចាយ ហើយធ្វើកំណត់ហេតុចំណូលចំណាយ ដែលអាចឲ្យខ្លួនឯងដឹងថា ក្នុងមួយខែៗយើងបានចាយប្រាក់ទៅលើរបស់ដែលមិនចាំបាច់ប៉ុន្មានខ្លះ ៕
ចុចអាន៖
ធ្វើការមួយជាតិក៏មិនមានដែរ បើនៅធ្វើបែប ៦យ៉ាងនេះ
មិត្តភ័ក្ដិ ៦ប្រភេទដែលមិនគួរស្និទ្ធជាមូយទាល់តែសោះ សូម្បីតែម្ដងនៅក្នុងជីវិត