កុំបន្ទោសនាងបើនាងលង់ស្រឡាញ់បុរសផ្សេង ព្រោះនេះជាមូលហេតុ
- 2018-02-06 05:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំបន្ទោសនាងបើនាងលង់ស្រឡាញ់បុរសផ្សេង ព្រោះនេះជាមូលហេតុ
អារម្មណ៍ និងស្នេហាគឺទាក់ទងគ្នា ព្រោះពេលដែលមានអារម្មណ៍ល្អលើអ្នកណាម្នាក់ ទើបស្នេហាអាចកើតឡើង។ ពេលខ្លះអ្នកចេះតែនិយាយថានាងក្បត់ នាងសាវា តែនេះក៏ប្រហែលមកពីផ្ទៃក្នុងនៃស្នេហារបស់អ្នកដែរ ទើបបណ្ដាលឲ្យនាងលង់ស្រឡាញ់គេទាំងមិនដឹងខ្លួន ៖
១. ឈ្លោះគ្នាច្រើន
កាន់តែឈ្លោះគ្នានាងកាន់តែធុញ ហើយមានអារម្មណ៍ថាពិបាកនៅជាមួយគ្នា ព្រោះជួបមុខគ្នាពេលណាមានតែរឿងមិនឈប់មិនដែលរីករាយនឹងគេ។ នាងចាប់ផ្ដើមមានអារម្មណ៍ថានៅជាមួយអ្នកផ្សេងសប្បាយចិត្តជាង ព្រោះនាងមិនចាំបាច់ហត់ចិត្តក្នុងការឈ្លោះដូចនៅជាមួយអ្នក។
**២. មើលឃើញស្នេហាកាន់តែពិបាកទៅៗ**
ពីមួយថ្ងៃទៅមួយថ្ងៃស្នេហាកាន់តែសោះកក្រោះ កាន់តែហត់នឿយ ភាពផ្អែមល្ហែមក៏កាន់តែបាត់បង់ទៅ។ ពេលនោះហើយជាឱកាសល្អរបស់បុរសផ្សេងដែលតាមស្រឡាញ់នាង ព្រោះគេអាចនឹងផ្អែមល្ហែម យកចិត្តទុកដាក់លើនាងច្រើនជាងអ្នកទៅទៀត។ នៅពេលគេកាន់តែល្អ ហើយអ្នកកាន់តែលែងខ្វល់នោះហើយជាពេលដែលនាងចាប់ផ្ដើមលង់ស្រឡាញ់អ្នកផ្សេងដោយមិនដឹងខ្លួន។
៣. ស្នេហ៍មិនឈ្នះស្និទ្ធ
ឃ្លានេះនៅតែអាចប្រើបាន ព្រោះវាជាការពិតដែលមនុស្សមួយចំនួនមិនអាចប្រកែកបាន។ មនុស្សស្រីអាចនិយាយបានថាឆាប់ទទួលបានអារម្មណ៍ជាងមនុស្សប្រុស ដូច្នេះបើសិនជានាងស្និទ្ធស្នាលជាមួយអ្នកផ្សេងច្រើនជាងសង្សារខ្លួនឯងនោះ មិនយូរទេនាងនឹងមានអារម្មណ៍ល្អជាមួយគេ។ មិនអាចថានេះជាកំហុសនាងទាំងស្រុងឡើយ ព្រោះមនុស្សស្រីត្រូវការភាពកក់ក្ដៅ និងពេលវេលាច្រើនពីមនុស្សដែលនាងស្រឡាញ់ ប៉ុន្តែបើសូម្បីដែលពេលក៏គ្មានសម្រាប់នាងនោះ វាមិនអាចឡើយដែលនាងអាចទ្រាំបានរយៈពេលយូរនោះ។
៤. អ្នកផ្សេងគេល្អជាងអ្នក
កុំចេះតែគិតថាមនុស្សស្រីស្រឡាញ់ហើយគឺដកខ្លួនមិនរួចនោះ។ នាងនឹងចាប់ផ្ដើមបាត់បង់ការចាប់អារម្មណ៍លើអ្នកបើអ្នកកាន់តែគ្មានអីល្អក្នុងកែវភ្នែកនាង។ ស្រឡាញ់គឺស្រឡាញ់ហើយតែបើអ្នកចេះតែបង្ហាញអ្វីដែលមិនល្អឲ្យនាងឃើញនោះ កុំសួរនាងអីថាហេតុអីទៅស្រឡាញ់អ្នកផ្សេង?
៥. អ្នកចេះតែធ្វើឲ្យនាងយំ
មនុស្សស្រីបើយំឆ្អែតហើយនាងនឹងអស់អារម្មណ៍ក្នុងការបន្ត ព្រោះគ្មាននារីណាចង់កប់ខ្លួនឯងក្នុងទឹកភ្នែកឡើយ។ បើដឹងថាខ្លួនឯងមិនអាចផ្ដល់សុភមង្គលឲ្យនាងបាននោះ កុំបន្ទោសនាងអីបើនាងទៅស្រឡាញ់អ្នកផ្សេង ព្រោះប្រហែលនៅជាមួយគេអាចឲ្យនាងសប្បាយចិត្តជាងអ្នក។
ពេលខ្លះនាងមិនបានតាំងចិត្តស្រឡាញ់អ្នកផ្សេងឡើយ ប៉ុន្តែមកពីស្នេហាដែលនាងកំពុងមានវាគ្មានសេចក្ដីសុខ៕
ចុចអាន៖ប្រភេទបុរសដែលមនុស្សស្រីគួរតែចំណាយពេលរង់ចាំដើម្បីជួប