៦ល្បិចធ្វើឲ្យអ្នកពូកែភាសាអង់គ្លេស ដោយមិនបាច់អស់លុយរៀនថែម
- 2018-01-26 07:50:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៦ល្បិចធ្វើឲ្យអ្នកពូកែភាសាអង់គ្លេស ដោយមិនបាច់អស់លុយរៀនថែម
រៀនភាសាអង់គ្លេសយូរហើយប៉ុន្តែនៅតែមានអារម្មណ៍ថាប្រើការមិនបានមែនទេ? បើដូច្នេះអ្នកគួរផ្លាស់ប្ដូរវិធីរៀនរបស់ខ្លួនហើយទើបបាន។ ថ្ងៃនេះ កញ្ញា សូមបង្ហាញពីតិចនិកងាយៗមួយចំនួនដែលនឹងជួយឲ្យប្រិយមិត្តទាំងអស់គ្នាក្លាយជាអ្នកពូកែភាសាអង់គ្លេសគ្រប់គ្នា ប្រសិនបើព្យាយាមអនុវត្តវាជាប្រចាំ។
១. ហ្វឹកហាត់និយាយម្នាក់ឯង
វិធីនេះគឺល្អបំផុត សម្រាប់អ្នកដែលពូកែអៀន ឬមិនហ៊ានចេញនិយាយកាច់តុងជាមួយអ្នកដទៃ។ ឆ្លុះកញ្ចក់ ហើយនិយាយជាមួយខ្លួនឯងតែម្ដង យូរៗទៅអ្នកនឹងថ្នឹកមាត់ដោយឯកឯង។
២. ស្ដាប់ចម្រៀង ព័ត៌មាន ឬវិទ្យុជាភាសាអង់គ្លេស
ជឿជាក់ថាប្រិយមិត្តជាច្រើនប្រាកដជាមានទម្លាប់ស្ដាប់ចម្រៀង ដើម្បីកំដរអារម្មណ៍ បំបាត់អផ្សុក ដូច្នេះគួរងាកមកស្ដាប់ជាភាសាអង់គ្លេសតែម្ដង។ ប៉ុន្តែមិនមែនស្ដាប់តែម្យ៉ាងទេណា៎ គួរឆែកមើលពាក្យពិបាកៗក្នុងទំនុកច្រៀងផង ទើបរីកចម្រើនបានលឿន។
៣. អានព័ត៌មាន អត្ថបទ ឬប្រលោមលោក ជាភាសាអង់គ្លេស
ការហ្វឹកហាត់អានភាសាអង់គ្លេសជួយឲ្យយើងទទួលបានចំណេះដឹងកាន់តែច្រើន និងទូលំទូលាយ ហើយក៏ទទួលបានពាក្យថ្មីៗល្អៗជាប្រចាំដែរ។
៤. មើលភាពយន្ត រឿងភាគ ឬតុក្កតាជាភាសាអង់គ្លេស
វិធីនេះអាចឲ្យយើងចេះស្ដាប់ និងយល់ភាសាបានលឿនបំផុត ជាពិសេសអាចស្ដាប់បាននូវតុងសំនៀងដើមរបស់ម្ចាស់ភាសា និងយល់ពីការប្រើប្រាស់ពាក្យសម្រាប់ជីវភាពប្រចាំថ្ងៃបានយ៉ាងល្អ។
៥. ស្ថិតនៅកន្លែងដែលមានតែជនបរទេស
នេះជាវិធីដែលអាចបង្ខំឲ្យខ្លួនឯងនិយាយភាសាអង់គ្លេសបានច្រើនបំផុត ព្រោះថាបើយើងមិនមែនជាអ្នកពូកែនិយាយអង់គ្លេស ហើយនៅជុំវិញខ្លួនមានតែជនបរទេស ចង់ឬមិនចង់យើងនឹងព្យាយាមនិយាយ ហើយយូរៗនឹងទម្លាប់និយាយ និងទំនាក់ទំនងជាភាសាអង់គ្លេសបានងាយស្រួល។
៦. រកមិត្តភ័ក្តិជាជនបរទេសដើម្បីបានជជែកគ្នា
សាកល្បងហ្វឹកហាត់និយាយជាមួយមិត្តជាជនបរទេសនៅសាលារៀន ឬកន្លែងធ្វើការលមើល ហើយឲ្យគេជួយបង្រៀនភាសាឲ្យយើងខ្លះ ពុំដូច្នោះទេ អាចធ្វើជា Guide នាំពួកគេដើរលេង ក៏ជាឱកាសល្អក្នុងការហ្វឹកហាត់រៀនភាសាអង់គ្លេសរបស់យើងដែរ។ កុំខ្មាសអៀនក្នុងការរាប់អានមិត្តភ័ក្ដិជាជនជាតិផ្សេង ព្រោះក្រៅពីបានរៀនភាសា យើងក៏អាចចែករំលែកវប្បធម៌គ្នាទៅវិញទៅមកផងដែរ។
ការរៀនភាសាគឺត្រូវការការហ្វឹកហាត់ប្រើប្រាស់ជាប្រចាំ ដូច្នេះបើអ្នករៀនហើយកប់ចោលនោះ ទោះរៀនរាប់សិបឆ្នាំទៀតក៏មិនអាចប្រើប្រាស់បានដែរ។ ព្យាយាមបង្កើតទម្លាប់ទាំងអស់នេះ នឹងអាចឲ្យអ្នកប្រើប្រាស់ភាសាបានលឿន និងមានប្រសិទ្ធភាព មិនថាភាសាអង់គ្លេស ឬភាសាផ្សេងៗ៕