គួរដាក់ពាក្យលាឈប់ជាមួយការងារអ្នកហើយ បើមានបញ្ហានេះកើតឡើង
- 2018-01-24 07:03:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរដាក់ពាក្យលាឈប់ជាមួយការងារអ្នកហើយ បើមានបញ្ហានេះកើតឡើង
ការងារគឺជារឿងមួយសំខាន់ ប៉ុន្តែក៏មិនមានន័យថាអ្នកត្រូវធ្វើទាំងគ្មានតម្លៃសម្រាប់ខ្លួនឯងដែរ។ បើបច្ចុប្បន្នអ្នកកំពុងតែជួបបញ្ហាទាំងនេះនៅក្នុងជីវិតការងារ នោះវាសមល្មមតែអ្នកដាក់ពាក្យលាឈប់ជាមួយការងារអ្នកហើយ ៖
១.ប្រាក់ខែមិនងាយឡើង ឬមិនដែលឡើងឲ្យសោះ
ពេលខ្លះការងារមិនសំខាន់លើប្រាក់ខែពេកនោះទេ សំខាន់យើងពេញចិត្តការងារនោះ ប៉ុន្តែបើអ្នកធ្វើការយូរហើយនៅតែប៉ុណ្ណឹងក៏មិនកើតដែរ។ បើក្រុមហ៊ុនដែលអ្នកធ្វើមិនដែលឡើង ឬយូរឡើងប្រាក់ខែឲ្យនោះអ្នកគួរតែពិចារណាឡើងវិញថាគួរបន្ត ឬបញ្ចប់។
**២. គ្មានអីថ្មីសម្រាប់រៀនបន្តទៀត**
បើធ្វើការដល់ចំណុចមួយដែលគាំងហើយ គួរតែរកអីថ្មីទៅ ព្រោះបើចេះតែធ្វើការងារដដែលៗពេកហាក់ដូចជាខ្ជះខ្ជាយពេលវេលាណាស់។ ស្វែងរកកន្លែងដែលថ្មី ផ្ដល់បទពិសោធន៍ថ្មី គំនិតច្នៃប្រឌិតថ្មី និងជួបមនុស្សថ្មី ទើបជីវិតការងារយើងមិននៅមួយកន្លែង។
៣. មានអារម្មណ៍ថាហត់នឿយ និងធុញទ្រាន់ជាមួយការងារ
ត្រូវស្រឡាញ់ការងារដែលអ្នកធ្វើ ហើយធ្វើការងារដែលអ្នកស្រឡាញ់។ បើអ្នកចាប់ផ្ដើមមានអារម្មណ៍ថាហត់នឿយ ធុញទ្រាន់ជាមួយការងារដែលអ្នកធ្វើរាល់ថ្ងៃហើយនោះ គួរតែសម្រាកសិនទៅព្រោះបើបន្តធ្វើទាំងបែបនោះទៀតអ្នកប៉ះពាល់ដល់សុខភាពផ្លូវចិត្តអ្នក ហើយធ្វើការក៏មិនបានល្អដែរ។
៤. មេរបស់អ្នកចាប់ផ្ដើមមិនពេញចិត្តច្រើនលើអ្នក
បើដល់ដំណាក់កាលថាធ្វើអីក៏មិនសូវពេញចិត្តគាត់ ធ្វើអីក៏មិនបានល្អក្នុងភ្នែកគាត់នោះគួរតែបញ្ឈប់ត្រឹមហ្នឹងទៅ។ ត្រង់នេះមានន័យថាពេលធ្វើល្អក៏មិនដែរសរសើរ តែបើធ្វើខុសវិញគឺចាប់គ្មានឲ្យសល់តែម្ដង។
៥. បរិយាកាសក្នុងក្រុមហ៊ុនមិនកក់ក្ដៅ
ធ្វើការជាមួយគ្នាប៉ុន្តែមិនសូវមានទំនាក់ទំនងជាមួយគ្នា មិនសូវចូលរួមជាមួយគ្នា មានន័យថាម្នាក់ៗគឺគិតតែរៀងខ្លួនមិនអើពើជាមួយគ្នាឡើយ។ ក្នុង Office មានតែការឈ្នានីស យកល្អរៀងខ្លួន ការប្រកួតប្រជាងគ្នា ជាសញ្ញាដែលមិនអាចបន្តទៀតឡើយ ដូច្នេះបើកំពុងជួបបរិយាកាសបែបហ្នឹង អ្នកគួរតែផ្លាស់ប្ដូរទៅ។
ត្រូវរកន្លែងណាដែលផ្ដល់តម្លៃឲ្យអ្នក អភិវឌ្ឍអ្នក និងធ្វើឲ្យអ្នករីករាយ មិនមែនឲ្យតែទៅដល់កន្លែងធ្វើការអារម្មណ៍អ្នកមួរម៉ៅនោះទេ៕
ចុចអាន៖បើអ្នកអាចយល់ពីរឿង ៥យ៉ាងនេះ ជីវិតអ្នកនឹងដកដង្ហើមស្រួលជាងមុន