ម្ហូប​ខ្មែរ​ពិសេស​៣​មុខ ស្រីៗ​គួរ​ចេះ​ធ្វើ​ដើម្បី​ចង​ចិត្ត​ស្វាមី

  • 2018-01-20 04:41:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ត្រី​បឹង​កញ្ឆែត

គ្រឿងផ្សំ

  • ត្រីរ៉ស់​២​ក្បាល​ លាង​ឱ្យ​ស្អាត
  • គ្រឿង​បុក​
  • កាពិ
  • ម្ទេស​ក្រៀម ចិញ្ច្រាំ​ឱ្យ​ម៉ត់
  • ខ្ទិះ​ដូង
  • ខ្ទឹម​ក្រហម ហាន់​ជា​បន្ទះ​ៗ
  • ខ្ទឹម​ស​ចិញ្ច្រាំ​ឱ្យ​ម៉ត់
  • ប្រេង​ខ្យង ម្សៅ​ស៊ុប ស្ករ​ស អំបិល
  • ទឹក​អំពិល​ទុំ
  • សណ្ដែក​ដី​បុក
  • កញ្ឆែត

វិធីធ្វើ

  • យក​ត្រី​រ៉ស់​មក​បំពង​ឱ្យ​ក្រៀម រួច​ដួស​ទុក​មួយ​អន្លើ
  • កញ្ឆែត​យក​មក​លាង​ឱ្យ​ស្អាត រួច​រៀប​ដាក់​ចាន​ឬ​ខ្ទះ​ដែល​ត្រូវ​ទទួល​ទាន និង​យក​ត្រី​ដែល​បំពង​ឆ្អិន​មក​ដាក់​ពី​លើ​កញ្ឆែត រួច​យក​ទុក​មួយ​អន្លើ
  • យក​ត្រី​រ៉ស់​មួយ​ក្បាល​ទៀត​មក​ស្ងោរ​ឱ្យ​ឆ្អិន រួច​បេះ​យក​តែ​សាច់​ត្រី ហើយ​បុក​ឱ្យ​ម៉ត់​បន្តិច (​ទឹក​ដែល​ស្ងោរ​ត្រី​ហើយ​ត្រូវ​ទុក​)
  • ដាក់​ប្រេង​ឆា​ចូល​ក្នុង​ខ្ទះ​ទុក​ឱ្យ​ក្ដៅ រួច​ដាក់​គ្រឿង​បុក ម្ទេស​ក្រៀម កាពិ ខ្ទឹម​ក្រហម ខ្ទឹមស សណ្ដែក​ដី កូរ​ឱ្យ​ឡើង​ក្រហម​ឈ្ងុយ
  • បន្ទាប់​មក​ដាក់​សាច់​ត្រី ​ប្រេង​ខ្យង ម្សៅ​ស៊ុប ស្ករស អំបិល និង​ទឹក​ស្ងោរ​ត្រី​ចូល​កូរ​ចូល​គ្នា​ឱ្យ​សព្វ រួច​ដាក់​ទឹក​អំពិល​ទុំ និង​ខ្ទិះ​ដូង​ចូល
  • ទុក​ឱ្យ​ពុះ រួច​ភ្លក់​មើល​ឱ្យ​ល្មម​តាម​ការ​ចូលចិត្ត​ ទើប​យក​មក​ស្រោច​ពី​លើ​ត្រី ដែល​យើង​បាន​រៀប​​ពី​លើ​កញ្ឆែត​មុន​នេះ​។ ម្ហូប​មួយ​មុខ​នេះ​គួរ​ញ៉ាំ​ដោយ​ដាក់​លើ​ភ្លើង​ក្ដៅៗ​ទើប​បង្កើន​រសជាតិ​កាន់​តែ​ឆ្ងាញ់។ ​

ខ​ម៉ាំ

គ្រឿងផ្សំ៖

  • ខ្ទឹម​ស​ចិញ្ច្រាំ​ឱ្យ​ល្អិត
  • ម៉ាំ​សាច់​ត្រី
  • ស្ករ​ស ប៊ី​ចេង ទឹក​ត្រី ប្រេង​ឆា
  • ត្រី​ពោធិ៍​កាត់​ជា​ដុំ​តូចៗ
  • សាច់​ជ្រូក កាត់​ជា​ដុំ​តូចៗ
  • ត្រប់​វែង កាត់​រាង​ចង្វា​មូល​
  • បន្លែ​អន្លក់​តាម​ចំណូលចិត្ត

វិធីធ្វើ៖

  • ដាក់​ឆ្នាំង​ឱ្យ​ក្តៅ ហើយ​ដាក់​ប្រេងឆា​ចូល ខ្ទឹមស ចូល​បំពង​ឱ្យ​ឡើង​ពង​អង្ក្រង ដាក់​សាច់​ជ្រូក ប៊ីចេង ស្ករស ទឹកត្រី បន្ទាប់​មក​ដាក់​សាច់​ម៉ាំ​ឆា​ចូល​កូរ​ឱ្យ​សព្វ​ចាក់​ទឹក​ចូល​ល្មម។
  • ពេល​ទឹក​សម្ល​ពុះ ដាក់​សាច់​ត្រី​​និង​​ត្រប់​ចូល រំងាស់​ឱ្យ​ឆ្អិន​បន្តិច ភ្លក់​មើល​តាម​ចូល​ចិត្ត ពេល​ឆ្អិន​​ញ៉ាំ​ផ្ទាប់​ជាមួយ​បន្លែ​អន្លក់។

ញាំ​ស្ដៅ

វិធីធ្វើ៖

  • សាច់​ជ្រូក​លាង​ឱ្យ​ស្អាត យក​ទៅ​ស្ងោរ​ឱ្យ​ឆ្អិន​ដោយ​ដាក់​ម្សៅ​ស៊ុប​បន្តិច​ចូល​ផង រួច​ស្រង់​ចេញ​មក​ហាន់​ជា​ចំណិត​តូច​ៗ​ទុក​មួយ​អន្លើ
  • យក​កំពឹស​មក​ស្រុះ​ឱ្យ​ឆ្អិន រួច​ទុក​មួយ​អន្លើ
  • យក​ប្រហុក​មក​ជ្រំ​ជាមួយ​ទឹក​ក្ដៅ​​ឱ្យ​រលាយ​
  • បន្ទាប់​មក​ដាក់​ខ្លាញ់​បន្តិច​ចូល​ក្នុង​ខ្ទះ​ទុកឱ្យ​ក្ដៅ រួច​ដាក់​ខ្ទឹម​ស​ចិញ្ច្រាំ​ចូល​បំពង​ឱ្យ​ឈ្ងុយ ហើយ​ដាក់​ទឹក​អំពិល​ទុំ​ចូល ស្ករ​ត្នោត ម្សៅ​ស៊ុប ប៊ី​ចេង ​ដាក់​ទឹក​បន្តិច​ទុក​ឱ្យ​ពុះ ទើប​ដាក់​ទឹក​ប្រហុក​ចូល រួច​ភ្លក់​មើល​ឱ្យ​ល្មម ទុក​ឱ្យ​ពុះ​ម្ដង​ទៀត​ទើប​លើក​ចេញ
  • ដល់​ពេល​ញ៉ាំ​​យក​សាច់ជ្រូក កំពឹស ស្ដៅ ត្រសក់ និង​ជី​គ្រប់​មុខ​មក​ញាំ​ចូល​គ្នា រួច​ស្រោច​ទឹក​អំពិល​ទុំ​ពី​លើ​រួច​ជា​ស្រេច​៕ ​

អត្ថបទ៖ សរ សុគន្ធី