រឿងភាគថ្មីរបស់ចៀវៃផ្សាយបានតែ២ភាគក៏ត្រូវបញ្ឈប់ព្រោះរងចោទប្រកាន់បំពុលសង្គម
- 2018-01-10 03:10:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងភាគថ្មីរបស់ចៀវៃផ្សាយបានតែ២ភាគក៏ត្រូវបញ្ឈប់ព្រោះរងចោទប្រកាន់បំពុលសង្គម
ហាក់ដូចគ្រោះចង្រៃមិនទាន់ដោះលែង តារាសម្ដែងជួរមុខតៃវ៉ាន់ Ruby Lin នៅឡើយទេ ត្បិតស្នាដៃរឿងភាគថ្មីបំផុតរបស់នាងទើបតែត្រូវឈប់បញ្ចាំង។
មុននេះបន្តិច បណ្ដាញព័ត៌មាន Sina របស់ចិនបានរាយការណ៍ថា កំពូលតារាសម្ដែងស្រី Ruby Lin ដែលជាតួឯកស្រី និងផលិតករ បានទទួលថវិកាចំនួន២០លានដុល្លារតៃវ៉ាន់ (ជាង ៦៧ម៉ឺនដុល្លារអាមេរិក) ពីក្រសួងវប្បធម៌តៃវ៉ាន់ដើម្បីផលិតរឿងនេះលក់ទៅកាន់ទីផ្សារចិនដីគោក។ មតិខ្លះបានលើកឡើងថារឿងភាគ "My Dear Boy” គឺជាវិធីផ្សព្វផ្សាយវប្បធម៌បំពុលសង្គមពីតៃវ៉ាន់ ប៉ុន្តែដើមហេតុពិតប្រាកដដែលរឿងនេះត្រូវបញ្ឈប់ចាក់ផ្សាយក្នុងប្រទេសចិនគឺដោយសារការចោទប្រកាន់ថារឿងនេះ គាំទ្រឯករាជ្យរបស់តៃវ៉ាន់ ខណៈរឿងនេះទទួលបាទុនផលិតពីរដ្ឋាភិបាលតៃវ៉ាន់។
ភ្លាមៗក្រោយនោះ មន្ទីរព័ត៌មាន និងទូរទស្សន៍ចិនបានចូលត្រួតពិនិត្យ និងស៊ើបអង្កេត ហើយក៏បានផ្អាកឈប់បញ្ចាំងរឿងថ្មីរបស់ចៀវៃបើទោះបីជាវាទើបតែចាក់ផ្សាយបានតែ២ភាគ។ មកដល់ពេលនេះ រាល់វីដេអូផ្សព្វផ្សាយរបស់រឿងនេះសុទ្ធតែត្រូវបានគេលុបចោលទាំងស្រុង។
គួរបញ្ជាក់ផងដែរថា "My Dear Boy” ត្រូវបានផលិតឡើងដោយ Ruby Studio ដែលជាក្រុមហ៊ុនរបស់ប្រពន្ធ Wallace Huo ដោយផ្ទាល់គួបផ្សំជាមួយប៉ុស្តិ៍ GTV ហើយទើបតែបង្ហាញមុខកាលពីចុងខែធ្នូប៉ុណ្ណោះមុនពេលត្រូវគេផ្អាកបញ្ចាំង៕