រឿង ១២យ៉ាងដែលអ្នកនឹងឈប់ខ្វល់ក្រោយឈានចូលដល់អាយុ៣០ឆ្នាំ
- 2018-01-08 03:32:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង ១២យ៉ាងដែលអ្នកនឹងឈប់ខ្វល់ក្រោយឈានចូលដល់អាយុ៣០ឆ្នាំ
មនុស្សមួយចំនួនធំអាចនឹងសង្កេតឃើញភាពប្រែប្រួលជាច្រើនពេលខ្លួនឈានចូលដល់អាយុ ២៧ឆ្នាំ ហើយអ្នកខ្លះទៀតអាចកើតឡើងនៅពេលពួកគាត់អាយុ៣៥ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ទង់អាយុ៣០ឆ្នាំ គឺជាកំឡុងពេលដែលស្ទើរតែមនុស្សគ្រប់គ្នានឹងជួបការប្រែប្រួល ផ្លាស់ប្ដូរយ៉ាងខ្លាំង។ វាជារឿងដែលគួរឲ្យអស់សំណើចនៅពេលដែលអ្នកក្រឡេកឃើញអតីតកាលដែលអ្នកធ្លាប់ជាក្មេងម្នាក់ ដែលតែងតែព្រួយបារម្ភ ខ្វល់ខ្វាយរឿងឥតប្រយោជន៍ជុំវិញខ្លួន។ ហើយវាពិតជារឿងដ៏អស្ចារ្យដែលវ័យ៣០ឆ្នាំ រឿងទាំង១២យ៉ាងខាងក្រោមលែងជារឿងរំខានអារម្មណ៍អ្នកដូចមុន៖
១. ហ្វេសិនថ្មីៗ
ម៉ូដសម្លៀកបំពាក់ ស្បែកជើងថ្មីៗ ឬការតុបតែងខ្លួនឲ្យទាន់សម័យកាល លែងធ្វើឲ្យអ្នកជ្រួលជ្រើមដូចមុន។
២. ឡើងគីឡូ
ឡើងតែមួយគីឡូ ធ្វើឲ្យអ្នកមួម៉ៅយ៉ាងខ្លាំងកាលពីមុន ប៉ុន្តែពេលនេះឡើងត្រឹម៣ឬ៤គីឡូឥតបញ្ហា សំខាន់អ្នកជឿជាក់លើសម្រស់ខ្លួនឯង។
៣. និយាយដើមគេ
កាលនៅក្មេង ពេលជួបមិត្តភក្ដិម្ដងៗសប្បាយនិងការស៊ីត្រាវណាស់ ប៉ុន្តែឥឡូវធុញអើយធុញ រឿងគេសោះ ហេតុអ្វីចាំបាច់ចេះដឹងអ្វីច្រើនម៉្លេះ លែងចាប់អារម្មណ៍ហើយ មិនប្រាប់ក៏ឥតខឹងដែរ។
៤. ការរំពឹងរបស់អ្នកដទៃ
ជួបមិត្តចាស់ គេនិយាយថាអ្នកមិនគួរជ្រើសរើសមុខរបរជាគ្រូកីឡាទេ ព្រោះមនុស្សពូកែដូចអ្នកអញ្ចឹងគួរតែធ្វើជាអ្នកនយោបាយបានត្រឹមត្រូវ ប៉ុន្តែអ្នកឆ្លើយតបដោយមោទនភាពថា អ្នកពិតជារីករាយជាមួយការងាររាល់ថ្ងៃនេះណាស់។
៥. គំនិតរបស់អ្នកដទៃចំពោះគូស្នេហ៍របស់អ្នក
ធ្លាប់លួចអត់ចិត្តពេលគេថាសង្សារខ្លួន ធាត់ដូចជ្រូក មិនស្អាត ដល់ឥឡូវចង់អ្នកណាថាអ្វី ក៏លែងឈឺក្បាលជាមួយដែរ។
៦. របៀបដែលអ្នកប្រារឰពិធីខួបកំណើត
ថ្ងៃខួបកំណើត ទោះគ្មានអ្នកណាធ្វើកម្មវិធីភ្ញាក់ផ្អើលឲ្យក៏មិនថ្វី សំខាន់អ្នកទិញកាដូពិសេសជូនខ្លួនឯងរួចរាល់ហើយ។
៧. ការព្យាយាមអួតគេ
ប្រើទូរស័ព្ទធម្មតាៗ មិនទាន់សម័យប៉ុន្តែមានលុយពេញកាបូប គឺជារឿងប្រសើរជាងទិញរបស់ថ្លៃមកប្រើ រួចត្រូវញ៉ាំមីចុងខែ។
៨. បណ្ដាញសង្គម
និយាយពីថារូបProfileហ្នឹង ដឹងកាលបានប្តូរថ្មីទេ ហើយរូបថ្មីៗ Statusទាក់ទាញចំណាប់អារម្មណ៍ក៏លែងសូវខ្វល់ខ្វាយPost ដូចមុនដែរ។
៩. រីករាយនិងជីវិតនៅលីវ
រង់ចាំគូព្រេងពិតដោយសន្តិភាព ព្រោះបើខ្វល់ខ្វាយច្រើន ក៏មិនដឹងជួយអ្វីបាន។
១០. របៀបដែលអ្នកស្លៀកពាក់ខែរងា
ស្លៀកក្រាស់ៗ បិតឲ្យជិតៗ កុំឲ្យតែរងាទៅ មិនចាំបាច់ព្រួយថាគេមើលឃើញចាស់ទេ បើយើងចាស់ស្រាប់ហើយហ្នឹង។
១១. ជីវិតឯកជនរបស់តារាល្បីៗ
រាល់ថ្ងៃរវល់ជាមួយការងារ រកពេលញ៉ាំបាយមិនចង់បានផង មានពេលឯណាទៅសិក្សាជីវិតឯកជនរបស់ពួកគេទៀតនោះ។
១២. គំនិត យោបល់របស់អ្នកដទៃ
បើល្អប្រាកដជាយក ប៉ុន្តែបើគំនិតឥតប្រយោជន៍ ប្រាកដជាត្រូវកាយកប់ ត្រឡប់ជាន់ហើយ សូមទោសផង គ្មានពេលទៅពិបាកចិត្តជាមួយទេ។
អាយុកាន់តែច្រើន គំនិត ទស្សនៈ ក៏កាន់តែចាស់ទុំជាងមុន។ វាជាដំណាក់កាលដែលអ្នកពិតជារីករាយជាមួយភាពឯករាជ្យផ្ទាល់ខ្លួន ដូច្នេះការប្រែប្រួលនេះ គឺពិតជាមានន័យសម្រាប់មនុស្សគ្រប់រូប។៕