៦​​​ហេតុផល​ធំ​ៗ​ដែល​នាំ​ឲ្យ​មនុស្ស​ប្រុស​មាន​ស្រី​ខាង​ក្រៅ ក្បត់​ចិត្ត​ប្រពន្ធ

  • 2018-01-07 04:59:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​ទទួល​ស្គាល់​ហើយ​ថា ភាគរយ​នៃ​ការ​ផិត​ក្បត់​របស់​មនុស្ស​ប្រុស​គឺ​ ​ច្រើន​ជាង​មនុស្ស​ស្រី​ខ្លាំង​ណាស់​។ ហើយ​អ្នក​ក៏​ប្រហែល​នៅ​តែ​មាន​ចម្ងល់ ថា​តើ​ហេតុអ្វី​មនុស្ស​ប្រុស​​​ចូលចិត្ត​រឿង​ផិត​ក្បត់​នេះ​ម្ល៉េះ?​ ពេល​ខ្លះ​​ពួកគាត់​ប្រហែល​​ជា​មាន​ហេតុផល​​​ផ្ទាល់​ខ្លួន ដែល​​យើង​ជា​មនុស្ស​ស្រី​ពិបាក​នឹង​យល់​។ ខាង​ក្រោម​នេះ​ជា​​បណ្ដុំ​ហេតុផល​​ធំ​ៗ​ចំនួន៦​ ដែល​អ្នក​​គួរ​តែ​ស្វែងយល់ ចំពោះ​បញ្ហា​ផិត​ក្បត់​​នេះ​​​​៖​

រូបតំណាង

**១. គាត់​ចាប់​ផ្ដើម​ធុញ​**

ធ្វើ​រឿង​ដដែលៗ​​ជាមួយ​អ្នក​រាល់​ថ្ងៃ ធ្វើ​ឲ្យ​គាត់​ធុញថប់​។ នៅ​ជាមួយ​គ្នា​កាន់​តែ​យូរ ទំនាក់ទំនង​ក៏​បាត់​អស់​ភាព​រំភើប​បន្តិច​ម្ដងៗ​​ ហើយ​គាត់​ក៏​គ្មាន​ឆន្ទៈ​នឹង​ស្វែងរក​ដំណោះ​ស្រាយ​ដែរ​។ ដូច្នេះ​ហើយ​ទើប​គាត់​ស្វែងរក​ភាព​ប្លែក​អារម្មណ៍​​ជាមួយ​អ្នក​ថ្មី​។​

២. ស្នេហា​មាន​បញ្ហា​ច្រើន​ពេក​

ជម្លោះ ភាព​រកាំរកូស ការ​ខ្វែង​គំនិត​គ្នា​​ច្រើន​ពេក ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​រក​សុភមង្គល​មិន​ឃើញ​។​ ដូច្នេះ​គាត់​ប្រាកដ​ជា​ត្រូវ​​ស្វែង​រក​​សេចក្ដី​សុខ​ពី​កន្លែង​ផ្សេង ហើយ​នោះ​ក៏​ជា​ស្រី​ផ្សេង ដែល​អាច​ឲ្យ​គាត់​ភ្លេច​រឿង​អាក្រក់ៗ គ្រប់​យ៉ាង​​បាន​។​

៣. ត្រូវ​បាន​អ្នក​ព្រងើយ​កន្តើយ​ដាក់​

បើ​គាត់​មាន​អារម្មណ៍​ថា​អ្នក​មិន​សូវ​ផ្ដល់​តម្លៃ​ចំពោះ​ភាព​សំខាន់​ ឬ​វត្តមាន​របស់​គាត់ គាត់​ប្រាកដ​ជា​ស្វែង​រក​វា​ពី​មនុស្ស​ស្រី​ផ្សេង​។ ថ្វី​ត្បិត​តែ​វា​ជា​រឿង​បណ្ដោះអាសន្ន តែ​មនុស្ស​ប្រុស​មិន​ស្ទាក់ស្ទើរ​នឹង​​បំពេញ​តម្រូវការ​ផ្លូវ​ចិត្ត​​របស់​ខ្លួន​មួយ​ពេល​​ឡើយ។​

៤. ចង់​បែក​ផ្លូវ​ជាមួយ​អ្នក​

បើ​គាត់​ចង់​បែក​ផ្លូវ​ជាមួយ​អ្នក​ គាត់​ប្រាកដ​ជា​ធ្វើ​រឿង​នេះ ព្រោះ​គាត់​ដឹង​​ច្បាស់​ថា​ មនុស្ស​ស្រី​​ភាគ​ច្រើន​មិន​​អាច​ទ្រាំ ឬ​អត់ឱន​ឲ្យ​ចំពោះ​​កំហុស​​មួយ​នេះ​ឡើយ​។ ចុង​ក្រោយ​អ្នក​នឹង​​ដោះលែង​គាត់​​ដូច​អ្វី​ដែល​គាត់​រំពឹង​ទុក​។​​

រូបតំណាង

៥. រក​ភាព​សប្បាយ​បន្ថែម​ជាមួយ​រឿង​លើ​គ្រែ​

មនុស្ស​ប្រុស​ដែល​មាន​តម្រូវការ​រឿង​បែប​នេះ​ខ្លាំង ប្រាកដ​ជា​ទាមទារ​ច្រើន​ពី​ដៃគូ​។ ដូច្នេះ​បើ​អ្នក​មិន​អាច​បំពេញ​តម្រូវការ​គាត់​បាន គាត់​ប្រាកដ​ជា​ស្វែងរក​​វា​បន្ថែម​ពី​មនុស្ស​ស្រី​ផ្សេង​ ដើម្បី​បំពេញ​ចំណង់​ពី​ធម្មជាតិ​របស់​គាត់​។​

៦. ប្រវត្តិ​គ្រួសារ​

ប្រសិន​គាត់​ធ្លាប់​រស់នៅ និង​​មើល​ឃើញ​ទង្វើ​បែប​នេះ​ តាំង​ពី​គាត់​នៅ​ក្មេង វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ​សម្រាប់​គាត់​។ ​ប្រវត្តិ​គ្រួសារ​ក៏​ជា​កត្តា​ដែល​ជះ​ឥទ្ធិពល​ខ្លាំង​ចំពោះ​បុគ្គលិកលក្ខណៈ​របស់​មនុស្ស​គ្រប់​គ្នា​ដែរ។

បញ្ហា​ផិត​ក្បត់​គឺ​ជា​រឿង​ដ៏​ពិបាក​លើក​លែង​ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​អ្នក​ក៏​គួរ​ដឹង​ពី​ឫសគល់​មូលហេតុ​ដែល​នាំ​ឲ្យ​រឿង​នេះ​កើត​ឡើង ហើយ​បើ​រក​ឃើញ​ថា​យើង​ក៏​មាន​ចន្លោះ​ប្រហោង​មួយ​ផ្នែក​ក្នុង​រឿង​នេះ​ដែរ ​គួរ​ព្យាយាម​ពិភាក្សា​កែប្រែ​កំហុស​រៀង​ៗ​ខ្លួន ប៉ុន្តែ​បើ​អ្នក​ប្រឹង​ប្រែង​អស់​ពី​លទ្ធភាព​ហើយ​ គាត់​នៅ​តែ​មិន​កែប្រែ​ នោះ​គឺ​ជា​រឿង​ផ្សេង​មួយ​ទៀត ៕​

ប្រភព៖ Likelovequotes ប្រែសម្រួល៖ អូន បញ្ញា