អានទៅល្អណាស់! អាថ៌កំបាំង១០យ៉ាងជួយឲ្យខួរក្បាលរឹងមាំ ឆ្លាត និងមិនសូវស្ត្រេស
- 2018-01-06 03:57:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អានទៅល្អណាស់! អាថ៌កំបាំង១០យ៉ាងជួយឲ្យខួរក្បាលរឹងមាំ ឆ្លាត និងមិនសូវស្ត្រេស
ខួរក្បាលឆ្លាត ខួរក្បាលរឹងមាំ មានសុខភាពល្អ អ្នកណាមិនចង់បាន? ព្រោះថាបើខួរក្បាលយើងមានសុខភាពល្អ ការងារ និងបញ្ហាប្រចាំថ្ងៃក្នុងជីវិតយើងនឹងអាចដោះស្រាយទៅយ៉ាងរលូន ហើយបញ្ហាស្ត្រេសដែលនាំឲ្យអាយុខ្លីក៏ត្រូវកាត់បន្ថយតាមនោះដែរ។ ថ្ងៃនេះ កញ្ញា មានអាថ៌កំបាំងក្នុងការថែទាំខួរក្បាលចំនួន ១០ចំណុច មកចែករំលែកប្រិយមិត្តទាំងអស់គ្នា។ ចង់ដឹងថាមានវិធីអ្វីខ្លះ សូមតាមដានខាងក្រោមនេះទាំងអស់គ្នា៖
១. ញ៉ាំទឹកញឹកញាប់
ខួរក្បាលគឺមានជាតិទឹកដល់ទៅ ៨៥% ដូច្នេះកោសិកាខួរក្បាលក៏ដូចជារុក្ខជាតិ ដែលត្រូវការទឹកគ្រប់គ្រាន់ដើម្បីចិញ្ចឹមជីវិត និងកុំឲ្យក្រៀមស្វិត។
២. ញ៉ាំខ្លាញ់ដែលល្អ
មនុស្សយើងភាគច្រើនមិនដឹងឡើយថា ខួរក្បាលគឺជាដុំខ្លាញ់ ដែលចាំបាច់ត្រូវបំប៉នដោយសារធាតុខ្លាញ់ដែលល្អ។ ខ្លាញ់ដែលមានផលល្អសម្រាប់សុខភាព និងខួរក្បាលមាននៅក្នុងសាច់ត្រី ទឹកសណ្ដែកសៀង និងរុក្ខជាតិផ្សេងៗ។
៣. អង្គុយសមាធិ ១២នាទី
បន្ទាប់ពីក្រោកពីគេង សូមតាំងអារម្មណ៍ និងអង្គុយសមាធិរាល់ព្រឹក មួយថ្ងៃ ១២នាទីដើម្បីឲ្យខួរក្បាលសម្រាកបានល្អបំផុត និងអាចស្រមើស្រមៃ ក៏ដូចជាបង្កើតគំនិតច្នៃប្រឌិតថ្មីៗ។
៤. ផ្ចង់ស្មារតី
ការតាំងចិត្ត យកចិត្តទុកដាក់ធ្វើអ្វីក៏ដោយ គឺប្រៀបដូចជាការដំណើរការ Program ក្នុងខួរក្បាលដូច្នោះដែរ ពោលវាគឺជាអ្វីដែលខួរក្បាលត្រូវធ្វើជារៀងរាល់ថ្ងៃ ដើម្បីការងារសម្រេចបានលទ្ធផលតាមគោលដៅ។
៥. សើចនិងញញឹមញឹកញាប់
រាល់ពេលដែលញញឹម ឬសើច រាងកាយរបស់យើងនឹងបញ្ចេញសារធាតុ Endorphins ដែលជាសារធាតុតំណាងឲ្យក្ដីសុខ។
៦. រៀនអ្វីថ្មីៗរាល់ថ្ងៃ
អ្វីដែលថ្មីនៅទីនេះ សំដៅលើគ្រប់យ៉ាងដែលកើតឡើងក្នុងជីវិតប្រចាំថ្ងៃរបស់យើង ដូចជាញ៉ាំអាហារហាងថ្មីៗ ស្គាល់មិត្តថ្មី អានសៀវភៅថ្មីៗ ដែលពង្រឹងការយល់ដឹងកាន់តែច្រើនឲ្យយើង និងពង្រីកភាពច្នៃប្រឌិត តាមរយៈក្ដីសុខដែលទទួលបានពីបទពិសោធន៍ថ្មីៗទាំងនេះ។
៧. អភ័យទោសខ្លួនឯងរាល់ថ្ងៃ
ទាំងការខឹងខ្លួនឯង និងខឹងអ្នកដទៃគឺសុទ្ធតែធ្វើឲ្យខួរក្បាលអាប់អួ ដូច្នេះត្រូវរៀនអភ័យទោសឲ្យបានច្រើន។
៨. សរសេរកំណត់ហេតុ
កត់ត្រាទុកនូវអ្វីល្អៗដែលកើតឡើងក្នុងមួយថ្ងៃៗ ចូលក្នុងសៀវភៅកំណត់ហេតុរបស់អ្នក ព្រោះការសរសេរនូវរឿងល្អៗ នឹងធ្វើឲ្យខួរក្បាលរបស់យើងគិតរឿងវិជ្ជមាន និងជួយឲ្យយើងគេងលក់សុបិនល្អ។
៩. ហាត់ដកដង្ហើមវែងៗ
ខួរក្បាលរបស់យើងប្រើអុកស៊ីហ្សែន ពី ២០ទៅ២៥% នៃអុកស៊ីហ្សែនដែលចូលក្នុងរាងកាយ ដូច្នេះការសម្រាកដកដង្ហើមវែងៗ គឺជាការផ្ដល់ផលល្អមួយសម្រាប់ខួរក្បាល។
១០. កុំភ្លេចចែករំលែកអ្វីល្អៗ
ឲ្យអ្នកដទៃជានិច្ច ព្រោះវានឹងធ្វើឲ្យខួរក្បាលរបស់យើងចងចាំទុកនូវរឿងរ៉ាវល្អៗដែលយើងបានផ្ដល់ទៅឲ្យអ្នកដទៃនោះ ៕