ស្អាតសង្ហាយ៉ាងណាក៏ដោយ បើមានចរិត ៦យ៉ាងនេះហើយ ប្រាកដគ្មានអ្នកចង់រាប់អាន
- 2017-12-29 09:38:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្អាតសង្ហាយ៉ាងណាក៏ដោយ បើមានចរិត ៦យ៉ាងនេះហើយ ប្រាកដគ្មានអ្នកចង់រាប់អាន
បើទោះបីមានមនុស្សច្រើនព្រមទទួលយកនូវចរិតពិតរបស់យើង ប៉ុន្តែក៏មានទង្វើមួយចំនួនដែរដែលអាចឲ្យពួកគេចង់នៅឆ្ងាយពីយើង ឬមិនចង់រាប់អានតែម្ដង។ ថ្ងៃនេះ កញ្ញា សូមបង្ហាញពីទង្វើ ឬទម្លាប់មួយចំនួនដែលអាចធ្វើឲ្យអ្នកនៅជុំវិញខ្លួនអ្នកមានអារម្មណ៍នឿយណាយ ទើសទាល់ រហូតលែងហ៊ានរាប់អានអ្នក។
១. ចូលចិត្តរើសដាក់ខ្លួន
ជីវិតពិតជាលំបាក ប៉ុន្តែការយកគ្រប់យ៉ាងមកគិតនោះនឹងធ្វើឲ្យជីវិតយើងកាន់តែលំបាកលើសដើម ដូចជា ចៅហ្វាយនាយបានផ្ដល់ការងារដែលអ្នកចង់ធ្វើឲ្យទៅមិត្តរួមការងាររបស់អ្នក ហើយអ្វីដែលអ្នកគិតចំពោះហេតុការណ៍នោះគឺ អ្នកគឺជាបុគ្គលិកមិនល្អ ឬការដែលមិត្តរបស់អ្នកសុំការណែនាំពីអ្នកដទៃ គឺបង្ហាញថាអ្នកគឺជាមិត្តដែលមិនអាចទុកចិត្តបានជាដើម។
ដំណោះស្រាយ៖
ថយក្រោយមួយជំហានហើយពិចារណាឡើងវិញឲ្យល្អិតល្អន់
កុំប្រញាប់វាយតម្លៃ
សាកល្បងសម្លឹងមើលបញ្ហាដោយយកចិត្តអ្នកដទៃដាក់ក្នុងចិត្តអ្នក
បើត្រូវប្រឈមមុខនឹងបញ្ហា ត្រូវត្រៀមខ្លួនឲ្យបានល្អ និងធ្វើចិត្តឲ្យស្រស់ថ្លា។
២. ពូកែច្រណែន
ការច្រណែនបន្តិចបន្តួចដែលកសាងកម្លាំងចិត្តអ្នកឲ្យខំប្រឹងគឺជារឿងល្អ ប៉ុន្តែបើច្រណែនខ្លាំងពេកនោះគឺមិនល្អឡើយ ជាពិសេសការច្រណែនបងប្អូន និងមិត្តភ័ក្ដិរបស់ខ្លួនតែម្ដង។ ក្រៅពីនេះការច្រណែនធ្វើឲ្យយើងក្លាយជាមនុស្សមិនល្អបាត់ហើយក្នុងកែវភ្នែកអ្នកដទៃ។
ដំណោះស្រាយ៖
ស្មោះត្រង់នឹងខ្លួនឯង ហើយស្វែងរកថាឬសគល់នៃការច្រណែននោះកើតចេញពីណា
កត់ត្រារឿងរ៉ាវផ្សេងៗក្នុងជីវិតដែលធ្វើឲ្យអ្នកសប្បាយចិត្ត
ផ្លាស់ប្ដូរភាពច្រណែនមកជាកម្លាំងជំរុញចិត្តដើម្បីអភិវឌ្ឍខ្លួនឯង
ស្វែងរកមនុស្សដែលអ្នកទុកចិត្តមកជួយប្រឹក្សាពាក់ព័ន្ធអារម្មណ៍របស់អ្នក
៣. ត្រូវការចំណាប់អារម្មណ៍ពីអ្នកដទៃគ្រប់ពេល
ចំនួន Like និង Comment លើ Status ដែលអ្នកផុសមិនបានបង្ហាញថាអ្នកជាមនុស្សគួរឲ្យស្រឡាញ់ប៉ុណ្ណានោះទេ។ អ្នកអាចទទួលបានក្ដីស្រឡាញ់ និងការទទួលស្គាល់ពិតប្រាកដគឺអាស្រ័យថាតើអ្នកមានអារម្មណ៍ចំពោះខ្លួនឯងយ៉ាងណា ជាជាងគិតថាអ្នកដទៃគិតចំពោះអ្នកយ៉ាងណាឡើយ។
ដំណោះស្រាយ៖
ស្វែងរកការកម្សាន្តថ្មីៗ ដើម្បីកាត់បន្ថយពេលវេលាពីបណ្ដាញសង្គម
មានសមាធិជាមួយការងារផ្សេងៗដែលមានសារសំខាន់សម្រាប់អ្នក ជំនួសឲ្យការស្វែងរកការទទួលស្គាល់ពីអ្នកដទៃ
ចងចាំអារម្មណ៍ខ្លួនឯងថាពិបាកប៉ុណ្ណាពេលចង់ពឹងអ្នកដទៃ ហើយជម្រុះគំនិតអវិជ្ជមានចេញ។
៤. និយាយយកឈ្នះ មិនព្រមទទួលយកការរិះគន់បែបកែលម្អ
គ្មាននរណាម្នាក់លើលោកនេះដែលល្អគ្រប់យ៉ាងនោះទេ។ ការឈឺចាប់ដែលកើតចេញពីការទទួលយកចំណុចខ្វះខាតរបស់ខ្លួនឯងចាត់ទុកថាជាភាពរឹងមាំមួយ។ ការបដិសេធការរិះគន់នឹងរារាំងការរីកចម្រើនរបស់ខ្លួន។ ភាពជោគជ័យនៃទំនាក់ទំនងគ្រប់ប្រភេទគឺអាស្រ័យទៅលើសមត្ថភាពក្នុងការទាក់ទង និងការទទួលយកយោបល់គ្នាទាំងយោបល់វិជ្ជមាន និងយោបល់អវិជ្ជមាន។
ដំណោះស្រាយ៖
ត្រូវចងចាំថាការរិះគន់ក្នុងផ្លូវអវិជ្ជមានមានប្រយោជន៍ច្រើន
ត្រូវពិចារណាស្ថានភាពជារួម និងបរិបទនៃការសន្ទនាមុននឹងឆ្លើយតបទៅវិញ
ប្រុងប្រយ័ត្នឥរិយាបថរបស់ខ្លួនឯងពេលទទួលយកពាក្យរិះគន់
តាំងចិត្តស្ដាប់ និងធ្វើការផ្លាស់ប្ដូរ ប្រសិនបើចាំបាច់។
៥. ចូលចិត្តធ្វើខ្លួនជាជនរងគ្រោះ
អ្នកអាចនឹងជួបបញ្ហាមិនឈប់មិនឈរ ហើយការរវល់តែរអ៊ូក៏ធ្វើឲ្យអ្នកអស់កម្លាំងតស៊ូជាមួយបញ្ហាបន្ត។ ដូច្នេះត្រូវដឹងថាការគិតអវិជ្ជមានគឺជាអ្វីដែលគ្រប់គ្រងការគិត និងរារាំងមិនឲ្យអ្នករីកចម្រើនបានឡើយ។ នៅពេលជួបបញ្ហា មិនប្រាកដថាមានតែអ្នកឡើយដែលជួបការពិបាក ឬជាជនរងគ្រោះ ប៉ុន្តែអ្នកដទៃក៏ដូចគ្នា ដូច្នេះបើអ្នកព្យាយាមយកត្រូវតែម្នាក់ឯងរហូត គឺពិបាកហើយ។
ដំណោះស្រាយ៖
បណ្ដោយឲ្យខ្លួនកើតទុក្ខមួយរយៈ បន្ទាប់មកត្រូវគ្រោងចាប់ផ្ដើមធ្វើអ្វីម្យ៉ាង
ឈប់បន្ទោសអ្នកដទៃពេលខ្លួនជួបបញ្ហាអាក្រក់
ជឿថាខ្លួនឯងអាចកែប្រែស្ថានការណ៍បាន មិនថាលើសពីការគ្រប់គ្រងរបស់អ្នកឬអត់ក៏ដោយ។
៦. ចូលចិត្តនិយាយអាក្រក់ពីអ្នកដទៃ
មនុស្សដែលមានការគិតវិជ្ជមាននឹងមិនឆ្កឹះឆ្កៀល ជាន់ពន្លិចអ្នកដទៃដើម្បីឲ្យខ្លួនឲ្យខ្លួនឯងឡើងខ្ពស់នោះទេ។ ដូច្នេះអ្នកគួរយកពេលមកផ្ដោតលើគោលដៅរបស់ខ្លួនឯង និងផ្ដល់កម្លាំងចិត្តដល់អ្នកកំពុងប្រឹងប្រែងដូចគ្នាវិញ មិនយូរមិនឆាប់អ្នកនឹងដឹងថា អ្នកគ្មានពេលវេលានិយាយដើមអ្នកដទៃឡើយ ដោយសារអ្នករវល់តែមមាញឹកនឹងការងារសំខាន់ៗរបស់ខ្លួនឯង។
ដំណោះស្រាយ៖
រក្សាភាពស្ងៀមស្ងាត់ ឬនិយាយដោយត្រង់ថាខ្ញុំសុំមិននិយាយពីអ្នកដទៃ
ស្វែងរកមូលហេតុថាហេតុអ្វីអ្នកមិនចូលចិត្តនិយាយដើមអ្នកដទៃ
ព្យាយាមផ្លាស់ប្ដូរប្រធានបទសន្ទនា
និយាយពីចំណុចល្អរបស់មនុស្សដែលត្រូវគេនិយាយដើម ជំនួសឲ្យការចាក់ចេកចាក់ស្ករ ៕