នារីប្រភេទណា ដែលមហាសេដ្ឋីប្រាថ្នាចង់បានជាភរិយា?
- 2017-10-24 04:17:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីប្រភេទណា ដែលមហាសេដ្ឋីប្រាថ្នាចង់បានជាភរិយា?
នារីណាមិនប្រាថ្នាប្ដីមានជីវភាពធូរធារ ព្រោះថានាងស្រមៃមើលដល់អនាគតដែលមិនចង់រស់នៅមានជីវភាពលំបាកលំបិន។ តែមិនមែនមនុស្សស្រីទាំងអស់គ្នា ប្រាថ្នាហើយបានសម្រេចដូចបំណងនោះទេ។ ជាក់ស្ដែងមនុស្សប្រុសដែលមានទ្រព្យសម្បត្តិស្តុកស្ដម្ភ រមែងមានលក្ខខណ្ឌជាច្រើនក្នុងការរើសគូរស្រករ។ ទាំងនេះជាលក្ខណៈស្ត្រី ដែលប្ដីមហាសេដ្ឋីប្រាថ្នាចង់បាន៖
១.រូបសម្បត្តិស្រស់ស្អាត
មិនខុសអីពីពាក្យស្លោកក្នុងរឿងភាគចិនពោលថា៖ «អ្នកក្លាហានឆ្លងមិនផុតពីដំណាក់ស្រីស្អាត» សម្រស់ស្រស់ស្អាត គឺជាកត្តាធំមួយដែលទាក់ទាញភ្នែក និងបេះដូងបុរសអ្នកមាន។ នាងត្រូវតែជានារីក្មេងដែលមានរាងខ្ពស់ស្រឡូន មុខមាត់ស្អាតបាត និងមានសំដីសំដៅទន់ភ្លន់។
២.មានជីវភាពមិនសូវធូរធារក៏បាន
ពិតណាស់ ប្រុសអ្នកមានមិនត្រូវការស្រីដែលមកពីគ្រួសារអ្នកមានដូចគ្នាទៀតទេ។ ព្រោះគេត្រូវការស្ត្រីដែលចេះយល់ និងថ្នាក់ថ្នមចិត្តគេ ជាជាងនារីអ្នកមានដែលត្រូវការគេយល់ចិត្តនាងទៅវិញ។ម៉្យាងទៀត គេជ្រើសរើសនារីឋានៈទាបជាងខ្លួន ព្រោះគេនឹងមានសិទ្ធក្នុងការសម្រេចចិត្តធំជាងនាង។
៣.ស្រីដែលមានចិត្តធ្ងន់ចេះអត់ធ្មត់ខ្លាំង
ប្ដីសេដ្ឋីចង់បានប្រពន្ធដែលចេះអត់ធ្មត់ និងមិនឆេវឆាវ។ និយាយរួមទៅមិនថាតែសេដ្ឋីទេ បុរសទូទៅក៏ដូចគ្នាតែងចង់បានស្រីដែលមានភាពអំណត់ និងចេះគិតគូរបានវែងឆ្ងាយផងដែរ។ តែអ្នកមានគឺចង់បានភរិយាប្រភេទនេះខ្លាំង ដោយសារតែគេមានកេរ្តិ៍ឈ្មោះ និងកិត្តិយសបើយកនារីឆេវឆាវមក ហើយពេលនាងខឹងមួយពេលនោះអាចធ្វើឲ្យគេខូចឈ្មោះ ព្រមទាំងខាតប្រយោជន៍ច្រើនទៀតផង។
៤.ចេះយកពេលមកចំណាយជីវិតឲ្យស៊ីវិល័យ
គេត្រូវការស្រីៗចេះដឹង ចេះអត់ធ្មត់ តែមិនមែនចេះដឹងជ្រុលរហូតក្លាយជាមនុស្សចាស់គំរឹលនោះទេ។ អ្នកមានចង់បានប្រពន្ធដែលចេះប្រើជីវិតឲ្យហ៊ឺហា ព្រោះមើលទៅវាអាចឆ្លុះបញ្ចាំងពីភាពជោគជ័យរបស់គេ ដែលជាអ្នកមានសមត្ថភាពនិងលទ្ធភាព អាចផ្ដល់ឲ្យនាងនូវជីវិតបែបនោះ៕
ចុចអាន៖ប្រពន្ធមានលក្ខណៈសម្បត្តិ ៥ យ៉ាងនេះ ជាទីមោទនភាពរបស់ស្វាមីគ្រប់រូប