បច្ចុប្បន្នបង្គាប់ត្រឹមថ្លៃទឹកដោះសោះថាពិបាក បើដឹងពីដើមវិញបានដឹងថាដាច់ផ្ងារ
- 2017-10-18 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បច្ចុប្បន្នបង្គាប់ត្រឹមថ្លៃទឹកដោះសោះថាពិបាក បើដឹងពីដើមវិញបានដឹងថាដាច់ផ្ងារ
ក្នុងពិធីមង្គលការបច្ចុប្បន្នមុននឹងឈានដល់ដំណាក់កាលរៀបការជាមួយគ្នា ខាងស្រីតែងបង្គាប់ថ្លៃបណ្ណាការឬថ្លៃទឹកដោះ ទៅខាងប្រុស ដើម្បីជាការផ្ដល់តម្លៃ និងបញ្ជាក់ពីភាពស្មោះស្ម័គ្រ។ ថ្លៃទឹកដោះនេះបានចោទជាបញ្ហាមួយដល់ខាងប្រុស ឱ្យតែចង់បានប្រពន្ធត្រូវតែខិតខំសន្សំលុយ ហើយពេលមានអ្នកខ្លះសឹងតែមិនហ៊ានយកប្រពន្ធព្រោះគ្មានលុយថ្លៃទឹកដោះនេះទៀតផង។ ងាកទៅកាលជំនាន់ដើមក្នុងសង្គមខ្មែរវិញ គឺកាន់តែលំបាកជាងបច្ចុប្បន្នទៅទៀត។ កាលពីដើមតើគ្រួសារខាងស្រី បង្គាប់ឱ្យគ្រួសារខាងប្រុសធ្វើអ្វីខ្លះ?
**១.បង្គាប់ឱ្យសង់ផ្ទះ**
តាំងពីជំនាន់ដើមរៀងមកគ្រួសារខ្មែរ តែងបង្គាប់ឱ្យគ្រួសារខាងប្រុសសង់ផ្ទះ ព្រោះតាមទម្លាប់ខ្មែរយើង ពេលណារៀបការឱ្យកូនស្រីហើយ ឪពុកម្ដាយតម្រូវឱ្យគូស្វាមីបែកចេញទៅរស់នៅដោយឡែកក្នុងផ្ទះរបស់ខ្លួន។ តាមទំនៀមទម្លាប់ខ្មែរ ការបំបែកគ្រួសារនេះ ដើម្បីពង្វាតទឹកដី ដែលមានតាំងពីសម័យនគរភ្នំមកម្ល៉េះ។
តាមរយៈលោកមេបា ជាតំណាងគ្រួសារខាងស្រី ឬឪពុកម្ដាយផ្ទាល់ បង្គាប់ឱ្យគ្រួសារខាងប្រុសសង់ផ្ទះបែបបុរាណខ្មែរដូចជា រោងដោលហប់ពីរ ផ្ទះប៉ិត ផ្ទះកន្តាំង ជាដើមទៅតាមលទ្ធភាពរបស់ខ្លួន ចង់សង់ផ្ទះប្រភេទណាមួយក៏បាន។
២.បង្គាប់ឱ្យធ្វើឧបករណ៍ ឬវត្ថុផ្សេងៗ
ដើម្បីសាកល្បងពីសមត្ថភាព និងចំណេះដឹងខាងប្រុស ថាអាចចិញ្ចឹមកូនស្រីគេរស់ឬក៏អត់ គ្រួសារខាងស្រីតែងបង្គាប់ឱ្យកូនកំឡោះនោះធ្វើឧបករណ៍ផ្សេងៗ ដើម្បីប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃដូចជា៖ រទេះ រនាស់ នង្គ័ល កីតម្បាញ កញ្ជើ ល្បី ។ល។ បើធ្វើបានទើបខាងប្រុស អាចរៀបការជាមួយកូនក្រមុំគេបាន ហើយការដែលធ្វើនោះមិនមែនចេះតែធ្វើឱ្យរួចពីដៃនោះទេ គឺត្រូវផ្ចិតផ្ចង់ឱ្យបានស្អាតទៀតផង។
៣.បង្គាប់គ្រឿងអលង្ការ
ក្រៅពីបង្គាប់ឱ្យធ្វើឧបករណ៍ប្រើប្រាស់ជារបៀបកសិករហើយនោះ ក៏ឆ្លងចូលដល់ការបង្គាប់ជាគ្រឿងអលង្ការធ្វើពីមាសដូចជា៖ ខ្សែក ខ្សែដៃ ចិញ្ចៀន ក្រវិល ខ្សែចង្កេះ ខ្សែឆៀង។ល។ ការបង្គាប់តិចច្រើន គឺអាស្រ័យលើលទ្ធភាពខាងដន្លងផងដែរ ថាអាចមានលទ្ធភាពកម្រិតណា។ មិនតែប៉ុណ្ណោះក្រៅពីគ្រឿងអលង្ការហើយនោះ មានបង្គាប់សំលៀកបំពាក់ផ្សេងៗទៀត មានហូល ផាមួង សារបាប់ ក្រនៀវ ក្បិន អាវព្រេ ក្រម៉ាសូត្រ ក្រណាត់ថ្លៃៗជាដើម។
៤.បង្គាប់គ្រឿងភស្តុភារបណ្ណាការ
បន្ទាប់ពីបង្គាប់ជាច្រើនរួចមកហើយនោះ គឺចូលដល់ថ្ងៃ ខែ ដែលកំណត់សម្រេចយក ដើម្បីរៀបចំមង្គលការឱ្យកូនប្រុសស្រី។ លោកមេបាបង្គាប់ភស្តុភារបណ្ណាការដូចជា៖ ស្លាពាន់ម្លូពាន់ ថ្នាំ៣នាឡិ ស្លាជ្វា៣នាឡិកន្លះ កំបោរ២ក្អម អង្ករខ្សាយ ៣តៅ អង្ករដំណើប១ថាំង(២តៅ) ត្រីស្រស់៧ស្នែង ត្រីងៀត ១៥កន្ទុយ ត្រីឆ្អើរ ១៥ចង្កាក់ មាន់ ៣០ក្បាល ទា១៥ក្បាល ប្រហុក ៥នាឡិ អំបិល ១ពាងតូច ស្រា ៤ក្អម ស្រាពពុះ ១ក្អម នំចំណីផ្លែឈើ ៣៦មុខ( ១មុខ ១ស្លឹក ៥ផ្លូន)។ នេះជាការបង្គាប់ទុកសម្រាប់ឱ្យចៅមហាជូនមេបានៅថ្ងៃមង្គលការធំ៕
ចុចអាន៖សុគន្ធ និសា ប្រកាសចូលរោងការនៅខែ....
ប្រភព៖ អាពាហ៍ពិពាហ៍ខ្មែរ