សម័យឥឡូវស្រីៗស្លៀកពាក់ពណ៌ខ្មៅទៅញ៉ាំការ ក្លាយជារឿងធម្មតាទៅហើយ!
- 2016-12-30 03:34:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម័យឥឡូវស្រីៗស្លៀកពាក់ពណ៌ខ្មៅទៅញ៉ាំការ ក្លាយជារឿងធម្មតាទៅហើយ!
ពីមុនគេតែងប្រកាន់ពីពណ៌សំលៀកបំពាក់សម្រាប់ចូលរួមមង្គលការខ្លាំងណាស់។ ជាពិសេសគឺពណ៌ខ្មៅនេះឯង ព្រោះគេយល់ថាពណ៌នេះសម្រាប់តែចូលរួមពិធីបុណ្យសពប៉ុណ្ណោះ។
“សម័យឥឡូវស្រីៗស្លៀកពាក់ពណ៌ខ្មៅទៅញ៉ាំការ ក្លាយជារឿងធម្មតាទៅហើយ គ្មានអ្វីចម្លែកផង ហើយក៏គ្មានអីគួរឲ្យប្រកាន់ដែរ ខ្ញុំធ្លាប់ស្លៀក ៥-៦ដងដែរ និងឃើញស្រីៗដទៃក៏គេស្លៀកទៅដែរ។” នេះជាការលើកឡើងរបស់កញ្ញា កែវ និមល។ និស្សិតផ្នែកស្ថាបត្យកម្មរូបនេះបន្តថា រ៉ូបពណ៌ខ្មៅស្លៀកពេលយប់ជួយលើកសាច់ស្ត្រីឲ្យកាន់តែមានពន្លឺ ។ "ខ្ញុំមិនមែនឲ្យតែទៅការគេគឺស្លៀករ៉ូបពណ៌នឹងទេ តែពេលខ្លះយកពណ៌នឹង ព្រោះមើលទៅស្រស់ស្អាត ហើយសិចស៊ីទៀត។”
ចំណែកនិស្សិតសាកលវិទ្យាល័យន័រតុន លីហ្សា ថា បច្ចុប្បន្នសំលៀកបំពាក់ពណ៌អ្វីក៏គេមិនប្រកាន់ដែរ ជាពិសេសពណ៌ ស ខ្មៅនេះគឺមានភាពពេញនិយមពីសំណាក់មិត្តៗស្ត្រីដែលមានរូបរាងស្រឡូនស្អាត។ "ខ្ញុំឃើញគេស្លៀកពណ៌ខ្មៅទៅញ៉ាំការច្រើនគ្នាណាស់ ដូចជាគ្មានអីខុសផង។” យុវតីវ័យ ២២ ឆ្នាំបន្ថែមថា បើងាកទៅមើលទៅបណ្ដាប្រទេសដទៃស្ត្រីទាំងនោះ ក៏គេចូលចិត្តស្លៀកពណ៌នេះដែរ។
“ខ្ញុំមិនដឹងថាខុស ឬអត់ត្រូវទេ តែខ្ញុំធ្លាប់ ហើយក៏ឃើញគេស្លៀករ៉ូបខ្មៅទៅការច្រើនគ្នាណាស់ មើលទៅស្អាតតើ។” នេះជាសម្ដីអ្នកគ្រូ លក្ខណ័ ។ អ្នកគ្រូបន្តថា នាងក៏ធ្លាប់ម្ដាយហាមឃាត់មិនឲ្យស្លៀកពណ៌ខ្មៅទៅចូលរួមមង្គលការ ព្រោះថាពណ៌នេះមិនសមរម្យសម្រាប់មង្គលការទេ។ "ចាស់ៗគាត់ឃើញយើងស្លៀកពាក់ខ្មៅទៅការ គាត់ខ្លាចគេថាឲ្យយើងពាក់មិនមើលកម្មវិធី ហើយគេថាពណ៌នេះសម្រាប់ចូលរួមបុណ្យសពទើបល្អ”។
ស្រីលក្ខណ័ បានបន្ថែមថា តែសម្រាប់នាងមិនខ្វល់ឡើយ ព្រោះធ្លាប់ឃើញតារាៗក៏ស្លៀកខ្មៅទៅការដែរ ហើយនារីៗពេលស្លៀកពណ៌នេះស្រស់ស្អាតប្លែកពីពណ៌ដិតៗ និងពណ៌ស្រស់។
“ពណ៌ខ្មៅជាពណ៌ Classic ធ្វើឲ្យស្រ្តីមើលទៅថ្លៃថ្នូរ ខ្ពង់ខ្ពស់តែម្ដង ហើយពណ៌នេះនៅប៉ែកអឺរ៉ុបវិញគេមិនដែលប្រកាន់ថាស្លៀកទៅកម្មវិធីអ្វីនោះទេ គឺគេស្លៀកបានគ្រប់ពេលតែម្ដង។ តែនៅប្រទេសយើងមិនទាន់ផុសផុលខ្លាំងប៉ុន្មានទេ”។ នេះជាទស្សនៈ ពុធ សុរ៉ានី បុគ្គលិកផ្នែកទីផ្សាររបស់ក្រុមហ៊ុនឯកជន។ កញ្ញាបន្ថែមថា ម៉ូដខោអាវពណ៌ខ្មៅបូករួមជាមួយនឹងការតុបតែងមុខ និងគ្រឿងអលង្ការផ្សេងទៀត ទើបអាចវិនិច្ឆ័យបានថា តើគេសមស្លៀកទៅកម្មវិធីមួយណា បុណ្យសព ឬមង្គលការ។ តែចំពោះយុវតីវ័យ ២៧ ឆ្នាំយល់ឃើញថា ការស្លៀកខ្មៅទៅការគ្មានខុសឆ្គងអ្វី តែរឹតតែស្រស់ស្អាតទៅវិញទេ៕
ចុះប្រិយមិត្តនារីដទៃគិតថាពណ៌ខ្មៅគួរស្លៀកទៅការគេអត់?