របៀបគូរត្រេ និងកន្ទុយភ្នែកឱ្យមើលទៅស្អាតឥតខ្ចោះ
- 2016-12-26 05:09:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបគូរត្រេ និងកន្ទុយភ្នែកឱ្យមើលទៅស្អាតឥតខ្ចោះ
ការគូរត្រេភ្នែក និងកន្ទុយភ្នែកជារឿងដែលស្មុគស្មាញបន្តិចសម្រាប់មិត្តនារីទាំងឡាយ។ ប៉ុន្តែតាមពិតទៅវាមិនពិបាកប៉ុន្មានឡើយប្រសិនបើអ្នកទាំងអស់គ្នាដឹងពីរបៀបដ៏ត្រឹមត្រូវបំផុតក្នុងការគូរដើម្បីទទួលបានត្រេភ្នែក និងកន្ទុយភ្នែកដែលស័ក្ដិសមបំផុតសម្រាប់ផ្ទៃមុខរបស់អ្នក។ ៤ ចំណុចខាងក្រោមនេះពិតជាអាចជួយអ្នកទាំងអស់គ្នាបានមែនណា៎៖
១. បិទស្កុតដើម្បីងាយស្រួលគូរកន្ទុយភ្នែក វាពិតជាមានភាពងាយស្រួលខ្លាំងណាស់ក្នុងការគូរកន្ទុយភ្នែកដោយដំបូងឡើយអ្នកត្រូវយកស្កុតក្នុងប្រវែងដ៏សមល្មមមកបិទនៅលើដៃរបស់អ្នកជាមុនសិន សឹមយកទៅបិទលើកន្ទុយភ្នែកដើម្បីកុំឱ្យវាស្អិតខ្លាំងពេក និងបង្កលក្ខណៈងាយស្រួលក្នុងការបកចេញពីភ្នែកផងដែរ។ បន្ទាប់មកយកស្កុតទៅបិទបញ្ឆិតឡើងលើឱ្យដល់ចុងនៃកន្ទុយចិញ្ចើមរបស់អ្នក។
២. គូរកន្ទុយភ្នែកមុនគេបង្អស់ ផលិតផលគូរត្រេភ្នែក និងកន្ទុយភ្នែកប្រភេទទឹកនឹងផ្ដល់ជូនអ្នកនូវភាពងាយស្រួលក្នុងការគូរ និងមិនកកដុំៗឡើយ។ ចូរគូរដោយចាប់ផ្ដើមចេញពី ១ ភាគ ៣ នៃត្រេភ្នែកទាំងមូល គូរវាសឡើងលើតាមគែមស្កុតក្នុងប្រវែងប្រហែល ១ សង់ទីម៉ែត្រកន្លះ។ ទុកឱ្យស្ងួតក្នុងរយៈពេលប្រហែល ៣០ វិនាទី បន្ទាប់មកបកស្កុតចេញ។
៣. គូរបង្ហើយត្រេភ្នែកដែលនៅសល់ ចាប់ផ្ដើមពីកន្លែងដែលអ្នកគូរដំបូងដោយគូរចូលក្នុងបន្តិចម្ដងៗ ដាច់ៗពីគ្នារហូតដល់ចុងនៃដើមភ្នែក។ គូសភ្ជាប់គ្នាពីដើមភ្នែកដល់ចុងកន្ទុយភ្នែកចំនួន ១ ដង ទៅ ២ ដង ដើម្បីឱ្យត្រេភ្នែក និងកន្ទុយភ្នែកមើលទៅស្មើគ្នា មិនតូច មិនធំ។
៤. បន្ថែមភាពស្រស់ស្អាតដល់ផ្ទៃមុខទាំងមូល រោមភ្នែកដែលមានពណ៌ខ្មៅ និងរលោងពិតជាធ្វើឱ្យភ្នែករបស់អ្នកមើលទៅកាន់តែធំ ដូច្នេះកុំភ្លេចលាបម៉ាស្ការ៉ាបន្ថែមដើម្បីឱ្យរោមភ្នែកកាន់តែក្រាស់។ បន្ទាប់មកអ្វីដែលអ្នកត្រូវធ្វើនោះគឺផាត់ថ្ពាល់ពណ៌កូឡាបដ៏ស្រស់ស្អាត និងជ្រើសរើសប្រើក្រែមដែលមានពណ៌ស្រាលៗដើម្បីផ្ទៃមុខដ៏ស្រស់ផូរផង់៕