វិធីបំបាត់មុខប្រហោងបានដោយខ្លួនឯងនៅផ្ទះ

  • 2016-12-20 04:19:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រហោងធំៗ​ដែល​មាន​នៅ​លើ​ថ្ពាល់ និង​ច្រមុះ​ធ្វើ​ឱ្យ​អ្នក​មើល​ទៅ​មិន​មាន​សុខភាព​ល្អ ហើយ​ថែម​ទាំង​ចាស់​ជាង​វ័យ​ផង​ដែរ។មនុស្ស​ជា​ច្រើន​បាន​ចំណាយ​ប្រាក់​កាស​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដើម្បី​ទិញ​ផលិតផល​ថ្លៃៗ​ក្នុង​គោល​បំណង​ដើម្បី​បំបាត់​មុខ​ប្រហោង​ដ៏​អាក្រក់​មើលនេះ។ សម្រាប់​អ្នក​មិន​សូវ​មាន​លុយ ពេលនេះ​យើង​នឹង​បង្ហាញ​ជូន​​អ្នក​នូវ​វិធីសាស្ត្រ​ដែល​អ្នក​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​បាន​នៅ​ផ្ទះ ហើយ​ថែម​ទាំង​មិន​ចាំបាច់​ចំណាយ​ថវិកា​ច្រើន​ផង​ដែរ។

តោះ! វិធីសាស្រ្ត​ដ៏​ពិសេសៗ​មាន​នៅ​ខាងក្រោម​នេះ​ឯង៖

ទឹកកក៖ ខណៈ​ដែល​ទឹកកក​ត្រជាក់​ខ្លាំង វា​ពិត​ជា​ជួយ​ឱ្យ​ស្បែក​របស់​អ្នក​រក្សា​បាន​នូវ​ភាព​ត្រជាក់ ហើយ​ជួយ​កាត់​បន្ថយ​ប្រហោង​ធំៗ​ដែល​កើត​មាន​នៅ​លើ​ស្បែក​មុខ។ វា​អាច​ជួយ​ការពារ​ស្បែក​ពី​ផល​ប៉ះពាល់​ដោយ​កត្តា​បរិស្ថាន​ផ្សេងៗ​ផង​ដែរ។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​យក​ដុំ​ទឹកកក​មក​ត្រដុស​លើ​ផ្ទៃ​មុខ មុន​ពេល​ចូល​គេង​ជា​រៀង​រាល់​យប់។

`

ទឹកខ្មេះ​ផ្លែ​ប៉ោម៖ វាជួយ​ធ្វើ​ឱ្យ​ស្បែក​មុខ​តឹង ថែម​ទាំង​មាន​កម្រិត pH ស័ក្ដិសម​នឹង​ស្បែក​មុខ​របស់​អ្នក​ផង​ដែរ។ យក​សំឡី​ជ្រលក់​ជាមួយ​នឹង​ទឹក​ខ្មេះ​ផ្លែប៉ោម​រួចជូត​ឱ្យ​សព្វ​ផ្ទៃ​មុខ។ ដើម្បី​ទទួល​បាន​លទ្ធផល​កាន់​តែ​ឆាប់​រហ័ស អ្នក​ត្រូវ​ធ្វើ​វា​ឱ្យ​បាន​២​ដង​ក្នុង​មួយ​ថ្ងៃ។

  ផ្នែក​ពណ៌​ស​នៃ​ស៊ុត៖ ផ្នែក​ពណ៌ស​នៃ​ស៊ុត​ជា​ដំណោះ​ស្រាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​កម្ចាត់​ប្រហោង​ធំៗ​ដែល​មាន​នៅ​លើ​មុខ។ ខណៈ​ដែល​ស៊ុត​មាន​សមត្ថភាព​ពិសេស​ក្នុង​ការ​បឺត​ស្រូប​យក​ជាតិ​ខ្លាញ់ និង​ជួយ​ពង្រួម​រន្ធ​ញើស​ផង​ដែរ។ យក​វា​មក​លាប​លើ​ផ្ទៃ​មុខ​ឱ្យ​សព្វ ទុក​ឱ្យ​ស្ងួត​ល្អ រួច​លាង​នឹង​ទឹក​ស្អាត​ជា​ការ​ស្រេច។ អ្នក​ត្រូវ​ធ្វើ​វា ២ ទៅ ៣ ដង​ក្នុង​១​សប្ដាហ៍​ដើម្បី​លទ្ធផល​គួរ​ជា​ទីគាប់​ចិត្ត​ក្នុង​រយៈពេល​១​ខែ។

ស្រ្កាប់​ផ្សំពីស្ករស៖ ស្រ្កាប់​នេះ​ជួយ​កម្ចាត់​កោសិកា​ចាស់ៗ និង​ពង្រួម​រន្ធ​ញើស​ធំ​ដែល​មាន​នៅ​លើ​ផ្ទៃ​មុខ។ វា​ក៏​ជួយ​សម្អាត​ធូលីដី​ដែល​ជាប់​ស្អិត​លើ​ផ្ទៃ​​មុខ ដែល​អាច​ឱ្យ​ស្បែក​ដក​ដង្ហើម​បាន​ស្រួល។ យក​ស្រ្កាប់​ស្ករស​មក​ត្រ​ដុស​លើ​ផ្ទៃ​មុខ​ឱ្យ​សព្វ រួច​លាង​សម្អាត​ជាមួយ​នឹង​ទឹក។  

ម៉ាស​ធ្វើ​ពី​មេ​ម្សៅ​សម្រាប់​ដុត​នំ Baking Soda៖ មេ​ម្សៅ​សម្រាប់​ដុត​នំ​ជួយ​កម្ចាត់​ខ្លាញ់ និង​ធូលី​ចេញ​ពី​ផ្ទៃ​មុខ ថែម​ទាំង​ជួយ​ធ្វើ​ឱ្យ​ស្បែក​មាន​សំណើម​ផង​ដែរ។ វា​ក៏​អាច​ជួយ​ការពារ​ផ្ទៃ​មុខ​របស់​អ្នក​ពី​ការ​កើត​មុន​ផង​ដែរ។ អ្នក​ត្រូវ​លាយ​មេម្សៅ​សម្រាប់​ដុត​នំ​ជាមួយ​នឹង​ទឹក​ដើម្បី​បង្កើត​ជា​ល្បាយ​ខាប់ៗ រួច​លាប​ឱ្យ​សព្វ​ផ្ទៃ​មុខ រក្សា​ទុក​មួយ​សន្ទុះ​ធំ រួច​លាង​សម្អាត​ជា​ការ​ស្រេច៕

កុំភ្លេចសាកធ្វើណា ងាយៗហើយអស់លុយតិចទៀត!

 

ប្រភព៖ Zeppfeed ប្រែ​សម្រួល៖ ដេត ធន្នី

អត្ថបទថ្មី