សម្គាល់សុខភាពតាមរយៈក្រចក
- 2023-09-11 00:34:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្គាល់សុខភាពតាមរយៈក្រចក
ក្រចកត្រូវបានគេចាត់ទុកថាជាផ្នែកដែលមានសោភ័ណភាពបំផុត ហើយមនុស្សស្រីពិតជាបានចំណាយពេលវេលាយ៉ាងច្រើនក្នុងការធ្វើឱ្យក្រចករបស់ពួកគេមានពណ៌ភ្លឺរលោង។ បើទោះបីជាយ៉ាងណាក៏ដោយ ក្រចកមិនមែនត្រឹមតែជាផ្នែកដែលមានសោភ័ណភាពតែមួយមុខនោះទេ វាក៏អាចប្រាប់អំពីសុខភាពរបស់អ្នកផងដែរ។
ចូរស្វែងយល់អំពីពណ៌ និងសណ្ឋានក្រចកដែលអាចប្រាប់ពីសុខភាពរបស់អ្នក៖
ក្រចកពណ៌ខៀវ៖ ប្រសិនបើគល់នៃក្រចករបស់អ្នកមានពណ៌ខៀវ វាជាសញ្ញាប្រាប់ថាឈាមរបស់អ្នកខ្វះអុកស៊ីហ្សែន។ វាបង្ហាញថាការផ្គត់ផ្គង់អុកស៊ីហ្ស៊ែនទៅឈាមមិនបានគ្រប់គ្រាន់ ហើយវាអាចបណ្ដាលឱ្យកើតមានជំងឺសួត ឬជំងឺបេះដូងបានថែមទៀតផង។
ក្រចកពណ៌លឿង៖ ក្រចកពណ៌លឿងអាចបណ្ដាលមកពីការជក់បារី ឬការតក្រចកអាគ្រីលីកច្រើនពេក។ បើទោះបីជាយ៉ាងណាក៏ដោយ អ្នកត្រូវតែយកចិត្តទុកដាក់ឱ្យមែនទែននៅពេលដែលក្រចករបស់អ្នកមានសភាពក្រាស់ ឬខូចទ្រង់ទ្រាយខុសពីធម្មតា។ វាអាចជាក្រចកដែលមានផ្សិតក៏ថាបាន។ ក្រៅពីនេះក្រចកដែលឡើងពណ៌លឿងអាចបណ្ដាលមកពីការចុះខ្សោយក្រពេញទីរ៉ូអ៊ីត ជំងឺទឹកនោមផ្អែម រោគសើស្បែក ឬជំងឺហឺតរ៉ាំរ៉ៃ។
ក្រចកពណ៌ត្នោត៖ ក្រចកដែលប្រែពណ៌ទៅជាពណ៌ត្នោតអាចបណ្ដាលមកពីបញ្ហាជាច្រើនរួមមានក្រចកផ្សិត ជំងឺរបកស្បែក ជំងឺស្បែកឡើងរមាស់។ វាអាចបណ្ដាលមកពីកង្វះវីតាមីន B12 កង្វះជាតិស័ង្កសី ឬកង្វះអាហារូបត្ថម្ភ។ ក្រៅពីនេះ ក្រចកពណ៌ត្នោតអាចបណ្ដាលមកពីអាការខ្សោយក្រលៀន និងថ្លើម។ វាក៏អាចបណ្ដាលមកពីជំងឺក្រពេញទីរ៉ូអ៊ីតផងដែរ។
ក្រចកដែលមានឆ្នូតពណ៌សកាត់ទទឹង៖ ក្រចកដែលមានឆ្នូតពណ៌សកាត់ទទឹងអាចបណ្ដាលមកពីជំងឺស្បែក ជំងឺទឹកនោមផ្អែម កង្វះជាតិស័ង្កសី ឬអាការៈឈាមរត់មិនស្រួល។ វាក៏អាចបណ្ដាលមកពីជំងឺដ៏ធ្ងន់ធ្ងរ ឬដំបៅដែលរាងកាយរបស់អ្នកកំពុងប្រឆាំងតបតជាមួយ។ អ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតភ្លាមទៅ។
ក្រចករាងដូចស្លាបព្រា៖ ក្រចកស្លាបព្រាមានទ្រង់ទ្រាយកោងឡើងលើហើយមើលទៅដូចជារាងស្លាបព្រាអ៊ីចឹង។ ភាពខុសប្រក្រតីនេះអាចបណ្ដាលមកពីកង្វះជាតិដែក អាការខ្វះឈាម ជំងឺបេះដូង និងភាពចុះខ្សោយនៃក្រពេញទីរ៉ូអ៊ីត។
ឆ្នូតពណ៌សលើក្រចក៖ ឆ្នូតពណ៌សលើក្រចកគឺបណ្ដាលមកពីរោគផ្សិត ដែលវានឹងរលុបបាត់ទៅវិញដោយឯកឯង។ វាក៏អាចបណ្ដាលមកពីរបួសដែលអ្នកធ្លាប់ទទួលរងកាលពីមុន ឬការប្រើប្រាស់ផលិតផលថ្នាំលាបក្រចកដែលមានគុណភាពអន់ជាដើម។
ក្រចកផុយស្រួយ៖ ក្រចករបស់អ្នកអាចមានសភាពស្ងួត ផុយស្រួយ ឬប្រេះ ដែលបណ្ដាលមកពីទម្លាប់រស់នៅប្រចាំថ្ងៃរបស់អ្នក។ ការប្រើប្រាស់ថ្នាំលាបក្រចក ឬទឹកលាងក្រចកច្រើនពេក ការហែលទឹក ការលាងចាន និងការប្រើប្រាស់ផលិតផលដែលមានសារធាតុគីមីច្រើនជាមូលហេតុដែលបណ្ដាលឱ្យក្រចកមានគុណភាពអន់។ វាក៏អាចបណ្ដាលមកពីកង្វះវីតាមីន B ដែលមាននៅក្នុងស៊ុតក្រហម វីតាមីន A និងវីតាមីន C។
ក្រចកពណ៌សមានឆ្នូតពណ៌ផ្កាឈូក៖ វាត្រូវបានគេហៅថាក្រចក Terry គឺអាចបណ្ដាលមកពីជំងឺថ្លើម ជំងឺខ្សោយក្រលៀន ជំងឺទឹកនោមផ្អែម ឬជំងឺស្លាក់ឈាម។ ប្រសិនបើអ្នកឃើញអាការៈបែបនេះនៅលើក្រចករបស់អ្នក អ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតភ្លាម។
ក្រចកពណ៌សស្លេក៖ ប្រសិនបើក្រចករបស់អ្នកមានសភាពស និងចុងក្រចកមានពណ៌ខ្មៅស្រអាប់ វាអាចបណ្ដាលមកពីជំងឺថ្លើម ឬជំងឺលឿង។
ក្រចកទ្រុឌដោយកន្លែង៖ ប្រសិនបើក្រចករបស់អ្នកមានលក្ខណៈកំប៉ិត ឬទ្រុឌច្រើនកន្លែងវាអាចបណ្ដាលមកពីភាពខុសប្រក្រតីនៃជាលិកាភ្ជាប់ ឬរោគជ្រុះសក់ដែលបណ្ដាលឱ្យទំពែក។ វាក៏អាចបណ្ដាលមកពីរោគស្បែកផងដែរ៕