តើប៉ាម៉ាក់អាចជួយពង្រឹងសមត្ថភាពផ្លូវចិត្តកុមារបានយ៉ាងដូចម្តេចខ្លះ?

  • 2024-10-18 02:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើយោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) បានឲ្យដឹងថា ការប៉ាន់ប្រមាណជារៀងរាល់ឆ្នាំ កុមារម្នាក់ក្នុងចំណោម៥នាក់ ត្រូវបានរកឃើញថាមានបញ្ហាផ្លូវចិត្ត។ ដូច្នេះ ក្នុងនាមជាមាតាបិតាដែលជាអ្នកនៅជិតស្និទ្ធនឹងកុមារជាងគេ គួរអនុវត្តនូវវិធីសាស្ត្រទាំង ៨ខាងក្រោម ដើម្បីជួយពង្រឹងសមត្ថភាពផ្លូវចិត្តរបស់ពួកគាត់ ដោយហេតុថាសុខភាពផ្លូវចិត្តពិតជាសំខាន់ដូចសុខភាពផ្លូវកាយ៖

១. ថែរក្សាសុខភាពផ្លូវចិត្តរបស់ប៉ាម៉ាក់ ការថែរក្សាសុខភាពផ្លូវចិត្តរបស់ឪពុកម្តាយ ជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្រ្តល្អបំផុតដែលអាចរក្សាសុខភាពផ្លូវចិត្តកូនរបស់អ្នក។ នៅពេលអ្នកធ្វើបែបនេះ មិនត្រឹមតែអាចធ្វើជាគំរូល្អក្នុងការពង្រឹងសមត្ថភាពផ្លូវចិត្តដល់កូនអ្នកនោះទេ ក៏ប៉ុន្តែអ្នកអាចបង្កើតឲ្យមានបរិយាកាស រីករាយសម្រាប់គ្រួសារ ជាពិសេសសម្រាប់កូនអ្នកផងដែរ។ ផ្ទុយមកវិញ ប្រសិនបើឪពុកម្តាយមានបញ្ហាសុខភាពផ្លូវចិត្ត នោះកូនៗនឹងអាចមានភាពប្រឈមខ្ពស់ ក្នុងការវិវឌ្ឍទៅជាជំងឺផ្លូវចិត្តផងដែរ។

២. កសាងទំនុកចិត្តរវាងឪពុកម្តាយ ជាមួយនិងកូន ការកសាងទំនុកចិត្តរវាងឪពុកម្តាយ និងកូន ដើរតួយ៉ាងសំខាន់ចំពោះសុខភាពផ្លូវចិត្តរបស់ពួកគេ ដោយហេតុថាការធ្វើបែបនេះអាចធ្វើឲ្យពួកគេកាន់តែមានអារម្មណ៍ថាមានសុវត្ថិភាព និងមានសន្តិភាពក្នុងចិត្ត។ ទំនុកចិត្តអាចកើតឡើងទៅបាន នៅពេលដែលអ្នកបានបង្ហាញពីការយកចិត្តទុកដាក់ទាំងផ្លូវកាយ និងផ្លូវចិត្តចំពោះពួកគេ។ ឧទាហរណ៍ គួរយកចិត្តទុកដាក់ពេលគេឃ្លាន ស្រេកទឹក ឈឺ ឬនៅពេលពួកគេមានការភ័យខ្លាច។ លើសពីនេះ អ្នកគួរត្រូវគោរពសម្តី និយាយត្រូវធ្វើ មិនកុហក និងនិយាយត្រង់ចំពោះពួកគេផងដែរ។

៣. ជំរុញទំនាក់ទំនងល្អជាមួយអ្នកដទៃជុំវិញខ្លួន ទំនាក់ទំនងរវាងឪពុកម្តាយ និងកូនជារឿងចាំបាច់ តែនេះមិនមែនជាទំនាក់ទំនងតែមួយដែលគួរតែមាននោះទេ។ កូនដែលមានសុខភាពផ្លូវចិត្តល្អ នៅពេលពួកគេមានទំនាក់ទំនងជាច្រើន ដែលក្នុងនោះ រួមទាំងការមានទំនាក់ទំនងជាមួយសមាជិកគ្រួសារផ្សេងទៀតដូចជា ជីដូនជីតា បងប្អូន មិត្តភក្តិ និងអ្នកជិតខាង។ សូមទុកពេលវេលាខ្លះឲ្យពួកគេអាចសាងទំនាក់ទំនងរវាង មិត្តភក្តិ និងសមាជិកគ្រួសារផ្សេងទៀត ដើម្បីឲ្យពួកគេអាចយល់ច្បាស់ពីភាពខុសៗគ្នានៃការប្រាស្រ័យទាក់ទងទាំងនោះ។

៤. បង្រៀនកូនអ្នកពីវិធីសាស្រ្តក្នុងការគ្រប់គ្រងស្ត្រេសនិងចេះដោះស្រាយឲ្យបានល្អប្រសើរ ជាការពិតណាស់ យើងគ្រប់គ្នាមិនអាចគេចផុតពីបញ្ហាស្ត្រេសបានឡើយ ប៉ុន្តែ អ្វីដែលយើងអាចធ្វើនោះគឺការគ្រប់គ្រងបញ្ហានេះ ដោយមិនឲ្យវាបង្កជាបញ្ហាធំ ដែលអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តអ្នកកាន់តែខ្លាំង។ ដូចគ្នានេះដែរ កុមារជាប្រភេទបុគ្គលដែលងាយនឹងរងការប៉ះទង្គិចពីខាងក្រៅ ជាពិសេសការប៉ះទង្គិចមកលើផ្លូវចិត្តរបស់ពួកគេតែម្តង ដូច្នេះអ្នកដែលជាឪពុកម្តាយគួរធ្វើការសង្កេតមើលថា តើអ្វីជាចំណង់ចំណូលចិត្តរបស់ពួកគេ ដើម្បីបន្ថយបញ្ហាស្ត្រេសទាំងនេះ ក៏ដូចជាថាតើអ្នកគួរជួយពួកគេក្នុងការដោះស្រាយបញ្ហាបែបណា ខណៈពេលដែលឪពុកម្តាយ ជាបុគ្គលដែលធ្លាប់ឆ្លងកាត់បទពិសោធន៍ច្រើនជាងពួកគាត់។

៥. បង្កើតឲ្យមានទម្លាប់ល្អក្នុងរស់នៅ របបអាហារល្អ ទម្លាប់នៃការគេងល្អ និងការធ្វើលំហាត់ប្រាណជាប្រចាំ គឺមិនទាន់គ្រប់គ្រាន់ដើម្បីធ្វើឲ្យសុខភាពផ្លូវកាយរបស់កូនអ្នកមានភាពល្អប្រសើរនៅឡើយទេ តែត្រូវមានការរួមផ្សំជាមួយការរក្សាសុខភាពផ្លូវចិត្តឲ្យបានល្អផងដែរ។ ឪពុកម្តាយត្រូវបង្រៀនពួកគេឲ្យចេះអភិវឌ្ឍទម្លាប់ល្អ ដែលអាចរក្សាបានទាំងរូបរាង និងសុខភាពផ្លូវចិត្តល្អទៀតផង។ មានការស្រាវជ្រាវជាច្រើនដែលបង្ហាញថា ការគោរព និងការដឹងគុណអាចមានឥទ្ធិពលយ៉ាងខ្លាំងលើសុខភាពផ្លូវចិត្ត។ ដូច្នេះ ឪពុកម្តាយគួរបង្រៀនពួកគាត់ឲ្យចេះពីវិធីនេះក្នុងជីវិតប្រចាំថ្ងៃ។

៦. អភិវឌ្ឍឲ្យមានជំនឿជាក់លើខ្លួនឯងជានិច្ច ឪពុកម្តាយអាចជួយកូនរបស់ពួកគេតាមរយៈវិធីសាស្រ្តច្រើនយ៉ាង ដែលអាចមានដូចជា៖

• ផ្តល់ជាការសរសើរ រង្វាន់ និងកម្លាំងចិត្តចំពោះអ្វីដែលពួកគេបានធ្វើ និងកំពុងតែធ្វើ

• ផ្តល់ឱកាសឲ្យពួកគេអាចធ្វើការងារដោយឯករាជ្យ

• ផ្តល់ឱកាសឲ្យពួកគេបញ្ចេញយោបល់ ឬមតិដែលពួកគេមាន

• ជំរុញ និងលើកទឹកចិត្តពួកគេក្នុងការអភិវឌ្ឍជំនាញថ្មីៗ

• ធ្វើជាគំរូល្អដល់ពួកគេ។

៧. លេងជាមួយកូនៗដើម្បីយល់ពីតម្រូវការរបស់ក្មេង កុមារដែលមានសុខភាពល្អទាំងរាងកាយ និងបញ្ញាស្មារតីត្រូវការលេង។ តាមពិត មនុស្សពេញវ័យក៏ត្រូវការលេងផងដែរ! នេះជាពេលដែលត្រូវដាក់ការងារ និងកាតព្វកិច្ចផ្សេងៗទៀតដោយឡែក ហើយផ្ដោតតែលើកូនអ្នក ដែលនេះបង្ហាញឲ្យពួកគេបានដឹងថាពួកគេមានតម្លៃយ៉ាងណាចំពោះពេលវេលាជាមាសពេជ្ររបស់អ្នក។ ខណៈពេលកំពុងលេងជាមួយកូនរបស់អ្នក អ្នកនឹងមិនត្រឹមតែបង្កើតទំនាក់ទំនងល្អប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏អាចសម្រាកផងដែរ។ ម៉្យាង កាលណាកូនបានមើលឃើញឪពុកម្តាយមានការសប្បាយរីករាយ និងលែងព្រួយបារម្ភ កូនៗក៏អាចធានាបានការសប្បាយចិត្ត និងយកសកម្មភាពឪពុកម្តាយជាគំរូទៀតផង។

៨. ស្វែងរកជំនួយពីអ្នកជំនាញ ប្រមាណជា ២១% នៃកុមារដែលមានបញ្ហាសុខភាពផ្លូវចិត្ត ត្រូវការទទួលបានការព្យាបាល។ នោះមានន័យថា កុមារភាគច្រើនដែលមានបញ្ហាសុខភាពផ្លូវចិត្ត មិនទទួលបានជំនួយដែលពួកគេត្រូវការឡើយនៅពេលពួកគេមានបញ្ហា។ ការស្វែងរកជំនួយពីគ្រូពេទ្យជំនាញ មិនត្រឹមតែអាចជួយបង្កើនសុខភាពផ្លូវចិត្ត របស់កូនអ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចផ្តល់នូវធនធាន និងការគាំទ្រដល់មាតាបិតាដែលកំពុងជួបការលំបាកផងដែរ។ ប្រសិនបើឪពុកម្តាយបានឃើញពីបញ្ហាមិនប្រក្រតីដែលកើតឡើងចំពោះកូន តែមិនអាចជួយដោះស្រាយបាន សូមប្រញាប់នាំកូនទៅជួបជាមួយអ្នកឯកទេស ឬគ្រូពេទ្យជំនាញដើម្បីធ្វើការដោះស្រាយជាបន្ទាន់។

ប្រភព៖ Thehealthsite ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម