តើមានអ្វីកើតឡើង បើយើងរួមភេទពេលពពោះ?
- 2024-03-24 00:37:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើមានអ្វីកើតឡើង បើយើងរួមភេទពេលពពោះ?
ការរួមភេទពេលពពោះ គឺមានសុវត្ថិភាពចំពោះស្រ្តី និងកូនក្នុងផ្ទៃ។ ការរួមភេទមិនអាចធ្វើទៅបានលុះត្រាតែមានការណែនាំពីគ្រូពេទ្យ ដោយសារស្រ្តីជាម្ដាយមានកត្តាប្រឈមណាមួយ។ ជាទូទៅស្រ្តីកំពុងពពោះមិនអាចមានការបង្កកំណើតទីពីរទេ បើទោះជាមានមេជីវិតឈ្មោលចូលទៅក្នុងទ្វារមាសពេលរួមភេទក៏ដោយ។
មនុស្សជាច្រើនបានបារម្ភថាមេជីវិតដែលដៃគូខាងប្រុសបញ្ចេញទៅក្នុងរាងកាយដៃគូខាងស្រី អាចរំខាន ឬប៉ះពាល់ដល់ការលូតលាស់របស់កូនក្នុងផ្ទៃ។ អ្នកខ្លះយល់ថាការរួមភេទអាចបង្កឲ្យមានរបួសដល់កូនក្នុងផ្ទៃទៀតផង។
ទឹកកាមនិងមេជីវិតឈ្មោលដែលចូលទៅក្នុងរាងកាយស្រ្ដីមិនបង្កគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃនោះទេ។ ទឹកកាមទាំងនោះភាគច្រើនចេញមកក្រៅពេញតាមទ្វារមាសក្រោយរួមភេទ។
សុក ថង់ទឹកភ្លោះ និងភ្នាសគ្របមាត់ស្បូន ជួយការពារទារកក្នុងផ្ទៃជាប្រព័ន្ធ និងកំណត់បានយ៉ាងជាក់លាក់ថាអ្វីដែលអាចឆ្លងកាត់បាន និងមិនអាចចូលទៅបាន។ ហេតុនេះមេជីវិតមិនអាចចូលទៅខាងក្នុងស្បូនបានទៀតទេ។ ដូចគ្នាដែរ កូនក្នុងផ្ទៃក៏មិនអាចប៉ះជាមួយនឹងលិង្គរបស់ដៃគូខាងប្រុសដែរពេលរួមភេទ។
ទោះបីជាមានការរួមភេទ មានមេជីវិតចូលទៅក្នុងទ្វារមាសស្រ្តីទៀតក្ដី តែឱកាសនៃការបង្កកំណើតទីពីរមិនទំនងជាអាចកើតមានទៀតទេ។ ការបង្កកំណើតទីពីរ ឬ Superfetation លើមនុស្សមិនងាយនឹងកើតមានទេ។ កន្លងមកការបង្កកំណើតពីរដងបែបនេះ គឺមានតែលើប្រភេទសត្វដែលចិញ្ចឹមកូនដោយទឹកដោះផ្សេងទៀតដែលមិនមែនជាមនុស្ស ដោយសារតែមានហេតុផលផ្សេងៗជាច្រើន។ ហើយជាក់ស្ដែងក្នុងកំណត់ត្រាវេជ្ជសាស្រ្តរបស់មនុស្សជាតិមានករណីមនុស្សស្រីអាចបង្កកំណើតទីពីរបន្ទាប់ពីមានផ្ទៃពោះហើយនោះគឺមានមិនដល់១០ករណីនោះទេ។
ចំពោះមនុស្សមិនអាចកើតមានរឿងនេះ ទីមួយដោយសារតែពេលបង្កកំណើត ឬពេលស្រ្តីចាប់ផ្ដើមមានផ្ទៃពោះ ដំណើរការធ្លាក់មេជីវិតនឹងត្រូវបិទដោយសារអ័រម៉ូនជាក់លាក់មួយចំនួន។ ចំណុចមួយទៀត បើទោះជាស្រ្តីអាចមានឱកាសធ្លាក់មេជីវិតញីទាំងដែលកំពុងមានផ្ទៃពោះ ក៏មេជីវិតឈ្មោលមិនអាចចូលទៅជួបមេជីវិតញីបានដែរ ដោយសារតែមានភ្នាសគ្របមាត់ស្បូនរារាំងមិនឲ្យមានការជួបគ្នារវាងមេជីវិតញី និងឈ្មោលបានដែរ។ ភ្នាសនេះក៏មាននាទីទប់ស្កាត់ការចម្លងបាក់តេរី និងមេរោគមួយចំនួនផ្សេងទៀតដែរ។
ថ្វីបើការរួមភេទពេលពពោះសុវត្ថិភាព ប៉ុន្តែយើងក៏ត្រូវដឹងដែរថា ជំងឺកាមរោគនៅតែអាចឆ្លងបាន ដូចនេះត្រូវមានវិធានការការពារឲ្យបានត្រឹមត្រូវពេលរួមភេទ។ ប្រឹក្សាជាមួយគ្រូពេទ្យ បើសិនជាយើងបារម្ភពីបញ្ហាផ្សេងៗទាក់ទងនឹងកូនក្នុងផ្ទៃ ឬការរលូតកូន ពេលមានការរួមភេទកើតឡើង។