កត្តាអ្វីបណ្តាលអោយកើតមានឡើងនៃដុំមហារីកបំពង់អាហារ!

  • 2024-03-22 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺមហារីកបំពង់អាហារ គឺជាការវិវត្តមិនប្រក្រតី (លឿនខុសធម្មតា) នៃកោសិការរបស់បំពង់អាហារ បង្កើតបានជាដុំសាច់ ដែលយើងតែងតែហៅថាជាជំងឺដុំសាច់មហារីក (Esophageal cancer) នៃបំពង់អាហារ។

១ តើមានមូលហេតុអ្វីខ្លះដែលអាចបណ្តាលអោយកើតមានឡើងនៃដុំមហារីកនេះ?

កត្តាប្រឈមដែលអាចបង្កអោយមានដុំមហារីកនេះកើតមានបានមានដូចជា៖

  • ការពិសារបារី រយៈពេលវែង

  • បរិភោគសុរាច្រើនហួសកំរិត

  • ជំងឺច្រាលជាតិអាស៊ីតរបស់ក្រពះ និងរលាកបំពង់អាហាររ៉ាំរ៉ៃដោយមិនបានព្យាបាលត្រឹមត្រូវតាមក្បួនច្បាប់វេជ្ជសាស្រ្ត (GERD)។

  • អាយុច្រើន (លើសពី ៥៥ ឆ្នាំ)

  • ភេទ ប្រុស

  • ការទទួលទានចំណីរអាហារមិនសមស្រប

  • និង កក្តាតំណរពូជ (Genetic) ។ ល។

២ តើជំងឺដុំមហារីកបំពង់អាហារ អាចមានរោគសញ្ញាអ្វីខ្លះ?

យើងតែងតែសង្កេតឃើញថា អ្នកជំងឺដែលមានដុំមហារីកបំពង់អាហារនេះ គឺមានរោគសញ្ញាដូចជា៖

  • អួលណែន និងពិបាកលេបអាហារចូល (ដំបូង អាហាររឹង បន្ទាប់មករាវ និងចុងក្រោយទឹកក៏ពិបាកលេបដែរ) ។

  • ឈឺចុកចាប់ នៅពេលបរិភោគអាហារ

  • ក្អូតចង្អោរ បន្ទាប់ពីបរិភោគអាហាររួច

  • មានការចុកណែនអួល ក្នុងដើមទ្រូង

  • មានការស្លេកស្លាំង និងខ្វះគ្រាប់ឈាមក្រហម

  • ចុះខ្សោយ អស់កម្លាំង កំហែង និងល្ហិតល្ហៃ

  • មិនចង់ទទួលទានអាហារ និងធុំសាច់

  • ស្រកទម្ងន់ខ្លាំងខុសពីធម្មតា

  • ពេលខ្លះវាក៏អាចបណ្តាលអោយមានការហូរធ្លាក់ឈាមផងដែរ។ល។

៣ ការព្យាបាល៖

ការព្យាបាលជំងឺដុំមហារីកបំពង់អាហារនេះ គឺត្រូវទាមទារអោយមានការចូលរួម ពីសំណាក់ក្រុមវេជ្ជបណ្ឌិតច្រើនមុខជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការពិភាក្សារិះរកវិធីមួយដែលល្អបំផុតសំរាប់អ្នកជំងឺ ទើបការព្យាបាលអាចមានប្រសិទ្ធិភាពខ្ពស់ និងចំគោលដៅ ក្នុងនោះមាន៖

  • ក្រុមវេជ្ជបណ្ឌិតផ្នែក ថ្លើម ក្រពះ ពោះវៀន

  • ក្រុមវេជ្ជបណ្ឌិតផ្នែកវះកាត់

  • ក្រុមវេជ្ជបណ្ឌិតផ្នែកជំងឺមហារីក

  • និងក្រុមវេជ្ជបណ្ឌិតផ្នែករូបភាពវេជ្ជសាស្ត្រ ។

  • សំខាន់ជាងនេះទៅទៀតក្រុមគ្រួសារអ្នកជំងឺនិងអ្នកជំងឺផ្ទាល់ ក៏ត្រូវចូលរួមក្នុងការធ្វើការសំរេចចិត្តផងដែរ ។

ជំរើសជាច្រើននឹងត្រូវបានលើកឡើង ផលប្រយោជន៏ និងផលវិបាក នៃជំរើសនិមួយៗត្រូវបានពន្យល់និងធ្វើការពិភាក្សាជាមួយអ្នកជំងឺ និងក្រុមគ្រួសារ ។ ការសំរេចត្រូវតែមានការព្រមព្រៀងពីអ្នកជំងឺនិងក្រុមគ្រួសារ។

ទោះជាយ៉ាងណា ប្រសិទ្ធិភាពនៃការព្យាបាលជំងឺមហារីកបំពង់អាហារគឺមានកម្រិត ដោយភាគច្រើននៃអ្នកជំងឺមកជួបពិគ្រោះជាមួយគ្រូពេទ្យគឺមានសភាពធ្ងន់ធ្ងរ ដែលជាហេតុនៃការយឺតយ៉ាវក្នុងការធ្វើរោគវិនិច្ឆ័យ (អ្នកជំងឺមកជួបគ្រូពេទ្យយឺតពេល) ។ ការព្យាបាលដែលមានប្រសិទ្ធិភាពបំផុតគឺត្រូវធ្វើនូវដំណាក់កាលដំបូង ដែលអ្នកជំងឺមិនទាន់មានលេចចេញជារោគសញ្ញា ។ ការឆ្លុះក្រពះគឺជាវិធីសាស្រ្តតែមួយគត់ដែលអាចអោយយើងដោះស្រាយបញ្ហានេះបាន ។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម