ញ៉ាំគ្រាប់ផ្លែឈើរាល់ថ្ងៃជួយកាត់បន្ថយហានិភ័យបញ្ហាបាក់ទឹកចិត្ត
- 2024-02-03 23:17:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញ៉ាំគ្រាប់ផ្លែឈើរាល់ថ្ងៃជួយកាត់បន្ថយហានិភ័យបញ្ហាបាក់ទឹកចិត្ត
ការសិក្សាបានរកឃើញថាការញ៉ាំគ្រាប់ផ្លែឈើដូចជាអាល់ម៉ុន វ៉លណាត់ ឬគ្រាប់ស្វាយចន្ទីប្រហែល៣០ក្រាមក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយហានិភ័យកើតបញ្ហាបាក់ទឹកចិត្តបានប្រហែល១៧ភាគរយ។
ការសិក្សានេះធ្វើឡើងនៅចក្រភពអង់គ្លេសលើមនុស្ស១៣ ៥០០នាក់ អាយុចន្លោះពី៣៧ដល់៧៣ឆ្នាំ ដែលសុទ្ធតែបានរាយការណ៍ថាខ្លួនមានបញ្ហាបាក់ទឹកចិត្ត និងកំពុងប្រើថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្ត។ រយៈពេលនៃការសិក្សាគឺពីឆ្នាំ២០០៧ ដល់ឆ្នាំ២០២០។
អ្នកដែលបានញ៉ាំគ្រាប់ផ្លែឈើប្រចាំថ្ងៃ រយៈពេលប្រាំឆ្នាំក្រោយត្រូវគេរកឃើញថាលែងសូវជួបបញ្ហាបាក់ទឹកចិត្តដូចមុនទៀត។ ប៉ុន្តែការការសិក្សានេះនៅតែមិនទាន់អាចបញ្ជាក់បានទេថាហេតុអ្វីបានជាគ្រាប់ផ្លែឈើអាចជួយកាត់បន្ថយហានិភ័យនេះ។ ថ្វីបើយ៉ាងនេះក្ដី ក្រុមអ្នកស្រាវជ្រាវជឿថាសារជាតិចិញ្ចឹមនៅក្នុងគ្រាប់ផ្លែឈើទាំងនេះបានដើរតួសំខាន់ក្នុងការកាត់បន្ថយហានិភ័យបញ្ហាបាក់ទឹកចិត្ត។
ជាក់ស្ដែងដូចជាគ្រាប់វ៉ល់ណាត់មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលជួយដល់ការអភិវឌ្ឍផ្នែកខួរក្បាល និងប្រឆាំងការរលាក ដែលអាចជួយកាត់បន្ថយបញ្ហាបាក់ទឹកចិត្ត។
ចំណែកគ្រាប់ស្វាយចន្ទីវិញ ក៏មានផ្ទុក tryptophan ដែលជាអាមីណូអាស៊ីត ដែលមានសក្ដានុពលក្នុងការកាត់បន្ថយរោគសញ្ញាបាក់ទឹកចិត្ត និងថែមទាំងជួយឲ្យគេងលក់ស្រួលផងដែរ។
មិនខុសគ្នាដែរ គ្រាប់អាល់ម៉ុនសម្បួរដោយ Phenolic អាស៊ីត ដែលគេស្គាល់ជាទូទៅថាមានផលល្អក្នុងការជួយកាត់បន្ថយរោគសញ្ញាទាក់ទងនឹងបញ្ហាបាក់ទឹកចិត្តដែរ។