យល់ដឹងពី កត្តាដែលបណ្តាលឲ្យមានការឆ្លងមេរោគក្រោយការវះកាត់?

  • 2023-12-27 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

និយាយដល់រឿងវះកាត់ ជាទូទៅ ត្រូវការពេលវេលាយូរបន្តិចក្នុងការជាសះស្បើយត្រឡប់ទៅផ្ទះវិញ បើធៀបទៅនឹងការព្យាបាលផ្សេងៗ ហើយការវះកាត់ ក៏ទាមទារឱ្យ មានការមើលថែខ្លួនឲ្យបានដិតដល់ដើម្បីឱ្យឆាប់ជាសះស្បើយពីរបួស និងជៀសវាងការឆ្លងមេរោគមួយចំនួនផងដែរ។

បើតាមសម្តីរបស់ វេជ្ជបណ្ឌិត អ៊ុក សុវណ្ណវិចិត្រា ឯកទេសវះកាត់កែសម្ផស្សប្រចាំការនៅគ្លីនិក មៀរ៉ា ធ្វើការបកស្រាយជាមួយកញ្ញាលម្អិតថា ដើម្បីអោយការវះកាត់មួយទទួលបានជោគជ័យ គឺតម្រូវអោយមានកត្តាចូលរួម ៣ធំៗ ដែលរួមមាន៖

១. មុនការវះកាត់ ការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេស បូករួមជាមួយការពិនិត្យសុខភាព។

២. អំឡុងពេលវះកាត់ ប្រព្រឹត្តទៅជាមួយវេជ្ជបណ្ឌិតដែលមានបច្ចេកទេសត្រឹមត្រូវ បូករួមជាមួយ សម្ភារៈ បរិក្ខារទំនើប និងមានស្តង់ដារ។

៣. ក្រោយការវះកាត់ តម្រូវអោយអ្នកជំងឺចូលរួមសហការក្នុងការថែទាំ លាងសម្អាត និងមកតាមដានតាមការណាត់។ ជាការពិតណាស់ កត្តាទាំងបីខាងលើនេះចូលរួម និងដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែក ឲ្យការវះកាត់មួយទទួលបានជោគជ័យ និងប្រកបដោយសុវត្ថិភាព។

ផលវិបាកដែលយើងសង្កេតឃើញជាញឹកញាប់ក្រោយការវះកាត់នោះគឺការឆ្លងមេរោគ ដែលវាបង្កឡើងពីកត្តាច្រើនរួមមាន៖

• សម្ភារៈប្រើប្រាស់មិនមានអនាម័យ ឬមិនបានឆ្លងកាត់ការសម្លាប់មេរោគត្រឹមត្រូវ

• បន្ទប់វះកាត់មិនគោរពតាមស្តង់ដារវេជ្ជសាស្ត្រ

• ការវះកាត់ជាមួយបុគ្គលដែលមិនមែនជាវេជ្ជបណ្ឌិតឯកទេស

• មិនមានការប្រើប្រាស់ថ្នាំសម្លាប់ មេរោគ (Antibiotics) អំឡុងពេល និងក្រោយការវះកាត់

• អ្នកជំងឺមិនបានយល់ដឹងអំពីការថែទាំរបួសក្រោយការវះកាត់

• មិនមានការលាងសម្អាត និងពិនិត្យរបួសទៀងទាត់ដោយអ្នកជំនាញ

ចំណុចចាំបាច់ដែលត្រូវធ្វើក្រោយពេល វះកាត់អ្នកទាំងអស់គ្នាត្រូវថែទាំខ្លួនឱ្យបានល្អ បើមិនអីចឹងទេ អាចបណ្តាលឱ្យមុខរបួសប្រេះ ឬឆ្លងរោគដែលអាចបង្កបញ្ហាសុខភាពច្រើន។ នឹងគួរទៅជួបគ្រូពេទ្យតាមការណាត់ដើម្បីធ្វើការពិនិត្យសុខភាពឡើងវិញ ឬតាមការណែនាំរបស់គ្រូពេទ្យក្នុងគោលបំណងឱ្យគ្រូពេទ្យពិនិត្យសុខភាពទូទៅ ស្នាមវះឬរបួសជាសះស្បើយហើយឬនៅជាល្អបំផុត៕

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម