តើ​ធាត់​លើស​ទម្ងន់​ធ្វើ​ឲ្យ​ប្រុសៗ​ប្រឈម​បញ្ហា​ខ្សោយ​លិង្គ​?

  • 2023-11-11 00:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ពេល​និយាយ​ពី​រឿង​ធាត់​លើស​ទម្ងន់​ ជា​ទូទៅ​គេ​អាច​គិត​ដល់​ជំងឺ​មួយ​ចំនួន​ដែល​អាច​កើត​ចេញ​ពី​បញ្ហា​នេះ។ អ្នក​ដែល​មាន​បញ្ហា​ធាត់​លើស​ទម្ងន់​អាច​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​បេះដូង បញ្ហា​លើស​សម្ពាធ​ឈាម លើស​កូលេស្តេរ៉ូល​ និង​ជំងឺ​គេង​បាត់​ដង្ហើម​ជា​ដើម​។​ បញ្ហា​ធាត់​លើស​ទម្ងន់​ក៏​អាច​មាន​ផល​រំខាន​មួយ​ទៀត​ដែរ គឺ​បញ្ហា​លិង្គ​មិន​ឡើង​រឹង​ ឬ​ខ្សោយ​លិង្គ​។ តើ​មាន​ទំនាក់​ទំនង​គ្នា​បែប​ណា?​​

បុរស​ជា​ច្រើន​ដែល​មាន​បញ្ហា​ធាត់​លើស​ទម្ងន់​​ ក៏​អាច​ជួប​បញ្ហា​លិង្គ​មិន​ឡើង​រឹង​។ ​អ្នក​ជំនាញ​ផ្នែក​ប្រព័ន្ធ​ទឹក​នោម​បាន​ឲ្យ​ដឹង​ថា​ប្រហែល​ជា​៥៣​ភាគ​រយ​នៃ​បុរស​មាន​វ័យ​ចន្លោះ​ពី​៤០​ទៅ​៧០​​ឆ្នាំ ​ជួប​ផល​រំខាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង​ក្នុង​កម្រិត​ណា​មួយ​។

ការ​សិក្សា​ជា​ច្រើន​យល់​ឃើញ​មិន​ដូច​គ្នា ឬ​មិន​ច្បាស់​លាស់​ពី​បញ្ហា​ធាត់​លើស​ទម្ងន់​និង​បញ្ហា​លិង្គ​មិន​ឡើង​រឹង ឬ​ខ្សោយ​លិង្គ​ ឬ​ការ​សិក្សា​ខ្លះ​បាន​រក​ឃើញ​ត្រឹម​ថា​ភាព​ធាត់​មាន​ទំនាក់​ទំនង​ទៅ​នឹង​កត្តា​ប្រឈម។ ប៉ុន្តែ​អ្វី​ដែល​ច្បាស់​លាស់ គឺ​ថា​ភាព​ធាត់​​រួម​ចំណែក​ទៅ​ជំរុញ​ឲ្យ​មាន​កត្តា​ប្រឈម​ផ្សេង​ៗ​ដែល​នាំ​ឲ្យ​មាន​បញ្ហា​ខ្សោយ​លិង្គ​​។

កត្តា​វ័យ​ជា​បញ្ហា​ប្រឈម​មួយ​នាំ​ឲ្យ​មាន​បញ្ហា​ខ្សោយ​លិង្គ។ កត្តា​វ័យ បូក​រួម​នឹង​កត្តា​មាន​​ជំងឺ​ប្រចាំ​កាយ​ទៀត​នោះ គឺ​រឹត​តែ​ប្រឈម​កាន់​តែ​ខ្លាំង​ចំពោះ​បញ្ហា​ខ្សោយ​លិង្គ​។ ​ជំងឺ​ទាំង​នោះ​មាន​ដូច​ជា​បញ្ហា​លើស​សម្ពាធ​ឈាម ជំងឺ​បេះដូង ជំងឺ​ទឹកនោម​ផ្អែម និង​លើស​ជាតិ​អាស៊ីដ​ជា​ដើម ហើយ​បញ្ហា​ធាត់​លើស​ទម្ងន់​ជា​ដើម​ចម​នៃ​ជំងឺ​ទាំង​នេះ​ដែរ​។ កត្តា​ទាំង​ឡាយ​ណា​ដែល​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​សរសៃ​ឈាម​នៅ​លិង្គ នឹង​រំខាន​ដល់​ភាព​ឡើង​រឹង​របស់​លិង្គ​។

កត្តា​លើស​ទម្ងន់ ឬ​ធាត់​ខ្លាំង​អាច​បង្ក​ឲ្យ​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង ឬ​ខ្សោយ​លិង្គ ដោយសារ​ការ​បំផ្លាញ​សរសៃឈាម​នៅ​លិង្គ​ ធ្វើ​ឲ្យ​អ័រម៉ូន​តេស្តូស្តេរ៉ូន​ថយ​ចុះ និង​បង្ក​ឲ្យ​មាន​ស្ថាន​ភាព​រលាក​នៅ​ក្នុង​រាង​កាយ​។ បញ្ហា​ធាត់​អាច​បង្ក​ឲ្យ​មាន​ការ​បំផ្លាញ​លើ​សរសៃ​ឈាម​ដោយសារ​​តែ​​បុគ្គល​នោះ​អាច​មាន​ជំងឺ​ទឹក​នោម​ផ្អែម លើស​សម្ពាធ​ឈាម លើ​ជាតិ​ខ្លាញ់ លើស​កូលេស្តេរ៉ូល ឬ​មាន​ការ​រលាក​ក្នុង​ខ្លួន​។ ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ និង​ទទួល​ស្គាល់​ថា​បញ្ហា​ធាត់​លើស​ទម្ងន់​ច្រើន​នាំ​ឲ្យ​មាន​ជា​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​បេះដូង ឬ​លើស​សម្ពាធ​ឈាម​ ដែល​កត្តា​ទាំង​នេះ​គឺ​ជា​ដើម​ចម​នាំ​ឲ្យ​មាន​បញ្ហា​ខ្សោយ​លិង្គ​។

ការ​កែ​ប្រែ​បែប​បទ​នៃ​ការ​រស់​នៅ​ដូច​ជា​ហាត់​ប្រាណ​ជា​ប្រចាំ ញ៉ាំ​អាហារ​ល្អ​ៗ​ចំពោះ​សុខភាព និង​មិន​ជក់​បារី គឺ​សុទ្ធ​តែ​ជា​កត្តា​រួម​ចំណែក​ជួយ​​កែ​ប្រែ​បញ្ហា​លិង្គ​មិន​ឡើង​រឹង​។

ប្រភព៖ ប្រភព ប្រែសម្រួល៖ សុខា

អត្ថបទពេញនិយម