តើ​វិធី​សាស្រ្ត​ចាក់​ទឹក​ក្រៅ​ពាង​សុវត្ថិភាព​ការពារ​មិន​ឲ្យ​មាន​ផ្ទៃពោះ?

  • 2023-10-24 00:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​វិធី​ចាក់​ទឹក​ក្រៅ​ពាង ឬ​ការ​ដក​លិង្គ​ចេញ​ពី​ទ្វារ​មាស​​មុន​ចេញ​ទឹក​កាម​ជា​វិធី​សាស្រ្ត​មួយ​ដែល​គេ​ជឿ​ថា​អាច​ជួយ​​ការពារ​មិន​ឲ្យ​មាន​ផ្ទៃពោះ​។ ការ​មិន​ឲ្យ​មាន​ផ្ទៃ​ពោះ​នេះ គឺ​ដោយសារ​តែ​ភាគី​ខាង​ប្រុស​បាន​ដក​លិង្គ​ចេញ​ និង​បញ្ចេញ​ទឹក​កាម​នៅ​ខាង​ក្រៅ ក្នុង​គោល​បំណង​មិន​ឲ្យ​មេ​ជីវិត​ឈ្មោល​ចូល​ទៅ​ក្នុង​​ទ្វារមាស​ដៃ​គូ​។

​​យ៉ាងណា​វិធី​សាស្រ្ត​នេះ​ទាម​ទារ​ឲ្យ​មាន​ការ​គ្រប់​គ្រង​អារម្មណ៍​ឲ្យ​បាន​ល្អ ហើយ​វិធី​សាស្រ្ត​នេះ​ក៏​មិន​មាន​សុវត្ថិភាព​​ក្នុង​ការ​ការពារ​មិន​ឲ្យ​មាន​ផ្ទៃពោះ​ទាំង​ស្រុង​ដែរ។ មេ​ជីវិត​ឈ្មោល​អាច​ចូល​ទៅ​ក្នុង​ទ្វារមាស​ដៃគូ​បើ​សិន​ជា​ភាគី​ខាង​ប្រុស​ដក​លិង្គ​មិន​បាន​ត្រឹម​ត្រូវ ឬ​មិន​ទាន់ពេល ឬ​ក៏​មាន​ការ​បញ្ចេញ​ទឹក​រម្អិល​ដែល​មាន​ផ្ទុក​មេ​ជីវិត​ឈ្មោល​​មុន​ចេញ​ទឹក​កាម។ មួយ​វិញទៀត​វិធី​សាស្រ្ត​មួយ​នេះ​មិន​អាច​ការពារ​ខ្លួន​និង​ដៃគូ​ពី​ជំងឺ​កាម​រោគ​បាន​ទេ​។

ហេតុ​អ្វីមាន​អ្នក​ជ្រើស​រើស​វិធី​នេះ?

​គូ​ស្នេហ៍​មួយ​ចំនួន​ជ្រើស​រើស​វិធី​ចាក់​ទឹក​ក្រៅ​ពាង​​ដើម្បី​ការ​ពារ​ការ​មាន​ផ្ទៃ​ពោះ​ដោយ​ចៃដន្យ​។ វិធី​នេះ​មាន​អត្ថប្រយោជន៍​មួយ​ចំនួន​ដូច​ជា​មិន​អស់​ប្រាក់ មិន​មាន​ផល​រំខាន និង​មិន​ត្រូវ​ការ​ប្រើ​ប្រាស់​ថ្នាំ​​ជា​ដើម​។ អ្នក​ដែល​ជ្រើស​រើស​វិធី​សាស្រ្ត​មួយ​នេះ​ទំនង​ជា​មិន​ចង់​ប្រើ​ប្រាស់​វិធី​ពន្យារ​កំណើត​ផ្សេង​ទៀត​។

​ចុះ​​អ្វី​ជា​ហានិភ័យ?

​ ការ​ជ្រើស​រើស​វិធី​ចាក់​ទឹក​ក្រៅ​ពាង​​មិន​មាន​ហានិភ័យ​ចំពោះ​សុខ​ភាព​អ្វី​នោះ​ទេ​ ប៉ុន្តែ​វា​មាន​ហានិភ័យ​ក្នុង​ការ​ឆ្លង​ជំងឺ​កាម​រោគ និង​មិន​មាន​ប្រសិទ្ធិ​ភាព​ពេញ​លេញ​ក្នុង​ការពារ​ការ​មាន​ផ្ទៃ​ពោះ​នោះ​ដែរ។ គូ​ស្នេហ៍​មួយ​ចំនួន​ក៏​បាន​លើក​ឡើង​ដែរ​ថា ការ​ចាក់​ទឹក​ក្រៅ​ពាង​នេះ​បាន​រំខាន​ដល់​អារម្មណ៍​ត្រេក​ត្រអាល​របស់​ខ្លួន​ផង​ដែរ​។ ​តាម​ការ​ប៉ាន់​ប្រមាណ​មាន​គូស្នេហ៍​មួយ​គូ​ក្នុង​ចំណោម​ប្រាំ​គូ​ដែល​ជ្រើស​រើស​វិធី​ចាក់​ទឹក​ក្រៅ​ពាង​ដើម្បី​បង្ការ​ការ​មាន​ផ្ទៃ​ពោះ បែរ​ជា​ភ្លាត់​មាន​​ផ្ទៃ​ពោះ​ទៅ​វិញ​។

គន្លឹះគួរ​អនុវត្ត​បើ​ប្រើ​វិធី​សាស្រ្ត​ចាក់​ទឹក​ក្រៅ​ពាង​

បើ​សម្រេច​ចិត្ត​ប្រើ​វិធី​មួយ​នេះ​ដើម្បី​ការពារ​ការ​មាន​ផ្ទៃ​ពោះ ​គ្នា​យើង​ត្រូវ៖

ដក​ឲ្យ​ទាន់​ពេល​៖ ពេល​មាន​អារម្មណ៍​ថា​ជិត​ចេញ​ទឹក​កាម គឺ​ត្រូវ​ប្រញាប់​ដក​លិង្គ​ចេញ​ភ្លាម និង​ត្រូវ​ប្រាកដ​ថា​ទឹក​កាម​​ត្រូវ​បាញ់​ចេញ​ពី​ទ្វារ​មាស​។​

ប្រយ័ត្ន​ពេល​រួម​ភេទ​ម្ដង​ទៀត​៖ បើ​សិន​ជា​គ្នា​យើង​ទើប​រួម​ភេទ​រួច និង​បន្តិច​ក្រោយ​មក​ចង់​រួម​ភេទ​ម្ដង​ទៀត ត្រូវ​ប្រាកដ​ថា​ចុង​លិង្គ​មិន​មាន​ជាប់​ទឹក​កាម ឬ​គួរ​លាង​សម្អាត​​លិង្គ​ឲ្យ​បាន​ស្អាត​ជា​មុន​សិន​ ចាំ​រួម​ភេទ​ជា​ថ្មី​។ ការ​ធ្វើ​បែប​នេះ​ដើម្បី​ការពារ​កុំ​ឲ្យ​ទឹក​កាម​ជាប់​ចុង​លិង្គ និង​មាន​មេ​ជីវិត​ចូល​ទៅ​ក្នុង​ទ្វារ​មាស​។​

បើ​សិន​ជា​គ្នា​យើង​មិន​អាច​ដក​លិង្គ​បាន​ត្រឹម​ត្រូវ និង​បារម្ភ​ថា​អាច​មាន​ផ្ទៃ​ពោះ គួរ​ស្វែង​រក​ការ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​នៅ​ពេល​បន្ទាប់​អំពី​ការ​ប្រើ​ប្រាស់​ថ្នាំ​ពន្យារ​កំណើត​បន្ទាន់​។ មួយ​វិញ​ទៀត​បើ​ចង់​ការពារ​ខ្លួន​ពី​ជំងឺ​កាម​រោគ ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ពេល​រួម​ភេទ​ជា​ជម្រើស​ល្អ​បំផុត​។

ប្រភព៖ mayoclinic ប្រែសម្រួល៖ សុខា

អត្ថបទពេញនិយម