អ្នកជួបបញ្ហាបាក់ទឹកចិត្ត អាចគិតដល់រឿងអវិជ្ជមានមួយចំនួន
- 2023-10-15 08:09:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជួបបញ្ហាបាក់ទឹកចិត្ត អាចគិតដល់រឿងអវិជ្ជមានមួយចំនួន
បញ្ហាបាក់ទឹកចិត្តជាវិបត្តិផ្លូវចិត្តមួយធ្ងន់ធ្ងរដែលអាចបង្កការគំរាមកំហែងអាយុជីវិតបើសិនជាមិនបានទទួលការព្យាបាលត្រឹមត្រូវ។ អ្នកខ្លះពេលមានបញ្ហាបាក់ទឹកចិត្តអាចឈានដល់មានគំនិតចង់សម្លាប់ខ្លួន ហើយអ្នកខ្លះទៀតដោយសារតែបញ្ហាបាក់ទឹកចិត្តបានធ្វើឲ្យធ្លាក់ខ្លួនមានបញ្ហាសុខភាពផ្សេងៗទៀតផងដែរ។
បើសិនជាយើងមានអារម្មណ៍សោកសៅ ឬបាត់បង់ចំណង់ទាក់ទងនឹងសកម្មភាពដែលខ្លួនធ្លាប់ចូលចិត្ត ឬពិបាកធ្វើការងារប្រចាំថ្ងៃចាប់ពីពីរសប្ដាហ៍ឡើងទៅ នោះយើងប្រហែលជាកំពុងមានបញ្ហាបាក់ទឹកចិត្តហើយ។
អ្នកមានបញ្ហាបាក់ទឹកចិត្តអាចនឹងមានបញ្ហាសុខភាពផ្សេងៗទៀតដែរ ដែលបញ្ហាសុខភាពទាំងនេះអាចបង្កការគំរាមកំហែងដល់អាយុជីវិត។ ក្នុងករណីធ្ងន់ធ្ងរ អ្នកមានបញ្ហានេះអាចមានគំនិតចង់សម្លាប់ខ្លួនផងដែរ។ អ្នកទាំងនោះអាចប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជា ឬសារធាតុខុសច្បាប់ផ្សេងៗ ដែលអាចនាំឲ្យប៉ះពាល់សុខភាព និងអាយុជីវិត។
អ្នកមានបញ្ហាបាក់ទឹកចិត្តអាចគិតថាខ្លួនមិនមានតម្លៃ និងមិនសមនឹងស្វែងរកការព្យាបាលផងដែរ។ ដោយសារតែបញ្ហាបាក់ទឹកចិត្តអាចនាំឲ្យមានបញ្ហាលើសុខភាពផ្លូវចិត្ត និងរាងកាយធ្ងន់ធ្ងរ ដូចនេះការស្វែងរកការព្យាបាលបានទាន់ពេលវេលាគឺជារឿងចាំបាច់។
នៅសហរដ្ឋអាមេរិកនៅឆ្នាំ២០២០ មនុស្សពេញវ័យប្រហែល២១លាននាក់បានជួបបញ្ហាបាក់ទឹកចិត្តធ្ងន់ធ្ងរយ៉ាងតិចម្ដង ដែលចំនួននេះមានប្រហែលជា៨%នៃមនុស្សពេញវ័យសរុបនៅអាមេរិក។ ក្នុងចំណោមអ្នកដែលមានបញ្ហាបាក់ទឹកចិត្តទាំងនោះ មានហានីភ័យក្នុងការធ្វើអត្តឃាតដែលមានចំនួនចន្លោះពី៥%ទៅ៨%។ ការសិក្សាផ្សេងទៀតនៅសហរដ្ឋអាមេរិកបានរកឃើញដែរថា ក្នុងចំណោមអ្នកធ្វើអត្តឃាត៣២%អាចមានទាក់ទងនឹងបញ្ហាផ្លូវចិត្ត ជាពិសេសគឺបញ្ហាបាក់ទឹកចិត្ត។
បញ្ហាបាក់ទឹកចិត្តត្រូវគេរកឃើញថាអាចបង្ក ឬមានទំនាក់ទំនងទៅនឹងបញ្ហាសុខភាពមួយចំនួនទៀតដូចជាជំងឺបេះដូង ជំងឺចាស់វង្វេង ជំងឺទឹកនោមផ្អែម និងការឆ្លងរោគជាដើម។ ដូចគ្នាដែរ អ្នកមានបញ្ហាបាក់ទឹកចិត្តអាចជួបបញ្ហាគេងមិនលក់ ដែលការណ៍នេះអាចធ្វើឲ្យប្រឈមនឹងជំងឺធាត់ ជំងឺទឹកនោមផ្អែម និងជំងឺបេះដូង។
ជាងនេះទៅទៀត បញ្ហាបាក់ទឹកចិត្តក៏អាចនាំឲ្យមានការធ្លាក់ចុះនៃចំណង់អាហារ តែក៏មានករណីខ្លះធ្វើឲ្យញ៉ាំច្រើនហួសប្រមាណក៏មានដែរ។ ការមានរបបអាហារមិនទៀងទាត់ ឬមិនល្អបែបនេះអាចធ្វើឲ្យប៉ះពាល់សុខភាពច្រើនយ៉ាងផងដែរ។
រោគសញ្ញាបញ្ហាបាក់ទឹកចិត្តសោកសៅ អស់សង្ឃឹម មានអារម្មណ៍បាត់បង់ បាត់បង់ចំណង់លើសកម្មភាពដែលខ្លួនចូលចិត្ត មានបញ្ហាដំណេក អស់កម្លាំង ស្រកទម្ងន់ ពិបាកផ្ចង់អារម្មណ៍ ឬធ្វើការសម្រេចចិត្ត។ ក្រៅពីនេះអាចមានបញ្ហាលើរាងកាយដូចជាឈឺខ្នង ឬឈឺក្បាលជាដើម។
ការព្យាបាលអាចធ្វើឡើងទាំងលើផ្នែកផ្លូវចិត្ត និងការប្រើប្រាស់ថ្នាំ។ ការព្យាបាលនេះត្រូវធ្វើឡើងដើម្បីស្វែងរកឫសគល់នៃបញ្ហា ឬរៀនទទួលយកការពិត និងកាត់បន្ថយរោគសញ្ញាជាដើម។ ពេលខ្លះគ្រូពេទ្យអាចណែនាំឲ្យប្រើប្រាស់ថ្នាំ ដែលការប្រើប្រាស់ថ្នាំនេះក៏ដើម្បីសម្រួលរោគសញ្ញានៃបញ្ហាបាក់ទឹកចិត្តដូចគ្នាដែរ។
ការទទួលបានការគាំទ្រ និងការព្យាបាលអាចធ្វើឲ្យអ្នកមានបញ្ហាបាក់ទឹកចិត្តទទួលបានផលវិជ្ជមាន។ ដូចនេះកុំខ្លាចនឹងស្វែងរកជំនួយបើសិនជាយើងកំពុងប្រឈមនឹងបញ្ហានេះ។