ការ​ធាត់​លើស​ទម្ងន់​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ឈឺ​សន្លាក់​

  • 2023-09-28 04:34:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺ​រលាក​សន្លាក់​ឆ្អឹង​​(OA)ជា​ផ្នែក​មួយ​នៃ​បញ្ហា​រលាក​សន្លាក់​ដែល​មនុស្ស​ជា​ច្រើន​លាន​នាក់​លើ​ពិភព​លោក​កំពុង​ជួប​ប្រទះ​។ ថ្វី​បើ​ជំងឺ​នេះ​អាច​បណ្ដាល​មក​ពី​មូល​ហេតុ​ផ្សេង តែ​ថ្ងៃ​នេះ​កញ្ញា លើក​យក​តែ​បញ្ហា​មួយ​ប៉ុណ្ណោះ​មក​បញ្ហាញ។ ​ជំងឺ​រលាកសន្លាក់​​ អាច​កើត​ឡើង​ពី​បញ្ហា​ធាត់​លើស​ទម្ងន់។

អ្នក​ជំនាញ​លើក​ឡើង​ថា​ពេល​ទម្ងន់​ខ្លួន​យើងកើន​ឡើង​ប្រហែល​ជា​១០​ផោន (ប្រហែល​៤គីឡូកន្លះ) នឹង​ដាក់​សម្ពាធ​បន្ថែម​លើ​ជង្គង់​ពី​១៥​ផោន​ទៅ​៥០​ផោន​​ (ពីជិត​៧គីឡូ ទៅ​ជាង​២២​គីឡូក្រាម)។ ដោយ​សារ​តែ​បែប​នេះ​ហើយ​ដែល​អាច​ជា​មូល​ហេតុ​នាំ​ឲ្យ​យើង​មាន​ជំងឺ​រលាក​សន្លាក់​ឆ្អឹង​ ឬ​ធ្វើ​ឲ្យ​ជំងឺ​នេះ​កាន់​តែធ្ងន់​ធ្ងរ។​

សម្ពាធ​លើ​សន្លាក់

​ទម្ងន់​ខ្លួន​កើន​ឡើង​គឺ​ជា​ការ​ដាក់​បន្ទុក​បន្ថែម​កាន់​តែ​ខ្លាំង​លើ​សន្លាក់​។ កាល​ណា​ទម្ងន់​ខ្លួន​កាន់​តែ​កើន​ឡើង​ការ​សង្កត់និង​ការ​បំផ្លាញ​សន្លាក់​ជង្គង់​​ក៏​អាច​កើត​មាន​កាន់​តែ​ខ្លាំង​ដែរ​។​ ​ការ​ដាក់​សម្ពាធ​លើ​សន្លាក់​ជង្គង់​មាន​កាន់តែ​ខ្លាំង​នៅពេល​​យើង​ដើរ​ឡើង​ចុះ​ជណ្ដើរ ឬ​លើក​ដាក់​របស់​អ្វី​មួយ​។​

ដូច​គ្នា​ដែរ អ្នក​ដែល​ធាត់​លើស​ទម្ងន់​​ក៏​មាន​ខ្លាញ់​ច្រើន​ដែរ។ ពេល​ខ្លះ​​ពពួក​ប្រូតេអ៊ីន​ដែល​កោសិកា​ខ្លាញ់​ផលិត និង​បញ្ចេញ​ទៅ​ក្នុង​រាង​កាយ​ក៏​អាច​បង្ក​ជា​ការ​រលាក​ដែរ​។ ខ្លាញ់​បង្កើន​ការ​រលាក​ទៅ​លើ​សន្លាក់​ដែល​កំពុង​រង​សម្ពាធ​ខ្លាំង​។ ពិ​សេស​អ្នក​មាន​ជំងឺ​រលាក​ឆ្អឹង​សន្លាក់​ស្រាប់​ខ្លាញ់​នឹង​ធ្វើ​ឲ្យ​ស្ថាន​ភាព​ជំងឺ​កាន់​តែ​យ៉ាប់​យឺន។​

ការ​រ​លាក​

ខ្លាញ់​គឺ​ជា​សារធាតុ​គីមី​សកម្ម​ និង​បញ្ចេញ​ប្រូតេអ៊ីន​បង្ក​ការ​រលាក​ជា​ប្រចាំ​។ ប្រូតេអ៊ីន​នេះ​ធ្វើ​ដំណើរ​ពេញ​ទាំង​រាង​កាយ និង​ធ្វើ​ឲ្យ​មាន​ការ​រលាក​តិច​តួច​នៅ​គ្រប់​កន្លែង​ រួម​ទាំង​នៅ​សន្លាក់​ផង​​។ ការ​រលាក​កម្រិត​ស្រាល​ដែល​នៅ​តែ​បន្ត​កើត​មាន​អាច​នឹងធ្វើ​ឲ្យ​សន្លាក់​របស់​យើង​វិវត្ត​ទៅ​រក​ជំងឺ​រលាក​ឆ្អឹង​សន្លាក់​។

សម្រាប់​អ្នក​មាន​បញ្ហា​លើស​ទម្ងន់​ពេល​មួយ​ដែល​​កើត​មាន​ជំងឺ​រលាក​ឆ្អឹង​សន្លាក់​នៅ​សន្លាក់​ណា​មួយ វា​ក៏​នឹង​មាន​ឱកាស​កាន់​តែ​​ខ្ពស់​ក្នុងការ​កើត​ជំងឺ​នេះ​នៅ​លើ​សន្លាក់​ផ្សេង​ទៀត​ដែរ​។ ជា​ឧទាហរណ៍ ​អ្នក​ធាត់​ម្នាក់​កំពុង​មាន​ជំងឺ​រលាក​ឆ្អឹង​សន្លាក់ គឺ​មាន​អត្រា​រលាក​សន្លាក់​ជង្គង់​មួយ​ទៀត​​ប្រាំដង​ខ្ពស់​ជាង​អ្នក​មាន​ទម្ងន់​ដង​ខ្លួន​ធម្មតា​។​

ជំងឺ​រលាក​ឆ្អឹង​សន្លាក់​​​អាច​វិវត្ត​ទៅ​​រក​សភាព​អាក្រក់​កាន់​តែ​លឿន និង​ធ្ងន់​ធ្ងរ​ផង​ដែរ​សម្រាប់​អ្នក​ធាត់​លើស​ទម្ងន់ បើ​ធៀប​ទៅ​នឹង​អ្នក​មាន​ទម្ងន់​ខ្លួន​តិច​។ អ្នក​ដែល​មាន​បញ្ហាធាត់​លើស​ទម្ងន់​ក៏​ទំនង​ជា​ប្រឈម​នឹង​ការ​វះកាត់​ប្ដូរ​ត្រគាក និង​ជង្គង់​ដែរ ហើយ​អ្នក​ទាំង​នោះ​ក៏​អាច​ប្រឈម​នឹង​ផលវិបាក​ច្រើន​ដែរពេល​វះកាត់ ហើយ​លទ្ធផល​ក៏​មិន​សូវ​ល្អ​ដូច​គ្នា​។

ការ​ពារសន្លាក់​គួរ​ស​ម្រក​ទម្ងន់​

ជា​រឿង​ល្អ បញ្ហា​រលាក​សន្លាក់​នេះ​អាច​ទប់​ស្កាត់​បាន​ ឬ​កាត់​បន្ថយ​ការ​វិវត្ត​ទៅ​មុខ​​បាន​ដោយ​គ្រាន់​តែ​យើង​សម្រក​ទម្ងន់​ឲ្យ​នៅ​ទាប​ជាង​ទម្ងន់​ខ្លួន​បច្ចុប្បន្ន​។ សម្រាប់​អ្នក​កំពុង​មាន​បញ្ហា​ឈឺ​សន្លាក់ ការ​សម្រក​ទម្ងន់​បាន​១០​ភាគរយ អាច​កាត់​បន្ថយ​បញ្ហា​ឈឺ​សន្លាក់​បាន​ប្រហែល​៥០​ភាគរយ។ ចំណែក​ពេល​យើង​អាច​សម្រក​បាន​រហូត​ដល់​២០​ភាគរយ ការ​ឈឺ​ចាប់​លើ​សន្លាក់​នឹង​កាត់​បន្ថយ​​២៥​ភាគរយ​បន្ថែម​ទៀត​ ឬ​ច្រើន​ជាង​នេះ​។​ ​អ្នក​ជំនាញ​ថា​​ការ​សម្រក​ទម្ងន់​នេះ​អាច​ជួយ​ពន្យឺត​ ឬ​បញ្ឈប់​ការ​វិវត្ត​របស់​ជំងឺ​ផង​ដែរ​។

ប្រភព៖ Hopkinsmedicine | ប្រភព ប្រែ​សម្រួល៖ ទូច សុខា