មកស្គាល់ដើមចមទាំង៧ ធ្វើឲ្យកើតជំងឺរលាកសន្លាក់

  • 2023-09-27 02:39:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺរលាកសន្លាក់ (arthritis) មានច្រើនសណ្ឋាន ប៉ុន្តែជំងឺរលាកសន្លាក់មួយដែលគេតែងជួបប្រទះញឹកញាប់ គឺជំងឺដែលកើតឡើងដោយសារការលើសអាស៊ីតអ៊ុយរីកក្នុងឈាម។

ជំងឺនេះភាគច្រើនកើតលើមនុស្សប្រុសដែលមានអាយុចន្លោះពី ៣០-៤៥ឆ្នាំ និងច្រើនកើតលើមនុស្សស្រីក្រោយអាយុ ៥៥ឆ្នាំ។ យ៉ាងណាមិញ មនុស្សទាំងពីរភេទក្រោយអាយុ ៦៥ឆ្នាំ សុទ្ធតែអាចប្រឈមនឹងជំងឺនេះ។

មានកត្តាជាច្រើនដែលអាចបណ្តាលឲ្យបរិមាណអាស៊ីតអ៊ុយរីកក្នុងឈាមលើស ដែលកត្តាទាំងនោះត្រូវបានគេចាត់ទុកជាដើមចមលាក់មុខទាំង៧ មានដូចខាងក្រោម៖

  • ការលើសទម្ងន់
  • ការពិសាជាតិអាល់កុលញឹកញាប់ ជាពិសេស ស្រាបៀរ ស្រាវីស្គី
  • ការញុំាអាហារច្រើនលើសកម្រិត ឬទុកពោះទទេរយូរពេក
  • អ្នកមានជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ
  • អ្នកជំងឺលើសសម្ពាធឈាម
  • អ្នកចូលចិត្តបរិភោគសាច់ និងគ្រឿងសមុទ្រក្នុងបរិមាណច្រើន
  • អ្នកកំពុងប្រើថ្នាំមួយចំនួន (ដោយមិនបានពិគ្រោះពេទ្យ) ដែលនាំទៅរកការលើសអាស៊ីតអ៊ុយរីកក្នុងឈាម

តើជំងឺលើសអាស៊ីតអ៊ុយរីកក្នុងឈាមមានរោគសញ្ញាអ្វីខ្លះ?

រោគសញ្ញានៃជំងឺលើសអាស៊ីតអ៊ុយរីករួមមាន៖

  • នៅលើស្បែក និងនៅលើសន្លាក់ មានលេចចេញជាដុំពកៗ
  • នៅតម្រងនោមឃើញមានក្រួសតម្រងនោម
  • សន្លាក់ដែលមានការប៉ះពាល់ខ្លាំង ជាពិសេសគឺសន្លាក់ ជង្គង់ កដៃ កជើង និងមេជើង គឺមានជាលក្ខណៈ ហើម ក្តៅ ឡើងក្រហម និងឈឺចាប់ខ្លាំង ពិសេសស្តែងចេញភ្លាមៗពិបាកនឹងទ្រាំ។

ការធ្វើរោគវិនិច្ឆ័យនិងព្យាបាល

ប្រសិនបើមានលេចចេញរោគសញ្ញាណាមួយដូចរៀបរាប់ខាងលើ អ្នកជំងឺត្រូវជួបពិគ្រោះជាបន្ទាន់ជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ និងកំណត់វិធីសាស្ត្រព្យាបាល តាមដានឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ជៀសវាងការប្រើថ្នាំដោយខ្លួនឯង ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital អត្ថបទដោយ៖ សុលក្ខិណា

អត្ថបទថ្មី