ហេតុ​អ្វី​ការ​ឈប់​សម្រាក​​ចុង​សប្ដាហ៍​មាន​សារសំខាន់​?

  • 2023-09-23 00:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ឈប់​សម្រាក​ពី​ការ​ងារនៅ​ថ្ងៃ​ចុង​សប្ដាហ៍​ គឺ​មាន​សារ​សំខាន់​ណាស់​សម្រាប់​យើង​គ្រប់​គ្នា។ ការ​ឈប់​សម្រាក​នេះ​មិន​ត្រឹម​តែ​ជួយ​ឲ្យ​យើង​បាន​ស្បើយ​អារម្មណ៍​ពី​ការងារ​ដែល​មាន​ភាព​តាន​តឹង​ប្រាំ​ថ្ងៃ​កន្លង​មក​ទេ តែ​ក៏​អាច​ជួយ​ឲ្យ​បង្កើន​ប្រសិទ្ធ​ភាព​ការ​ងារ​ផង​ដែរ​។

តើ​ការ​ឈប់​សម្រាក​ចុង​សប្ដាហ៍​ជួយ​បង្កើន​ប្រសិទ្ធភាព​ការងារ​បែប​ណា?

ការ​​ឈប់​សម្រាក​ពី​ការងារ​​នឹង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​បាន​ធូរ​ស្បើយ​ពី​ភាព​តាន​តឹង​ និង​ការ​គិត​ច្រើន​ពី​ការងារ​បាន​មួយ​រយៈ​។ ​ការ​កាត់​បន្ថយ​ភាព​តាន​តឹង ឬ​ស្ត្រេស​នេះ​ហើយ ដែល​គេ​ជឿ​ថា​យើង​នឹង​អាច​ធ្វើការ​បាន​កាន់​តែ​ប្រសើរ​ឡើង​វិញ​នៅ​ថ្ងៃ​ដើម​សប្ដាហ៍​។

ដូច​គ្នា​ដែរ​ពេល​យើង​ឈប់​សម្រាក​ពី​ការងារ​ គឺ​ជា​ការទុក​ឱកាស​ឲ្យ​ខួរ​ក្បាល​យើង​បាន​សម្រាក និង​បង្កើន​ថាមពល​ខួរ​ក្បាល​ឡើង​វិញ​ដែរ​។ ​ដោយ​បែប​នេះ​ហើយ ផល​ដែល​បាន​ត្រឡប់​មក​វិញ គឺ​​ជួយ​ឲ្យ​យើង​ធ្វើ​ការ​នៅ​ថ្ងៃ​បន្ទាប់​ប្រកប​ដោយ​ថាមពល និង​មាន​ប្រសិទ្ធភាព​។​

មួយ​វិញ​ទៀត​ការ​ឈប់​សម្រាក​ចុង​សប្ដាហ៍​អាច​ទុក​ពេល​ឲ្យ​រាង​កាយ​យើង​បា​សម្រាក​លំហែ ​ជួប​ជុំ​គ្រួសារ​ធ្វើ​ឲ្យ​ជីវិត​មាន​ភាព​រីក​រាយ បាត់​បង់​ភាព​តាន​តឹង​ក្នុង​ចិត្ត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​មាន​សុខ​ភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ល្អ​។ ហើយ​អ្វី​ទាំង​នេះ គឺ​សុទ្ធ​តែ​រួម​ចំណែក​ក្នុង​ការ​ជួយ​​ឲ្យ​​យើង​ធ្វើ​ការ​បាន​កាន់​តែ​ប្រសើរ​ឡើង​​។​

ជា​រួម​ការ​សម្រាក​ចុង​សប្ដាហ៍​ជួយ​ឲ្យ​យើង​កាត់​បន្ថយ​ស្រ្តេស បង្កើន​សុខ​ភាព​ផ្លូ​វ​កាយ និង​ផ្លូវចិត្ត ជួយ​ឲ្យ​មាន​លំនឹង​រវាង​ការងារ និង​ជីវិត​ប្រចាំ​ថ្ងៃ ព្រម​ទាំង​អាច​ទុក​ឲ្យ​កាស​ឲ្យ​យើង​មានពេល​គ្រប់គ្រាន់​សម្រាប់​ហាត់ប្រាណ ដែល​អ្វី​ទាំង​អស់​នេះ​ហើយ​​នឹង​ផ្ដល់​​ផល​ល្អ​សម្រាប់​​ខ្លួន​យើង​ដើម្បី​បំពេញ​កិច្ច​ការងារ​​នៅ​ថ្ងៃ​ដើម​សប្ដាហ៍កាន់​តែ​ប្រសើរ​​។​

ប្រភព៖ ប្រភព អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម