ស្ត្រីមានផ្ទៃពោះអាចប្រឈមគ្រោះថ្នាក់ធ្ងន់ បើគ្រាន់តែមើលត្រឹមអេកូ ហើយសម្រាលតែម្តង

  • 2023-09-19 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់គេនិយាយថា ចាំដល់ពេលឈឺពោះសម្រាល ចាំយើងទៅមន្ទីរពេទ្យធំ មានគ្រូពេទ្យដែលមានជំនាញ តែក្នុងអំឡុងពេលមានផ្ទៃពោះយើងមើលតែអេកូទៅបានហើយ យើងមិនចាំបាច់ពិនិត្យឈាម មិនចាំបាច់ពិនិត្យមាត់ស្បូន ហើយក៏មិនចាំបាច់ជួបគ្រូពេទ្យជំនាញដែរ ?តើជំនឿបែបនេះជាជំនឿត្រឹមត្រូវដែរទេ? តើស្រ្តីគួរអនុវត្តន៍បែបណាដើម្បីឲ្យខ្លួនឯងមានសុវត្ថភាពបំផុត។

ជាការពិត ពេលសម្រាលកូនគឺជាពេលវេលាចាំបាច់ ជាពេលវេលាសំខាន់សម្រាប់ស្ត្រីត្រូវរកកន្លែងដែលសុវត្ថភាព គ្រូពេទ្យមានជំនាញ ។ ប៉ុន្តែការតាមដានផ្ទៃពោះ ដែលស្ត្រីត្រូវធ្វើជាចាំបាច់ប្រចាំខែនោះ គឺសំខាន់និងចាំបាច់ជាងកន្លែងសម្រាលនៅកន្លែងណាទៅទៀត ព្រោះស្រ្តីតាមដានសុខភាពផ្ទៃពោះឲ្យបានត្រឹមត្រូវ សុខភាពម្តាយនិងកូនល្អក្នុងអំឡុងពេល ៩ខែ១០ថ្ងៃ បានធ្វើឲ្យស្រ្តីមានសុវត្ថភាពលើសពី៥០ភាគរយនៃការសម្រាលកូនរួចទៅហើយ។

ដូចនេះជំនឿដែលគ្រាន់តែមានផ្ទៃពោះហើយពិនិត្យតែអេកូ វាគ្រាន់តែជាជំនឿមួយដែលខុសឆ្គង ខ្លាំងមែនទែន ព្រោះអេកូ វាគ្រាន់តែលទ្ធផលនៃបញ្ហាដែលកើតមានឡើង អ្វីដែលយើងចង់ដឹង យើងចង់ដឹងថាតើសុខភាពរបស់យើងបច្ចុប្បន្នតើមានបញ្ហាអ្វី មានបំរែបំរួលអកម៉ូនដែរទេ មានជំងឺទឹកនោមផ្អែមដែរទេ សុខភាពរបស់កូនយើងមានអ្វីដែលអាចផ្ទុកនៅក្នុងខ្លួនហើយឆ្លងទៅកូនដែរទេ។ ដូចនេះហើយ ទាមទារឲ្យយើងពិនិត្យឈាម នៅពេលដែលយើងពិនិត្យឈាមមានន័យថា យើងកំពុងតែព្យាយាមរកហេតុផលនៃបញ្ហា ហើយព្យាយាមដោះស្រាយនៃបញ្ហានោះ ដែលមិនទុកឲ្យបញ្ហានោះធ្វើបាបកូនយើង។ មួយទៀតការពិនិត្យមាត់ស្បូន បើសិនយើងមិនពិនិត្យមាត់ស្បូនទេ ធ្វើមិចទើបយើងដឹងថាទ្វាមាសរបស់យើងមិនមានមេរោគ ធ្វើមិចយើងដឹងថាវាមិនមានជំងឺសិរមាន់ មិនមានដុំសាច់ មិនមានការរំខាននៅពេលដែលសម្រាលកូន។

ដូចនេះហើយនៅពេលដែលយើងគ្រាន់តែមើលអេកូយើងសប្បាយចិត្ត ប៉ុន្តែនៅពេលដែលយើងសម្រាលគឺយើងទទួលហានិភ័យខ្ពស់ អាចប្រឈមជាមួយគ្រោះថ្នាក់។

ប្រភព៖ Kanha Rose

អត្ថបទ៖ Tep Sovannmoly