តើឈាមច្រមុះបណ្តាលមកពីអ្វី? គួរធ្វើបែបណាពេលឈាមច្រមុះ?

  • 2023-09-14 23:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការហូរឈាមពីច្រមុះដោយឯកឯងអាច​ជួបញឹកញាប់លើកុមារ និង​មនុស្សវ័យជំទង់អាយុចន្លោះ ៥ទៅ ២០ឆ្នាំ ជាពិសេសបន្ទាប់ពីការកេះក្នុងច្រមុះ ត្រូវកំដៅថ្ងៃខ្លាំង ឬការប្រែប្រួលនៃអ័រម៉ូន នៅពេលពេញវ័យគ្រប់ការ ការមករដូវពេលពពោះ ឬ​ពេលរំភើប ជាដើម។

ទោះជាយ៉ាងណាក៏ដោយ យើងអាចសង្កេតឃើញ ឈាមច្រមុះអាចជាសញ្ញាមួយរបស់ជំងឺដែលវិវត្តន៍ដោយមិនបានដឹងពីមុន ឬក៏ជាផលវិបាករបស់ជំងឺដែលយើងបានដឹងពីមុនមកហើយ ជួនកាលវាគ្រាន់តែជាការហូរឈាមដោយឯកឯង គ្មានមូលហេតុច្បាស់លាស់។

ថ្ងៃនេះកញ្ញានឹងលើកយកមូលហេតុមួយចំនួននៅជុំវិញការឈាមច្រមុះ និងការព្យាបាលពេលការឈាមច្រមុះកើតឡើង។

ឈាមច្រមុះ គឺជាការហូរឈាមចេញពីរន្ធច្រមុះទាំងពីរមកក្រៅ ឬធ្លាក់ទៅក្នុងបំពង់ក។ បញ្ហាអាចបណ្តាលមកពីកត្តាផ្សេងៗគ្នារួមមានការប៉ះទង្គិច ការវះកាត់ ឬបណ្តាលមកពីជំងឺផ្សេងៗជាដើម។

មូលហេតុនៃការហូរឈាមច្រមុះ

មូលហេតុនៃការហូរឈាមច្រមុះ អាចបណ្តាលមកពីមូលហេតុនៅនឹងច្រមុះផ្ទាល់ និងមូលហេតុអំពីវិបត្តិផ្សេងៗ។

១) មូលហេតុនៅនឹងច្រមុះផ្ទាល់

  • ការប៉ះទង្គិចលើមុខ និងក្បាល អាចបណ្តាលឲ្យបាក់ឆ្អឹងច្រមុះ និងឆ្អឹងផ្ទៃមុខ
  • ការវះកាត់
  • ដុះសាច់ក្នុងរន្ធច្រមុះ
  • អាចជាមហារីកគល់ច្រមុះ ឬមហារីកច្រមុះ ដែលស្តែងចេញជាការហូរឈាមពីច្រមុះសារចុះសារឡើង តឹងច្រមុះជាប្រចាំ និងជួនកាលមានការឈឺចាប់នៅផ្ទៃមុខ។
  • អាចជាឫសដូងច្រមុះ ដែលអាចស្តែងចេញជាការហូរឈាមច្រមុះតែរន្ធមួយចំហៀង និងសារចុះសារឡើង រួមនឹងតឹងច្រមុះជាប្រចាំ។
  • មូលហេតុមួយចំនួនទៀត ដែលអាចជួបប្រទះញឹកញាប់ដូចជា ជំងឺរលាក ហើមសាច់ច្រមុះ និងប្រអប់ឆ្អឹងច្រមុះ
  • ក្រៅពីនេះក៏អាចបណ្តាលមកពីជំងឺផ្តាសាយ រលាកច្រមុះ និងបំពង់ក រលាកច្រមុះស្រួចស្រាល់ ឬរលាកប្រអប់ឆ្អឹងច្រមុះ ដែលមិនបានចាប់អារម្មណ៍ ហើយវាស្តែងចេញជាការហូរឈាមនេះឡើង នោះការព្យាបាលដោយថ្នាំផ្សះជាតំរូវការចាំបាច់។

២) មូលហេតុមកអំពីវិបត្តិផ្សេងៗ

  • ការបាត់បង់ឈាមកក ដូចជាជំងឺដែលមានចំនួនប្លាកែតចុះច្រើន ជំងឺឈាមមួយចំនួន ជំងឺខ្សោយមុខងារថ្លើមធ្ងន់ធ្ងរ ឬការប្រើថ្នាំប្រឆាំងឈាមកកជាប់ជាប្រចាំ។
  • ជំងឺលើសឈាមក៏ជាមូលហេតុនៃការហូរឈាមច្រមុះ ដែលជួបញឹកញាប់នៅលើមនុស្សពេញវ័យ។

ជាទូទៅយើងអាចសង្កេតឃើញការហូរឈាមប្រមាណ៩០% មានលក្ខណៈស្រាល ប្រសិនបើវាកើតឡើង៖

  • នៅផ្នែកខាងមុខនៃច្រមុះ
  • ភាគច្រើនឈាមតែមួយចំហៀង
  • បាត់ទៅវិញដោយឯកឯង ឬដោយច្របាច់ច្រមុះ ផ្ទុយទៅវិញឈាមច្រមុះប្រមាណ១០% អាចមានសភាពធ្ងន់ធ្ងរ អាចមានភាពងាយស្រួលក្នុងការវាយតម្លៃ បើអ្នកជំងឺមិនបានលេបឈាមចូលទៅក្នុងពោះ ឬមិនច្រឡំជាមួយក្អួតឈាម។

ការឈាមច្រមុះសភាពធ្ងន់ធ្ងរមាន៖

  • បរិមាណឈាមច្រើន ហើយញឹកញាប់ ឬជាប់ជាប្រចាំ
  • ឈាមទាំងសងខាង ដោយហូរមកខាងមុខផង និងធ្លាក់ទៅខាងក្រោយបំពង់កផង
  • ធ្វើឲ្យអ្នកជំងឺភ័យ ស្លន់ស្លោរ ឡេះឡះ អស់កម្លាំង ជីពចរដើរញាប់ ត្រជាក់ចុងដៃ ចុងជើង និងសម្ពាធឈាមចុះ ដែលត្រូវការសង្គ្រោះបន្ទាន់ សម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។

ការព្យាបាល

១) វិធានការទូទៅ

  • ដាក់អ្នកជំងឺក្នុងស្ថានភាពស្ងប់ស្ងាត់ ហើយពាក់កណ្តាលអង្គុយ
  • ពិនិត្យមើល សញ្ញាស្ទះថប់ផ្លូវដង្ហើម ដែលអ្នកជំងឺ មិនអាចដកដង្ហើមបានដោយឈាមធ្លាក់ចូលទៅក្នុងផ្លូវដង្ហើម
  • វាយតម្លៃលើផលប៉ះពាល់ដែលកើតឡើងលើចលនាឈាមរត់ ស្លេកស្លាំង បែកញើសជោគ ជីបចរដើរញាប់ ចង្វាក់ដង្ហើមញាប់ និងសម្ពាធឈាមដែលធ្លាក់ចុះ
  • ឲ្យអ្នកជំងឺសម្រាកពេទ្យបើហូរឈាមមានសភាពធ្ងន់ធ្ងរ
  • រកសរសៃឈាមដើម្បីបូមឈាមពិនិត្យ និងបំពេញបរិមាណឈាមដែលបាត់បង់ដោយសេរ៉ូម។

២) វិធានការបន្ទាប់

  • ដាក់សំឡី ឬ ស្បៃវែងចូលទៅក្នុងរន្ធច្រមុះ ផ្សើមដោយថ្នាំ (xylocaëne et/ou naphazoline) ដោយទុករយៈពេល ៣ ទៅ ៥ នាទី ដើម្បីឃាត់ឈាម ជួនកាលការធ្វើនេះអាចបញ្ឈប់ការហូរឈាមបាន។

អ្នកជំងឺដែលមានអាការៈឈាមច្រមុះ លើកលែងតែមូលហេតុការប៉ះទង្គិចលើច្រមុះ មុខនិងក្បាល ដែលយើងមិនអាចចៀសវាងបាន អាចអនុវត្តមធ្យោបាយសាមញ្ញមួយចំនួនអាចឲ្យច្រមុះមានសភាពល្អដូចខាងក្រោម៖

  • ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខ​ភាព
  • ធ្វើលំហាត់បា្រណឲ្យបានទៀងទាត់ និងរាល់ថ្ងៃ
  • បញ្ឈប់ថ្នាំដែលមានផលវិបាកលើសាច់ច្រមុះ
  • តាមដានឲ្យបានទៀងទាត់ជាមួយគ្រូពេទ្យឯកទេស បើមានជំងឺលើសឈាម។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital អត្ថបទដោយ៖ សុលក្ខិណា

អត្ថបទពេញនិយម