គន្លឹះមួយចំនួន​មានប្រយោជន៍ចំពោះអ្នកមានបញ្ហាគេងមិនលក់

  • 2023-09-09 00:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​គេង​មិន​គ្រប់​គ្រាន់​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខ​ភាព​បេះ​ដូង។ ការ​គេង​មិន​គ្រប់​គ្រាន់​អាច​បណ្ដាល​មក​ពី​យើង​មិន​សូវ​មាន​ពេល​គេង ឬ​ក៏​មាន​បញ្ហា​ក្នុង​ការ​គេង​។ បើ​សិន​ជា​គ្នា​យើង​មាន​បញ្ហា​ក្នុង​ការ​គេង អាច​សាក​ល្បង​អនុវត្ត​ទម្លាប់​ទាំងនេះ​ទំនង​ជា​អាច​ជួយ​បាន​ច្រើន​។​

កំណត់​ម៉ោង​ពេល​​ត្រូវ​គេង​៖ ​គេង​បាន​គ្រប់​គ្រាន់​គឺ​ជា​រឿង​សំខាន់​ចំពោះសុខ​ភាព​​​បេះ​ដូង ក៏ដូច​ជា​សុខ​ភាព​ទូ​ទៅ​ដែរ​។ ដើម្បី​​ទទួល​បាន​ដំណេក​ល្អ​មួយ​ CDC អាមេរិក​បាន​ណែ​នាំ​ឲ្យ​យើង​កំណត់​ម៉ោង​ជាក់​លាក់​មួយ​សម្រាប់​ចូល​គេង និង​ភ្ញាក់​ពី​គេង​ ឲ្យ​បាន​រាល់​ថ្ងៃ​។ សម្រាប់​ការ​គេង​ត្រូវ​គេង​ក្នុង​បន្ទប់​ងងឹត​ គ្មាន​សំឡេង​រំខាន មាន​ផាសុកភាព និង​មិន​ត្រូវ​ប្រើឧបករណ៍​អេឡិច​ត្រូនិកកៀក​នឹង​ម៉ោង​គេង​ពេក​។ ដូច​គ្នា​ដែរ​គួរកុំ​ញ៉ាំ​គ្រឿង​ស្រវឹង អាហារមានជាតិ​កាហ្វេអ៊ីន ឬ​ញ៉ាំ​អាហារ​ច្រើន​ បើ​ជិត​ដល់​ម៉ោង​ចូល​គេង។​

​ទម្លាប់​ហាត់​ប្រាណ​៖ ការ​មាន​សកម្ម​ភាព​រាង​កាយ ឬ​ការ​ធ្វើ​លំហាត់​ប្រាណ អាច​រួម​ចំណែក​ជួយ​ឲ្យ​គេង​លក់​ស្រួល​​នៅពេល​យប់​។​​ លំហាត់​ប្រាណទាំង​នោះ​អាច​មាន​ដូច​ដើរ រត់ ជិះ​កង់ ឬហែល​ទឹក​ជាដើម។ លំហាត់​ប្រាណ​ទាំងនេះ​មិន​ត្រឹម​តែជួយ​ដល់​ការគេង​នៅពេល​យប់ទេ តែ​ក៏​រួម​ចំណែក​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង​ដែរ​។​

ញ៉ាំអាហារ​ល្អ​ចំពោះ​សុខ​ភាព​៖ អាហារ​ល្អ​ចំពោះ​សុខ​ភាព​គឺ​អាហារ​មាន​ជាតិ​ស្ករទាប និង​ខ្លាញ់​ទាប ហើយ​ជា​អាហារសម្បូរ​ជាតិ​សរសៃ។ អាហារ​សម្បូរ​ដោយ​បន្លែ និង​ផ្លែឈើ ជា​អាហារ​ល្អ​ចំពោះ​សុខ​ភាព ហើយ​អាច​រួម​ចំណែក​​ដល់​ការគេង​ដែរ​។​

គ្រប់​គ្រ​ង​ស្ដ្រេស​៖ អ្នក​មាន​បញ្ហា​ស្រ្តេស​​ច្រើន​អាច​រំខាន​ដល់​គុណភាព​នៃ​ការ​គេង​ ហើយ​ស្ត្រេស​ក៏​ជាកត្តា​ហានិភ័យ​មួយ​នៃ​ជំងឺ​បេះ​ដូង​ដែរ។ រៀន​គ្រប់​គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ​ជួយ​ឲ្យ​គេង​លក់​ស្រួល និង​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះ​ដូង​។​

គ្រប់​គ្រង​ទម្ងន់​ឲ្យ​បានល្អ​៖ បើ​សិន​ជា​យើង​ធាត់​លើស​ទម្ងន់​ នឹង​ធ្វើ​ឲ្យ​យើង​មាន​ហានិភ័យ​ជំងឺ​បេះ​ដូង និង​បញ្ហា​គេង​បាត់​ដង្ហើម ដែល​បញ្ហា​នេះ​រំខាន​ដល់​ដំណេក​​​។​ ​យើង​អាច​រក្សា​ទម្ងន់​ដង​ខ្លួន​ល្អ​បាន​តាមរយៈ​របបអាហារ​ល្អ​ចំពោះ​សុខ​ភាព និង​ការ​ហាត់​ប្រាណ​ជា​ប្រចាំ​។​

ប្រឹក្សាជាមួយគ្រូពេទ្យ​៖​ បញ្ហា​ដំណេក ដូច​ជា​បញ្ហា​ដេក​បាត់​ដង្ហើម អាច​រំខាន​ដល់​គុណភាព​ដំណេក​បាន។ ស្វែង​រក​ការ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​បើ​សង្ស័យ​ថា​ខ្លួន​កំពុង​មាន​បញ្ហា​ដំណេក និង​រំខាន​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​។

ប្រភព៖ Harvard | webmd អត្ថបទ៖ ទូច សុខា