គេង​មិន​គ្រប់​គ្រាន់​អាច​​បង្កើន​ហានិភ័យ​កើត​ជំងឺបេះ​ដូង​

  • 2023-09-08 04:01:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​គេង​មិន​គ្រប់​គ្រាន់​ត្រូវ​គេ​ដឹង​ថា​អាច​បង្ក​ផល​អវិជ្ជមាន​ច្រើន​យ៉ាង​ដល់​សុខ​ភាព​បេះ​ដូង​។ ដូច​នេះ​ហើយ​យើង​ត្រូវ​មានពេល​​វេលា​គេង​ឲ្យ​បាន​ត្រឹម​ត្រូវ​ដើម្បី​​កុំ​ឲ្យ​​ប៉ះ​ពាល់​ដល់​សុខ​ភាព​រាង​កាយ និង​បេះ​ដូង។ តើ​ការ​គេង​មិន​គ្រប់​គ្រាន់​ប៉ះ​ពាល់​សុខ​ភាព​បេះ​ដូង​បែបណា?

ឡើង​សម្ពាធឈាម​៖ ការ​គេង​មិន​បាន​គ្រប់​គ្រាន់​ជា​មូល​ហេតុ​មួយ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​មាន​ការ​កើន​ឡើង ហើយ​ការ​កើន​ឡើង​សម្ពាធ​ឈាម​នេះ ក៏​ជា​កត្តា​ហានិភ័យ​មួយ​​នាំ​ឲ្យ​មាន​បញ្ហា​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។​

បង្កើន​ហានិភ័យ​ជំងឺ​សរសៃឈាមបេះដូង៖ អ្នក​មាន​បញ្ហា​គេង​មិន​លក់ ឬគេង​មិន​បាន​គ្រប់​គ្រាន់​ជា​ប្រចាំ អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​សរសៃឈាម​បេះដូង​។ គេង​មិន​បាន​គ្រប់​គ្រាន់​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​បញ្ហា​ធាត់​លើស​ទម្ងន់ សម្ពាធឈាមខ្ពស់ និង​ប្រឈមនឹង​ជំងឺ​ទឹកនោមផ្អែម​ផង​ដែរ ដែល​អ្វី​ទាំង​នេះសុទ្ធតែ​ជា​កត្តា​រួម​ចំណែក​នាំឲ្យ​មាន​ជំងឺ​សរសៃឈាម​បេះ​ដូង​។​

បង្កើន​ការ​រលាក​ក្នុង​រាង​កាយ៖ អ្នក​គេង​មិន​គ្រប់ ឬ​អ្នក​មាន​បញ្ហា​គេង​មិនលក់​ ក៏​​អាច​នាំ​ឲ្យ​កើត​មាន​បញ្ហា​រលាក​ក្នុង​រាង​កាយ​ដែរ ដែល​បញ្ហា​រលាក​នេះ​អាច​ធ្វើ​ឲ្យ​ហានិភ័យ​នៃ​បញ្ហា​សរសៃ​ឈាម​បេះ​ដូង​កើត​ឡើង​ដែរ​។​

ហានិភ័យ​ជំងឺ​បេះដូង​ផ្សេង​ទៀត​៖ ការ​សិក្សា​រក​ឃើញ​ថា​អ្នក​ដែល​គេង​បាន​តិច​ជាង​៦ម៉ោងក្នុង​មួយ​យប់​ទំនង​ជា​មានភាគ​រយ​ខ្ពស់​ក្នុង​ការ​វិវត្តទៅ​ជា​ធាត់​លើស​ទម្ងន់ វិវត្តទៅ​រក​ជំងឺ​ទឹក​នោមផ្អែម និង​អាច​កើត​ជំងឺ​សរសៃឈាម​បេះ​ដូង​ខ្ពស់ ជាង​អ្នក​ដែល​បាន​គេង​ចន្លោះពី​៧​ទៅ​៨​ម៉ោង​ក្នុង​មួយ​យប់​។ ការ​សិក្សាខ្លះ​ទៀត​បង្ហាញ​ថា​ការ​គេង​មិនបាន​គ្រប់​គ្រាន់ ឬ​តិច​ជាង​៦ម៉ោង​ក្នុង​មួយ​យប់​នេះ​អាច​បង្ក​ហានិភ័យ​កើត​ជំងឺ​បេះដូង​បី​ដង​ខ្ពស់​ជាង​អ្នក​គេង​បាន​គ្រប់​គ្រាន់​។​

ដូច​នេះ​យើង​គួរ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​បង្ការ​ហានិភ័យ​ទាំង​នេះ​។ បើ​តាមសមាគម​សុខ​ភាព​បេះ​ដូង​អាមរិក មនុស្សពេញ​វ័យ​គួរ​គេង​ឲ្យ​បាន​៧ទៅ៩​ម៉ោង​ក្នុង​មួយ​យប់។ ក្នុង​ករណី​យើង​មាន​បញ្ហា​គេង​មិន​លក់​ ពិបាក​គេង​​ឲ្យ​លក់ ឬសង្ស័យ​ថា​ខ្លួន​កំពុង​មាន​បញ្ហា​គេង គួរស្វែង​រក​ការ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​​ដើម្បីបាន​ធ្វើ​រោគ​វិនិច្ឆ័យ​ និង​ការ​ព្យាបាល​ត្រឹម​ត្រូវ​។​

ប្រភព៖ webmd | Hopkinsmedicine អត្ថបទ៖ ទូច សុខា