តើ​ស្ត្រេស​អាច​ប៉ះ​ពាល់​សុខ​ភាព​បេះ​ដូង​បែប​ណា?​

  • 2023-09-06 04:25:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​ស្ត្រេស​ជា​អ្វី? ស្ត្រេស​គឺ​ជា​ស្ថាន​ភាព​មួយ​នៃ​ការ​ព្រួយ​បារម្ភ ឬ​មាន​ភាព​តាន​តឹង​ផ្លូវ​ចិត្ត​ បង្ក​ឡើង​ដោយ​ស្ថាន​ភាព​លំបាក​ណា​មួយ​។ ស្ត្រេស​គឺ​ជា​ការ​ឆ្លើយ​តប​ជា​ធម្មជាតិ​របស់​រាងកាយ​​យើង​ទៅ​នឹង​បញ្ហាប្រឈម​នានា ឬ​ការ​គំរាម​កំហែង​ណា​មួយ​ដល់​ជីវិត ឬ​ការ​រស់​នៅ។ ដូច​គ្នា​ដែរ​ស្រ្តេស​កើត​ចេញ​ពី​ហេតុការណ៍ ឬ​ការ​គិត​ដែល​​អាច​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ខឹង មួម៉ៅ ឬ​ភ័យ​ព្រួយ​។​​

ស្ត្រេស​ និង​សុខ​ភាព​បេះ​ដូង​

​ស្ត្រេស​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​អវិជ្ជមាន​ដល់​សុខ​ភាព​បេះ​ដូង​តាម​វិធី​ច្រើន​យ៉ាង​។​ អ្នក​ដែល​មាន​បញ្ហា​ស្ត្រេស​រ៉ាំរ៉ៃ​អាច​នាំ​ឲ្យ​មាន​សម្ពាធ​ឈាម​ខ្ពស់ ​ដែល​អាច​នាំ​ឲ្យ​មាន​ហានិភ័យ​​កើត​បញ្ហា​គាំង​បេះ​ដូង ឬ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។ ​

ក្រៅពីនេះ ស្រ្តេស​​ក៏​បង្កើន​ការ​រលាក​ក្នុង​រាង​កាយ ដែល​​​ផ្សារភ្ជាប់​ទៅ​នឹង​កត្តា​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​បេះ​ដូង ដូច​ជា​សម្ពាធ​ឈាម​ខ្ពស់ និង​ការ​ធ្លាក់​ចុះ​នៃ​កូលេស្តេរ៉ូល​ល្អ​​ជា​ដើ​ម។​ ដូច​គ្នា​ដែរ បើស្ថានភាព​ស្ត្រេស​កើត​ឡើង​​មាន​រយៈពេល​យូរ​អង្វែង ក៏​អាច​ប៉ះពាល់​លើ​កំណក​ឈាម​ដែល​អាច​ធ្វើ​ឲ្យ​មាន​សភាព​កាន់​តែ​ស្អិត និង​បង្កើន​ហានិភ័យ​បញ្ហា​គ្រោះថា្នក់​សរសៃ​ឈាម​ខួរក្បាល​។​

ក្រៅពី​នេះ ស្ត្រេស​ក៏​អាច​ធ្វើ​ឲ្យ​លំហូរ​ឈាម​​ទៅ​កាន់​សាច់ដុំ​បេះដូង​មិន​ល្អ​ ដែល​ជា​ហេតុ​អាច​នាំ​ឲ្យ​បេះ​ដូង​មិន​អាច​ទទួល​បាន​អុកស៊ីសែន​គ្រប់​គ្រាន់​។ បន្ថែមពី​នេះ អ្នក​កើត​ស្រ្តេស​ខ្លះ​អាច​ឈាន​ដល់​ការ​ជក់​បារី ឬ​ញ៉ាំ​អាហារ​មិន​ល្អ​ចំពោះ​សុខ​ភាព ឬ​ញ៉ាំ​អាហារ​ច្រើន​ជ្រុល​ និង​មិន​សូវ​ធ្វើ​សកម្ម​ភាព​រាង​កាយ ដែល​អ្វី​ទាំង​នេះ​ គឺ​សុទ្ធ​តែ​ជា​កត្តា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខ​ភាព​បេះ​ដូង​។

​ការគ្រប់​គ្រង​ស្រ្តេស​បាន​ល្អ​មិន​ត្រឹម​តែ​ជួយ​ដល់​សុខ​ភាពបេះ​ដូង​ប៉ុណ្ណោះទេ តែ​ក៏​រួម​ចំណែក​ជួយ​ដល់​សុខភាព​រាង​កាយ​ទូទៅផ្សេង​ទៀត​ផង​ដែរ។ ជ្រើស​រើស​វិធី​កាត់​បន្ថយ​ស្ត្រេស​បាន​ត្រឹម​ត្រូវ គឺ​ជួយ​ដល់​សុខ​ភាព​បេះ​ដូង និង​សុខ​ភាព​ទូ​ទៅ​។​

ប្រភព៖ mayoclinic | CDC | Hopkinsmedicine អត្ថបទ៖ ទូច សុខា