តើ​អ្វី​ជា​ជំងឺ​បេះ​ដូង?

  • 2023-09-06 04:12:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺ​បេះ​ដូង​គឺ​ជា​ពាក្យ​ទូទៅ​មួយ​ដែល​រួម​បញ្ចូល​​ប្រភេទនៃ​បញ្ហា​បេះដូង​ជា​ច្រើន​។ នៅ​សហរដ្ឋ​អាមេរិក ជំងឺ​បេះ​ដូង​ដែល​កើត​ច្រើន​គឺ​ជំងឺ​សរសៃ​ឈាមបេះ​ដូង​​(coronary artery disease) ដែល​ជំងឺ​នេះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​លំហូរ​ឈាម​ទៅ​កាន់​បេះ​ដូង​។​

ជំងឺ​បេះ​ដូង​​មាន​ប្រភេទ​ផ្សេងៗ​ដែល​រួម​មាន​៖

  • ជំងឺ​សរសៃឈាម​បេះ​ដូង
  • ចង្វាក់​បេះដូង​ខុស​ប្រក្រតី​
  • ជំងឺ​បេះ​ដូង​ពីកំណើត​
  • ជំងឺ​សាច់ដុំ​បេះ​ដូង​ និង​
  • ជំងឺ​ប្រឹស​បេះ​ដូង​ ជា​ដើម​។

ប្រភេទ​នៃ​ជំងឺ​​បេះ​ដូង​នីមួយ​ៗ​មាន​មូល​ហេតុ​បង្ក​ផ្សេងៗ​គ្នា​។​ ជាក់​ស្ដែង​ដូច​ជា​ជំងឺ​សរសៃ​ឈាម​បេះ​ដូង កើត​ឡើង​នៅ​ពេល​សរសៃឈាម​អាក់ទែ​ដែល​ផ្គត់​ផ្គង់​ឈាម​ទៅ​បេះ​ដូង​មាន​ការ​រាំង​ស្ទះ​ដោយ​កំណក​ ចំណែក​បញ្ហា​ចង្វាក់បេះ​ដូង​លោត​ខុស​ប្រក្រតី​អាច​កើតចេញ​ពី​សម្លាក​នៅ​លើ​សាច់​ដុំ​បេះដូង​។ បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ លើស​ជាតិ​ខ្លាញ់ និង​ការ​​ជក់បារី គឺ​ជា​កត្តា​ហានិភ័យ​នាំ​ឲ្យ​មាន​ជំងឺ​បេះ​ដូង​។

រោគ​សញ្ញា​ជំងឺ​បេះ​ដូង​អាច​មាន​ភាព​ផ្សេងៗ​គ្នា​អាស្រ័យ​លើ​ប្រភេទ​នៃ​ជំងឺ​បេះ​ដូង​។ ​យ៉ាង​ណា​រោគ​សញ្ញា​ទូ​ទៅ​នៃ​ជំងឺបេះ​ដូង​មាន​ដូច​ជា​ឈឺ​ទ្រូង ឬ​ពិបាក​ក្នុង​ទ្រូង ចុករួយក ឬខ្នង​ផ្នែក​ខាង​លើ ពិបាក​រំលាយ​អាហារ ក្រហាយ​ទ្រូង ចង្អោរ ឬ​ក្អួត អស់កម្លាំង​ខ្លាំង វិល​មុខ និង​ដក​ដង្ហើម​ខ្លីៗ​​ជា​ដើម​។​

ការ​ព្យាបាល​ជំងឺ​បេះ​ដូង​គឺ​អាស្រ័យ​ទៅ​លើ​ប្រភេទ​ជាក់​លាក់​នៃជំងឺ​នេះ និង​ភាព​ធ្ងន់​ធ្ងរ​របស់​ជំងឺ ទៅ​តាម​ការ​វាយ​តម្លៃ​របស់​គ្រូពេទ្យ​​។ យ៉ាងណា ការ​ព្យាបាល​ជាទូទៅ​មាន​ដូច​ជា​ការ​ប្រើ​ប្រាស់​ថ្នាំ ការ​វះ​កាត់ ឬ​អាច​មាន​វិធី​ផ្សេង​ទៀត​។ ក្រៅពី​នេះ​ការ​ព្យាបាល​ដោយ​កែ​ប្រែ​បែប​បទ​នៃការ​រស់​នៅ​ក៏​ត្រូវ​ប្រើ​ដែរ។ ការ​កែ​ប្រែ​នេះ​គឺ​ដូច​ជា​អ្នក​ជំងឺត្រូវ​ញ៉ាំ​អាហារ​ល្អ​ចំពោះ​សុខ​ភាព​តាមការណែ​របស់​គ្រូពេទ្យ ដូច​ជា​អាហារមាន​ជាតិ​ខ្លាញ់ទាប និង​អំបិល​ទាប​​ជា​ដើ​ម​។ ក្រៅ​ពីនេះ​ការ​ហាត់ប្រាណ និង​បញ្ឈប់​ការ​ជក់​បារី​​ក៏​ត្រូវ​អនុវត្ត​ដែរ​។​

ក្រៅ​ពី​នេះ ការ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ និង​ការ​គ្រប់​គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ ក៏​ជាចំណែក​ជួយ​ដល់​សុខ​ភាព​បេះ​ដូង​ដែរ​។ បើ​សិន​ជា​មាន​ការ​សង្ស័យ​ថា​មាន​ជំងឺ​បេះ​ដូង​ដោយ​មាន​ចេញ​រោគ​សញ្ញា​ដូច​បាន​រៀប​រាប់​ខាង​លើ ជា​ការ​ល្អ​ត្រូវ​ស្វែង​រក​ការ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​បាន​ការធ្វើ​រោគ​វិនិច្ឆ័យ​ត្រឹម​ត្រូវ និង​ការ​ព្យាបាល​បាន​ទាន់​ពេល​។​

ប្រភព៖ webmd | mayoclinic | CDC អត្ថបទ៖ ទូច សុខា