ជំងឺសិរមាន់រន្ធបាត អ្នកប្រឡូកក្នុងការរួមភេទមិនគួរមើលរំលង

  • 2023-08-02 06:50:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការរួមភេទ និងការបន្តពូជគឺជារឿងធម្មជាតិ ដែលមនុស្សគ្រប់រូបរមែងឆ្លងកាត់។ យ៉ាងណាមិញ ការរួមភេទដោយពុំបានគិតគូរដល់អនាម័យ និងការឆ្លងជំងឺផ្សេងៗ ច្រើនចោទជាបញ្ហាលើមនុស្សជាច្រើន។ ការរួមភេទមិន​បាន​ការពារ ជាមួយដៃគូដែលមានផ្ទុកមេរោគ អាចបណ្តាលឲ្យយើងឆ្លងជំងឺ ហើយថែមទាំងអាចវិវត្តទៅជាធ្ងន់ធ្ងរ ប្រសិនបើមិនបានពិនិត្យ និងព្យាបាលឲ្យទាន់ពេលវេលា។

ថ្ងៃនេះ កញ្ញា នឹងនាំយកប្រភេទជំងឺកាមរោគម្យ៉ាង ដែលមានហានិភ័យខ្ពស់ មកចែកជូនមិត្តៗអ្នកអានទាំងអស់ ឲ្យបានស្គាល់ ជាពិសេសដើម្បីបង្ការកុំឲ្យឆ្លង។

ជំងឺសិរមាន់នៅតំបន់រន្ធបាត គឺជាជំងឺមូយប្រភេទ នៃជំងឺកាមរោគដែលបង្កឡើងដោយវីរុសម្យ៉ាងមានឈ្មោះថា Human Papilloma Virus (HPV) ដែលឆ្លងតាមរយ:ការប៉ះពាល់ ទឹករងៃ បន្ទាប់ពីរួមភេទ។ ភាគច្រើនជំងឺនេះចេញរោគសញ្ញានៅលើប្រដាប់បន្តពូជ ដែលវាអាចបង្កឱ្យមានជំងឺមហារីកមាត់ស្បូនចំពោះស្រ្តី ឬមហារីករន្ធទ្វារបាតស្រ្តី ឬបុរស។

តើជំងីសិរមាន់នៅតំបន់រន្ធបាត អាចឆ្លងតាមរបៀបណាខ្លះ?

ជំងីសិរមាន់ឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់រវាងស្បែកនិងស្បែក ក្នុងខណៈពេលដែលមានការរួមភេទតាមទ្វារមាស រឺ តាមរន្ធគូថឬតាមមាត់ជាមួយបុគ្គលដែលមានផ្ទុកមេរោគ។ ក្រៅពីទំនាក់ទំនងផ្លូវភេទ ជំងឺសិរមាន់ក៏អាចចម្លងពីម្ដាយទៅកូននៅពេលសម្រាល ឬជុំវិញការសម្រាលផងដែរ។

តើជំងីសិរមាន់នៅតំបន់រន្ធបាត អាចកើតមាននៅកន្លែងណាខ្លះ?

ជំងឺនេះអាចកើតនៅលើប្រដាប់បន្តពូជ បុរស ស្រ្តី មាត់ស្បូន អណ្តាត មាត់ បំពង់ក និងតំបន់ជុំវិញ រន្ធគូថជាដើម។

ប្រភពរូបភាព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

តើជំងីសិរមាន់នៅតំបន់រន្ធបាតមានរោគសញ្ញាអ្វីខ្លះ?

វាអាចមានសណ្ឋានដូចជា ដំបៅរីក ដុំសាច់ពកដូចសិរមាន់ ឫ ដូចផ្កាស្ពៃខាត់ណា។ ម្យ៉ាងទៀតវាអាចមាន ការរមាស់លើប្រដាប់ភេទ ឬឈឺ ក្រហាយ ហើយពេលខ្លះ វាអាចបណ្តាលឲ្យមានការហូរឈាមពេលរួមភេទ។

តើជំងីសិរមាន់នៅតំបន់រន្ធបាត អាចផ្ដល់ជាផលវិបាកដូចម្ដេចអ្វីខ្លះ?

វាអាចរីកដុះដាលកាន់តែច្រើន ហើយអាចវិវត្ត ជាជំងឺមហារីកប្រដាប់ភេទ រន្ធគូថ និងបំពង់កជាដើម។ វាក៏អាចកើតព្រមគ្នា ជាមួយជំងឺកាមរោគផ្សេងទៀតដែរ។

ប្រភពរូបភាព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

តើយើងទាំងអស់គ្នា អាចបង្ការ ជំងឺសិរមាន់នៅតំបន់រន្ធបាតដោយរបៀបណា?

យើងទាំងអស់គ្នា អាចបង្ការជំងឺសិរមាន់ដោយ៖

  • មិនឆាប់ប្រឡូកក្នុងការរួមភេទពេក

  • មានដៃគូស្មោះត្រង់មួយនឹងមួយ

  • ប្រសិនមានដៃគូច្រើន ត្រូវប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវ និងទៀងទាត់ ហើយត្រូវមានអនាម័យលើប្រដាប់បន្តពូជ

  • ប្រាប់ដៃគូឱ្យមកពិនិត្យ និងព្យាបាលប្រសិនចេញនូវរោគសញ្ញាដែលសង្ស័យនៅលើប្រភេទបន្តពូជ

  • ចំពោះស្រ្តី និងបុរសគួរចាក់វ៉ាក់សាំងបង្ការមហារីកមាត់ស្បូន HPV

  • កុំពិសាស្រា និងកុំជក់បារី

  • ហូបបន្លែផ្លែឈើ និងផឹកទឹកឲ្យបានគ្រប់គ្រាន់

តើយើងអាចធ្វើការព្យាបាល ជំងឺសិរមាន់នៅតំបន់រន្ធបាតបានតាមវិធីអ្វីខ្លះ?

ការព្យាបាលជំងឺសិរមាន់នៅតំបន់រន្ធបាត អាស្រ័យទៅតាមស្ថានភាពសាច់ដុះតិច ឬច្រើន។ គេអាចព្យាបាលដោយឱសថសូលុយស្យុង លាប ឬ ការដុត(électrocoagulation) ឬតាមរយៈការវះកាត់ក្នុងករណីដំបៅធំខ្លាំង។

ដូច​គ្នា​ដែរ ជា​ការណែនាំអ្នកជំងឺគួរធ្វើតេស្តរកជំងឺកាមរោគមួយចំនួនដូចជាមេរោគស្វាយ អេដស៍ បើអ្នកជំងឺពិនិត្យឃើញមានជំងឺសិរមាន់នៅតំបន់រន្ធបាត។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital អត្ថបទដោយ៖ សុលក្ខិណា

អត្ថបទពេញនិយម