ធ្វើអីខ្លាចនេះ ខ្លាចនោះ ដោយសារតែទម្លាប់គិតរឿងសុញ៥យ៉ាងនេះ

  • 2022-10-05 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទម្លាប់​​គិត​បែប​នេះ ​តែង​តែ​បំផ្លាញ​ទំនុក​ចិត្ត​មក​លើ​ខ្លួន​ឯង ហើយ​គ្មាន​ថ្ងៃ​ដើរ​ទៅមុខ​លឿន​ដូច​គេ​ទេ។

១. ប្រាប់ខ្លួនឯងថា ខ្ញុំមិនអាចធ្វើបាន

​ការ​ប្រាប់​ខ្លួន​ឯង​នូវ​ពាក្យ​មួយ​ឃ្លា​នេះ ​ទោះ​បី​ជា​រឿង​តូច​ឬ​ស្រួល​កម្រិត​ណា​ក៏​ប្រែ​​ជា​ធំ​ហើយ​ស្មុគ​ស្មាញ​ដែរ។ ​ហេតុ​នេះ ​កុំ​ទម្លាប់​គិត​អ្វី​អវិជ្ជមាន ​ទាំង​មិន​ទាន់​បាន​ថ្លឹង​ថ្លែង ឬពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ។

​២. ​តែង​តែ​ប្រៀប​​ធៀប​ខ្លួន​ឯង​ជាមួយ​អ្នក​ដទៃ

ជា​ការ​ពិត​ពេល​ខ្លះ ​ការ​ប្រៀប​ធៀប​ខ្លួន​ឯង​​នឹង​អ្នក​ដទៃ​វា​មិន​អាក្រក់​​ទាំង​អស់​ទេ ​តែ​មិន​ត្រូវ​​ដាក់​សម្ពាធ​ខ្លួន​ឯង​ខ្លាំង​ពេក​ដែរ ព្រោះ​វា​នឹង​ក្លាយ​ជា​រឿង​អយុត្តិធម៍។ កង្វះ​ការ​ឲ្យ​តម្លៃ​ខ្លួន​ឯង ​អ្នក​នឹង​មើល​ឃើញ​តែ​រឿង​មិន​ល្អ​ក្នុង​ពិភព​លោក​នេះ​។ ​ទាញ​យក​ជា​ប្រយោជន៍​នៃ​ការ​ប្រៀប​ធៀប​​អ្នក​ដទៃ​មក​ធ្វើ​ជា​គំរូ​ដើម្បី​​ពង្រឹង​ខ្លួន​ឯង​ឲ្យ​ទៅ​រក​​ការ​សប្បាយ​រីក​រាយ និង​ជីវិត​ល្អ​ប្រសើរ។

​៣. នៅវិលវល់ជាមួយអតីតកាល មិនព្រមចាកចេញ មិនព្រមទទួលស្គាល់ មិនអភ័យទោសឲ្យខ្លួនឯង

ម្សិល​មិញ​បាន​កន្លង​ផុត​ហើយ ​តែ​អ្នក​នៅ​សល់​ថ្ងៃ​នេះ ​ថ្ងៃ​ស្អែក ​ខាន​ស្អែក និង​ថ្ងៃ​បន្ត​បន្ទាប់​ទៀត។ ​​ដូច្នេះ ​ហេតុ​អី​អ្នក​មិន​ព្រម​ផ្តល់​ឱកាស​ឲ្យ​ខ្លួន​ឯង? អតីត​កាល​បាន​ត្រឹម​ផ្តល់​ឲ្យ​អ្នក​នូវ​បទ​ពិសោធន៍​និង​មេរៀន ​ការ​ចង​ចាំ ​តែ​មិន​ត្រូវ​​នៅ​វិល​វល់​មិន​លែង​នោះ​ទេ។ កុំ​រវល់​តែ​​នឹក​គិត​ពី​រឿង​អតីត ​ព្រោះ​​​ថ្ងៃ​នេះ​ទើប​ជា​រឿង​សំខាន់ ហើយ​ស្អែក​ក៏​សំខាន់​ដូច​គ្នា​ដែរ។ ​បច្ចុប្បន្ន​និង​អនាគត​ទើប​សំខាន់​ជាង​អតីតកាល។

៤. ខ្វល់ពីសម្តីរបស់អ្នកដទៃច្រើនពេក

​មនុស្ស​មួយ​ចំនួនចាប់​អារម្មណ៍​រឿង​របស់​អ្នក​ដោយសារ​តែ​គេ​ច្រណែន ​ដែល​ឃើញ​អ្នក​ល្អ​ជាង។ ​ដូច្នេះ​បើ​អ្នក​យក​ចិត្ត​ទុកដាក់​ពេក ​អ្នក​អាច​នឹង​មិន​ដើរ​ទៅ​មុខ​លឿន​នោះ​ឡើយ។ ​

៥. កំណត់ការអភិវឌ្ឍន៍ខ្លួនឯង មិនហ៊ានសាកល្បងអ្វីថ្មីៗ

ការ​មិន​ហ៊ាន​ប្រឈម​នឹង​រឿង​លំបាក ជ្រើស​យក​តែ​រឿង​សាមញ្ញ ឬ​ការងារ​ដែល​ខ្លួន​​ពូកែ​​ បាន​ធ្វើ​ឲ្យ​ក្លាយ​​ជា​ទម្លាប់​​រហូត​មិន​អាច​អភិវឌ្ឍន៍​ខ្លួន​បាន​។ ​ការ​សាក​ល្បង​រឿង​ថ្មី​មិន​គួរ​ឲ្យ​ខ្លាច​នោះ​ទេ ​ព្រោះ​ផែន​ដី​នៅតែ​វិល ដូច្នេះ​អ្នក​មិន​អាច​បញ្ឈប់​ខ្លួន​ឯង​ត្រឹម​នេះ​បាន​ដូច​គ្នា។ ​ទោះ​បី​ពេល​ខ្លះ​ល្បឿន​​នៃ​ការ​ឆ្ពោះ​ទៅ​មុខ​​របស់​​មនុស្ស​មាន​ភាព​ខុស​គ្នា​ តែ​ក៏​គួរ​រៀន​អភិវឌ្ឍ​ខ្លួន​ទៅ​មុខ​ឲ្យ​ល្អ​ជាង​កាល​ពី​មុន។ ​មនុស្ស​ដែល​​​ខ្លាច​​ហើយ​កំណត់​ចំណេះ​ដឹង​របស់​ខ្លួន​ឯង​នឹង​ធ្វើ​ឲ្យខ្លួន​ឯង​លំបាក​នៅ​ថ្ងៃ​ណាមួយ​៕​

ប្រភព៖ Sanook ប្រែ​សម្រួល៖ លឹម សុនា