កាត់ចិត្តឲ្យលឿនជាទីបំផុត ! ៥សញ្ញាបង្ហាញថាគេមិនបាន Crush លើអ្នកវិញទេ

  • 2022-08-03 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​អ្នក​កំពុង​ស្រពិចស្រពិល​ថា ​តើ Crush លួច​មាន​ចិត្ត​លើ​អ្នក​ដែរ​អត់ សាក​ផ្ទៀង​នូវ​ចំណុច​ខាង​ក្រោម​នេះ​។

១. អ្នក​តែង​​​ទាក់​ទង​រក​គេមុន​ជានិច្ច

​​មិន​ថា​តេទូរសព្ទ ឬ​ឆាត ​គឺ​អ្នក​តែង​ទាក់​ទង​ទៅ​រក​គេមុន​ជានិច្ច ។ ​​មនុស្ស​ប្រុស​នៅ​ពេល​ចាប់​អារម្មណ៍​លើ​នារី​ណាម្នាក់ ​ទម្លាប់​របស់​គេ​​តែង​តែ​ចង់​ជជែក​លេង​ជាមួយ​ខ្លាំង​បំ​ផុត ហើយ​បើ​គ្មាន​រឿង​អ្វី​ត្រូវ​ជជែក​ក៏​គេ​ព្យាយាម​ស្វែង​រក​ប្រធាន​បទ​​ដើម្បី​បាន​និយាយ​ជាមួយ​ដែរ។ ​លើស​ពី​នេះ បើ​អ្នក​សង្កេត​ឃើញ​ថា ​រាល់​ដង​ដែល​អ្នក​ឆាត​ទៅ​ គេ​តែង​​ឆ្លើយ​តប​យឺត​រាប់​ម៉ោង ​ឬ​រហូត​ដល់​ស្អែក ​ក៏​ជា​សញ្ញា​បង្ហាញ​ច្បាស់​ៗ​ថា ​គាត់​គ្មាន​អារម្មណ៍​ពិសេស​អ្វី​​មក​លើ​អ្នក​ដែរ។

​២. ​មិន​ចេញ​មុខ​ការពារ ឬ​បង្ហាញ​ការ​ខ្វល់​ខ្វាយ​ជា​ពិសេស

ចរិត​មនុស្ស​ប្រុស​ពេល​លង់​លើ​នារី​ណា​ហើយ ​គេ​តែង​បង្ហាញ​ភាព​ជា​អ្នក​ក្លាហាន​ដើម្បី​ការពារ​មនុស្ស​ស្រី​ដែល​គេ​ស្រលាញ់។​ ផ្ទុយ​ទៅ​វិញ ​បើ​គេ​មិន​ដែល​សួរ​នាំ​ខណៈ​ដែល​អ្នក​កំពុង​ជួប​ស្ថានភាព​លំបាក ឬ​មិន​បង្ហាញ​ខ្លួន​ដើម្បី​ផ្តល់​ភាព​កក់​ក្តៅ​ដល់​អ្នក​ទេ ​​មាន​ន័យ​ថា គេ​ចាត់​ទុក​អ្នក​ត្រឹម​ជាមិត្ត ឬ​អ្នក​ស្គាល់​គ្នា​ប៉ុណ្ណោះ។

​៣. ​បដិសេធ​​ពេល​អ្នក​បបួល​ចេញ​ក្រៅ

​​គេ​តែង​និយាយ​ថា អត់​ទេ ​នៅ​ពេល​​អ្នក​បបួល​គេ​ចេញ​ក្រៅ​ទៅ​ញ៉ាំ​អី ​ឬ​មើល​កុន​ជា​ដើម។ ​នេះ​ដោយសារ​តែ​បេះ​ដូង​របស់​គេ គ្មាន​រូប​អ្នក ​​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​​គេ​មិន​ចង់​បង្កើត​អនុស្សាវរីយ៍​អ្វី​ច្រើន​ជាមួយ​នឹង​​អ្នក​ឡើយ។

៤. ​គេ​មិន​សូវ​ចាប់​អារម្មណ៍​លើ​រឿង​ដែល​អ្នក​​ប្រាប់

ពេល​ដែល​​អ្នក​មាន​រឿង​អ្វី​មួយ​​និយាយ​ប្រាប់​គេ ទឹក​មុខ​របស់​គេ​ធម្មតា​ហាក់​មិន​សូវ​ចង់​ដឹង​ខ្លាំង​ប៉ុន្មាន​ទេ ដែល​នេះ​ក៏​ជា​សញ្ញា​បង្ហាញ​ថា ​​បេះ​ដូង​គេ​គ្មាន​រូប​អ្នក​សូម្បី​មួយ​ចំណែក។ ​គេ​ស្ទើរ​តែ​មិន​ដឹង​រឿង​អ្វី​សោះ​អំពី​អ្នក ព្រោះ​បើ​មនុស្ស​ស្រលាញ់​មែន ​គេ​ច្បាស់​ជា​ចង់​ដឹង​​ព័ត៍មាន​គ្រប់​យ៉ាង​​អំពី​អ្នក ​ចង់​ដឹង​ថា​អ្នក​ចូលចិត្ត​អ្វី ស្អប់​អ្វី ​ចំណង់​ចំណូលចិត្ត​បែប​ណា អ្នក​ជា​មនុស្ស​ឆាប់​ខឹង​ឬអត់ ជា​មិនខាន។

​៥. គេ​មិន​ដែល​បង្ហាញ​កាយវិការ​ប្រច័ណ្ឌ​មក​លើ​អ្នក

​តើ​អ្នក​ធ្លាប់​សង្កេត​នៅពេល​អ្នក​ជិតស្និទ្ធនឹង​បុរស​ផ្សេង ឬ​​មាន​បុរស​ណា​ចូល​មក​ក្បែរ​អ្នកៗ តើ Crush មានអាកប្បកិរិយា​បែប​ណា? តើ​គាត់​មាន​បង្ហាញ​កាយវិការ​ប្រច័ណ្ឌ ឬ​មិន​សប្បាយចិត្ត​ដែរ​​ឬទេ? ឬ​គាត់​មាន​អាកប្បកិរិយា​ស្ងៀម​ស្ងាត់ ​មិន​ខូចចិត្ត​តែ​បែរ​ជា​ជម្រុញ​ឲ្យ​អ្នក​និង​បុរស​នោះ​ឆាប់​ស្រលាញ់​គ្នា? ​ប្រសិន​បើ​បែប​នេះ ជា​សញ្ញា​ច្បាស់​ថា​គាត់​គ្មាន​អារម្មណ៍​អ្វី​ពិសេស​មក​លើ​អ្នក​​ឡើយ៕

ប្រភព៖ sistacafe ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម