៣ សញ្ញា​បង្ហាញ​ថា​អ្នក​កំពុង​សន្សំ​លុយ​លើស​កម្រិត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​ជា​ខ្លាំង

  • 2022-03-01 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​ដឹង​ថា ការ​សន្សំ​សំចៃ​គឺ​ជា​អត្តចរិត​​ដ៏​ល្អ ជា​ពិសេស​គឺ​ស្ថិត​ក្នុង​កាលៈទេសៈ​សេដ្ឋកិច្ច​មិន​អំណោយផល​ដូច​បច្ចុប្បន្ន តែ​បើ​អ្នក​កំពុង​ប្រទះ​រឿង​ទាំង​នេះ មាន​ន័យ​ថា​​អ្នក​សន្សំ​លុយ​លើស​ហើយ។

១. គណនី​សន្សំ​សម្រាប់​ករណី​បន្ទាន់​កំពុង​ហូរហៀរ

គណនី​សន្សំ​សម្រាប់​ករណី​បន្ទាន់​គឺ​ជា​ទឹក​ប្រាក់​ដែល​ទុក​បម្រុង​នៅ​ពេល​រឿង​ដែល​យើង​មើល​មិន​ឃើញ​កើត​ឡើយ ដោយ​ជា​ធម្មតា គណនី​នេះ​នឹង​មាន​ទឹក​ប្រាក់​ចន្លោះ​ពី​ប្រាក់​ខែ​ ៣​ទៅ ៦​ខែ។ នៅ​ពេល​ដែល​អ្នក​សន្សំ​គ្រប់​ចំនួន​នេះ​ហើយ គ្រាន់​តែ​ដក​១០​%​នៃ​ប្រាក់​ខែ​ដើម្បី​បញ្ចូល​ជា​រៀង​រាល់​ខែ​ទៀត​គឺ​គ្រប់​គ្រាន់​ហើយ។ តែបើ​ទឹក​ប្រាក់​ក្នុង​គណនី​នេះ កើន​ដល់​៩​ខែ ទៅ​១២​ខែ​មាន​ន័យ​ថា​អ្នក​កំពុង​ត្បៀត​លើស​កម្រិត​ហើយ។

២. លុយ​ក្នុង​គណនី​ច្រើន តែ​គុណភាព​ជីវិត​ធ្លាក់​ចុះ

មនុស្ស​ជា​ច្រើន​ដោយសារ​តែ​ខំ​ប្រឹង​សន្សំ​ខ្លាំង​ពេក​ រហូត​ដល់​ថ្នាក់​ភ្លេច​ខ្លួន​ឯង​ក៏​មាន។ ពួក​គេ​សុខ​ចិត្ត​ញ៉ាំ​អាហារ​មាន​តម្លៃ​ថោក និង​គ្មាន​ជីវជាតិ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រាង​កាយ​ និង​សុខភាព​ជា​ទម្ងន់។ របស់​ប្រើប្រាស់​ក៏​មិន​អាច​ជួយ​ទ្រទ្រង់​ជីវភាព​ឲ្យ​ប្រសើរ​ជាង​មុន រី​ឯ​ដំណើរ​កម្សាន្ត​គឺ​គ្មាន​តែ​ម្ដង។ ឈឺ​ល្មម​ៗ​គឺ​មិន​ទៅ​ពេទ្យ​ឡើយ ថ្នាំ​ក៏​មិន​លេប ទុក​ឲ្យ​ជា​ដោយ​ខ្លួន​ឯង។ សួរ​ថា​ក្រែង​រក​លុយ​មក​ដើម្បី​ទ្រទ្រង់​ជីវិ​ត​នេះ​មែន​ទេ តែ​បើ​អ្នក​សន្សំ​ដល់​ថ្នាក់​នេះ​ គឺ​អ្នក​សន្សំ​ខុស​ហើយ។

៣. មាន​តែ​សន្សំ តែ​គ្មាន​វិនិយោគ

មនុស្ស​មិន​តិច​ឡើយ​ដែល​មាន​គណនី​សន្សំ​ដល់​ទៅ ២-៣ តែ​សួរ​ថា​ក្រៅ​ពី​លុយ​នៅ​ក្នុង​គណនី​ពួក​គេ​មិន​បាន​យក​លុយ​នេះ​ទៅ​វិនិយោគ​ឲ្យ​លុយ​កើន​ជាង​មុន​ឡើយ នេះ​គឺ​ជា​ការ​សន្សំ​ខុស​មួយ។ នៅ​ពេល​ដែល​អ្នក​មាន​លុយ​សន្សំ​លុយ​គ្រប់​គ្រាន់​ហើយ អ្នក​គួរ​យក​លុយ​នេះ​ទៅ​បង្វិល​ដើម្បី​រក​ចំណូល​បន្ថែម។ ព្រោះ​ការ​សន្សំ​លុយ នៅ​ទីបំផុត​ក៏​យក​វា​ទៅ​ធ្វើ​អ្វី​ផ្សេង​ដើម្បី​ឲ្យ​កកើត​កាន់​តែ​ច្រើន ត្បិត​ការ​ប្រាក់​ធនាគារ​គណនី​សន្សំ​នេះ​ គឺ​ទាប​ជាង​ការ​វិនិយោគ​ច្រើន៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម