បារាំង៖ បង្កើតច្បាប់ដើម្បីដាក់ទោស “ការព្យាបាលឲ្យការប្រែចិត្ត” ទៅលើអ្នកស្រឡាញ់ភេទដូចគ្នា
- 2022-01-31 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បារាំង៖ បង្កើតច្បាប់ដើម្បីដាក់ទោស “ការព្យាបាលឲ្យការប្រែចិត្ត” ទៅលើអ្នកស្រឡាញ់ភេទដូចគ្នា
ប្រទេសបារាំងបានអនុម័តច្បាប់ថ្មីមួយដែលដាក់ទោសចំពោះការប្រើអ្វីដែលគេហៅថា «ការព្យាបាលឲ្យការប្រែចិត្ត» ដើម្បីព្យាយាមផ្លាស់ប្តូរនិន្នាការផ្លូវភេទ ឬអត្តសញ្ញាណភេទរបស់អ្នកស្រឡាញ់ភេទដូចគ្នា។
វិធានការនេះត្រូវបានរដ្ឋសភាអនុម័តជាឯកច្ឆ័ន្ទដោយសំឡេង ១៤២ ទល់នឹង ០។ នរណាម្នាក់ដែលត្រូវបានកាត់ទោសនៅក្រោមច្បាប់ថ្មីនេះអាចប្រឈមទៅនឹងការផាកពិន័យរហូតដល់ ៣០,០០០ អឺរ៉ូដែលស្មើនឹង (២៥,០០០) ផោននឹងត្រូវជាប់គុកពីរឆ្នាំទៀត។ ប្រធានាធិបតី Emmanuel Macron បានសរសើរសារនៅលើ Twitter ថា “ការរស់នៅ ការធ្វើជាបែបខ្លួនឯង មិនមែនជាឧក្រិដ្ឋកម្មនោះទេ”។
ច្បាប់នេះត្រូវបានគាំទ្រយ៉ាងលើសលប់រួចទៅហើយនៅក្នុងសភាជាន់ខ្ពស់របស់បារាំង។ ព្រឹទ្ធសភា ជាកន្លែងដែលវាត្រូវបានអនុម័តដោយសំឡេង ៣០៥ ទល់នឹង ២៨ ដោយគណបក្សសាធារណរដ្ឋអភិរក្សនិយមបានជំទាស់។ ច្បាប់នេះនឹងចូលជាធរមានក្នុងរយៈពេល ១៤ ថ្ងៃបន្ទាប់ នៅពេលដែលបានចុះហត្ថលេខាដោយលោក Macron។
អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បានថ្កោលទោសម្តងហើយម្តងទៀតនូវ «ការព្យាបាលឲ្យការប្រែចិត្ត» ដែលអាចប្រើវគ្គជាក្រុមដើម្បីនិយាយ ការចាក់ថ្នាំ ការឆក់អគ្គិសនី និងការអធិស្ឋានក្នុងការប៉ុនប៉ងរបស់ខ្លួនដើម្បីផ្លាស់ប្តូរអត្តសញ្ញាណរបស់អ្នកស្រឡាញ់ភេទដូចគ្នា «LGBTQ»។
ការជាប់ពន្ធនាគារនឹងកើនឡើងដល់ ៣ ឆ្នាំ និងផាកពិន័យបន្ថែមរហូតដល់ ៤៥,០០០ អឺរ៉ូដែលស្មើនឹង (៣៧,០០០) ផោនប្រសិនបើការអនុវត្តនេះធ្វើទៅលើក្មេងៗ និងមនុស្សវ័យជំទង់។ ច្បាប់ស្រដៀងគ្នានេះត្រូវបានអនុម័តនៅក្នុងប្រទេសមួយចំនួនទៀតជុំវិញពិភពលោក រួមទាំងកាណាដា ប្រេស៊ីល អេក្វាឌ័រ ម៉ាល់តា អាល់បានី និងអាល្លឺម៉ង់៕
ចុចអានបន្ដ៖ ប្រភេទសត្វថ្មីជាង ២២៤ ប្រភេទត្រូវបានរកឃើញនៅក្នុងតំបន់មេគង្គ