បើអ្នកក្លាយជាមនុស្សស្រីរឹងមាំ កុំភ្លេចដឹងគុណអ្នកម្តាយដែលបានធ្វើជាគំរូល្អជួយជ្រោមជ្រែងរហូតដល់ត្រើយ

  • 2021-08-11 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ម្តាយ​ដែល​ពោរពេញ​ដោយ​ភាព​រឹង​មាំ គឺ​ជា​​មនុស្ស​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត។ អ្នក​អាច​នឹង​មិន​បាន​ចាប់​អារម្មណ៍​ថា តាម​ការ​ពិត​នៅ​លើ​​លោក​នេះ​ អ្នក​ម្តាយ​​ដែល​រឹង​មាំ មាន​ច្រើន​ក្រៃ​លែង​។

រូបតំណាង

ការ​លះបង់​គ្រប់​បែប​យ៉ាង​របស់​អ្នក​ម្តាយ ជា​គុណ​តម្លៃ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ប្រែ​ក្លាយ​​ទៅ​ជា​មនុស្ស​​ដែល​គួរ​ឲ្យ​ស្ញប់ស្ញែង ក្លាហាន និង​រឹងប៉ឹង​ដូច​ជា​គាត់​។ រឿង​អស្ចារ្យ​ជា​ច្រើន​ដែល​គាត់​បាន​ផ្ទេរ​មក​ឲ្យ​អ្នក​តាំង​ពី​តូច​ក្រូចឆ្មារ​រហូត​ដល់​ធំ​ដឹង​ក្តី មើល​ទៅ​ហាក់​បី​ដូច​ជា​សាមញ្ញ​ៗ​មែន​ពិត​ ប៉ុន្តែ​ជាក់​ស្តែង​​វា​សុទ្ធ​សឹង​តែ​ជា​ចំណុច​​ពិសេស​មិន​អាច​កាត់​ថ្លៃ​បាន ដែល​អ្នក​​មិន​គួរ​ភ្លេច​និយាយ​ពាក្យ​ថា​​ "អរគុណ” ទៅ​កាន់​​គាត់​ឡើយ។

រូបតំណាង

​​អ្នក​ម្តាយ​បាន​បង្ហាត់​បង្រៀន​អ្នក ឲ្យ​ចេះ​តស៊ូ​ងើប​ឈរ​មិន​រុញរា​ជាមួយ​នឹង​ឧបសគ្គ។ ថ្វី​ត្បិត​គាត់​​មិន​អាច​ផ្តល់​អ្វី​ៗគ្រប់​បែប​យ៉ាង​ដល់​អ្នក តែ​​គាត់​នៅ​តែ​​អាច​ផ្តល់​កម្លាំង​ចិត្ត​គ្រប់ពេលវេលា​​​​ ជួយ​ឲ្យ​អ្នក​មាន​ជំហរ​លើ​ខ្លួន​ឯង ដោយ​ពុំ​ចាំ​បាច់​ព្យាយាម​​តម្រូវ​ចិត្ត​អ្នក​ដទៃ ឬ​ខ្វល់ខ្វាយ​ពី​សម្តី​មនុស្ស​គ្រប់​គ្នា។ គាត់​ចាត់​ទុក​អ្នក​ជា​គ្រាប់​ពេជ្រ​​មាន​ពន្លឺ​ចែងចាំង​ពោរ​ពេញ​ដោយ​តម្លៃ គាត់​ចាត់​ទុក​អ្នក​ដូច​ជា​ផ្កា​ត្រូវ​ទឹក​​សន្សើម​ដែល​ស្រស់​ស្អាត​គ្រប់​ពេលវេលា ក្នុង​ក្រសែ​ភ្នែក​របស់​គាត់​។

រូបតំណាង

អ្នក​ម្តាយ​ជា​មនុស្ស​ម្នាក់​ដែល​ជួយ​អ្នក​ឲ្យ​ធំ​លូតលាស់ រីក​ចម្រើន​​ និង​ធ្វើ​រឿង​ត្រឹម​ត្រូវ។ ពេល​ខ្លះ​អ្នក​អាច​នឹង​ធុញ​ទ្រាន់​នឹង​ពាក្យ​រអ៊ូរទាំ ការ​ហាម​ប្រាម និង​មាន​អារម្មណ៍​ថា គាត់​ពិត​ជា​បិទ​សិទ្ធិ​មិន​ផ្តល់​សេរី​ភាព​គ្រប់​គ្រាន់​ទាល់​តែ​សោះ​។ កុំ​ទាន់​អាល​ភាន់​ច្រឡំ គាត់​ធ្វើ​បែប​នេះ គ្មាន​បំណង​អ្វី​ផ្សេង​ ក្រៅ​ពី​ចង់​ការពារ​សុវត្ថិភាព រក្សា​​តម្លៃ​និង​​ភាព​ថ្លៃថ្នូរ​របស់​អ្នក​នោះ​ទេ។

ពេល​អ្នក​កើត​ទុក្ខ ពេល​អ្នក​ចង់​យំ អ្នក​ម្តាយ​តែង​តែ​ឲ្យ​ស្មា​ផ្អែក ចំណាយ​ពេល​នៅ​​លួង​លោម និង​មិន​ដែល​បោះ​បង់​​ចោល​អ្នក​ដូច​មនុស្ស​មួយ​ចំនួន​ឡើយ​។ មិន​មែន​មនុស្ស​ស្រី​ទាំង​អស់​សុទ្ធ​តែ​រឹងមាំ​ដូច​គ្នា​ទេ ម្ល៉ោះ​ហើយ​ប្រសិន​បើ​អ្នក​អាច​​អភិវឌ្ឍ​​ឈាន​​ដល់​ដំណាក់កាល​មួយ​នេះ មិន​គួរ​ភ្លេច​គុណ​​អ្នក​ម្តាយ​ដែល​ខិត​ខំ​ជួយ​ជ្រោមជ្រែង​​រហូត​ដល់​ត្រើយ៕

រូបតំណាង

ចុចអានបន្ត៖ ចង់ឲ្យគេស្រលាញ់ឲ្យតម្លៃ ដរាបណាអ្នកចេះឲ្យតម្លៃខ្លួនឯងតាមវិធីទាំងនេះសិន

ប្រភព៖ awarenessact ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម