មិនលាក់បាំង! ថ្នាក់ដឹកនាំស្ត្រីគម្រូបង្ហាញរឿងពិតក្នុងវេលាងងឹតទុក្ខសោកបំផុត ពេលវិបត្តិក្នុងចិត្តវាយលុក
- 2021-03-27 11:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនលាក់បាំង! ថ្នាក់ដឹកនាំស្ត្រីគម្រូបង្ហាញរឿងពិតក្នុងវេលាងងឹតទុក្ខសោកបំផុត ពេលវិបត្តិក្នុងចិត្តវាយលុក
បច្ចុប្បន្នជំងឺផ្លូវចិត្តកំពុងក្លាយជារឿងគួរឱ្យចាប់អារម្មណ៍ ហើយមានជនរងគ្រោះ ដែលធ្លាប់ប្រឈមនឹងឃាតកលាក់មុខមួយនេះ កាន់តែច្រើន បានទម្លាយរឿងក្នុងចិត្ត ស្វែងរកការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។ ជំងឺនេះ អាចកើតមានចំពោះមនុស្សគ្រប់រូប មិនអ្នកធម្មតា ឬបុគ្គលមានឈ្មោះល្បីល្បាញយ៉ាងណានោះទេ។ ជាក់ស្តែងជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា ដែលជាថ្នាក់ដឹកនាំស្ត្រីគម្រូម្នាក់ក្នុងសង្គម ក៏មិនខុសពីអ្នកផ្សេងទៀត បានសរសេររៀបរាប់ពីសាច់រឿងពិត នៃវិបត្តិក្នុងចិត្តតាមរយៈសំណេរដ៏លម្អិត នៅក្នុងហ្វេសប៊ុកប៊ុកផ្លូវការរបស់លោកជំទាវ។
សូមខ្លឹមសារដើម នៃសំណេររបស់លោកជំទាវ ជា សិរី អំពីបញ្ហាវិបត្តិក្នុងចិត្ត ដែលលោកជំទាវក៏ធ្លាប់ស្ថិតក្នុងពេលវេលាងងឹត និងទុក្ខសោក មិនខុសពីមនុស្សដ៏ទៃ។
យុទ្ធនាការលើកកម្ពស់សុខភាពផ្លូវចិត្ត #កុំលាក់ទុកក្នុងចិត្ត
ពេលនេះ យុទ្ធនាការលើកកម្ពស់សុខភាពផ្លូវចិត្ត #កុំលាក់ទុកក្នុងចិត្ត ដែលខ្ញុំបានផ្តួចផ្តើម ជិតបិទបញ្ចប់ហើយ។ ដូច្នេះខ្ញុំចង់ចែករំលែកសាច់រឿងរបស់ខ្ញុំជាមួយអ្នកទាំងអស់គ្នា។ សម្រាប់អ្នកទាំងអស់គ្នាជាច្រើន ខ្ញុំគឺជាមនុស្សម្នាក់ដែលរួសរាយ ជោគជ័យ ពូកែនិយាយ និងក្លាហាន។ ប៉ុន្តែ មិនខុសពីមនុស្សដ៏ទៃ ខ្ញុំក៏មានពេលវេលាងងឹត និងទុក្ខសោកដែរ។ ខ្ញុំគ្រាន់តែមិនចង់បង្ហាញវា ព្រោះខ្ញុំខ្លាចត្រូវគេវាយតម្លៃនិងរិះគន់។ ក្នុងនាមជាថ្នាក់ដឹកនាំមួយរូប ខ្ញុំចាំបាច់ត្រូវបង្ហាញរូបភាពមួយដែលល្អ បង្ហាញភាពរឹងមាំ អំណត់។ ប៉ុន្តែការពិត ខ្ញុំមិនមែនរឹងមាំ និងអត់ធន់បានរហូតនោះទេ។
មានពេលខ្លះ ខ្ញុំក៏មានអារម្មណ៍អស់សង្ឃឹម តានតឹង ហើយចង់តែគេចខ្លួនទៅណាអោយបាត់។ យើងទាំងអស់គ្នារស់នៅក្នុងសង្គមដែលវាយតម្លៃគ្នាទៅវិញទៅមក។ គេអាចវាយតម្លៃយើងលើសាវតាគ្រួសារ អ្នកដែលយើងសេពគប់ ឬសូម្បីតាំងពីការអង្គុយ (អង្គុយគងអន្ទាក់ខ្លា ឬក៏យ៉ាងម៉េច) តាំងពីការស្លៀកពាក់ គឺសុទ្ធតែជារឿងដែលអាចមានគេយកមកវិភាគនិងវាយតម្លៃទាំងអស់។ ហើយសម្រាប់មនុស្សម្នាក់ដែលស្ថិតក្នុងក្រសែភ្នែកសាធារណៈជនច្រើនដូចជាខ្ញុំ ពេលខ្លះវាពិតជានឿយហត់ណាស់ ដែលខ្ញុំត្រូវគិតរៀបឬក រៀបពារ ដើម្បីបំពេញតាមការរំពឹងទុកទាំងនោះ។
ប៉ុន្តែ អ្វីដែលធ្វើអោយខ្ញុំពិបាកចិត្តបំផុត ហើយជារឿងដែលខ្ញុំត្រូវទ្រាំដោយស្ងៀមស្ងាត់ម្នាក់ឯង គឺបទពិសោធន៍ជូរចត់ ដែលត្រូវគេគាបសង្កត់ផ្លូវចិត្ត កុហក បោកប្រាស់ ធ្វើអោយខកចិត្ត ស្ទើរទុកចិត្តមនុស្សលែងបាន។ ពេលខ្លះខ្ញុំគិតថាភាពឆោតរបស់ខ្ញុំគឺជាចំណុចខ្លាំងមួយ ព្រោះខ្ញុំហ៊ានចាប់ផ្តើមគម្រោងដែលអ្នកដ៏ទៃគិតថាជារឿងល្ងង់ខ្លៅ ហើយខ្ញុំបែរជានៅតែធ្វើរហូតដល់បានជោគជ័យ ប៉ុន្តែពេលខ្លះភាពឆោតនេះ ក៏ជាចំណុចខ្សោយដែលនាំអោយខ្ញុំត្រូវបានគេបោកប្រាស់ និងទាញយកប្រយោជន៍ជាច្រើនលើកច្រើនសារផងដែរ។ ជាលទ្ធផល ខ្ញុំក៏ចាប់ផ្តើមលែងសូវជឿនិងទុកចិត្តអ្នកដ៏ទៃថាគេធ្វើល្អចំពោះខ្ញុំដោយសុទ្ធចិត្ត។ ធម្មជាតិរបស់ខ្ញុំ ដែលសំបូរដោយគំនិតវិជ្ជមាននិងសុទិដ្ឋិនិយម ប៉ះទង្គិចគ្នានឹងអត្តចរិតបែបសោះអង្គើយរបស់ខ្ញុំ ដែលជាលទ្ធផលនៃបទពិសោធន៍ឈឺចាប់។ វាគឺជាសង្គ្រាមផ្លូវចិត្តដ៏ស៊ីជម្រៅ ដែលខ្ញុំពិតជាមិនអាចដោះស្រាយបានទេ បើគ្មានជំនួយពីខាងក្រៅ។ ជាភព្វសំណាងល្អ ខ្ញុំមានទម្លាប់អានសៀវភៅ និងភាពអត់ធ្មត់ក្នុងការអាន ដូច្នេះ ខ្ញុំក៏ចាប់ផ្តើមអានឯកសារជាច្រើនអំពីស្ថានភាពបញ្ហារបស់ខ្ញុំ និងព្យាយាមស្វែងរកដំណោះស្រាយ។ ក្នុងនោះខ្ញុំរកឃើញថា វិធីដ៏សាមញ្ញមួយដើម្បីបន្ធូរបញ្ហានេះ គឺខ្ញុំត្រូវនិយាយវាចេញមក។ ពីដំបូង វាពិតជាពិបាកណាស់ក្នុងការនិយាយចេញមក! ប៉ុន្តែ ម្តងបន្តិចៗ ខ្ញុំក៏ចាប់ផ្តើមបើកចិត្តនិយាយពីបញ្ហាផ្សេងៗជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិជិតស្និទ្ធរបស់ខ្ញុំ។ ហើយនៅពេលដែលខ្ញុំនិយាយប្រាប់អ្នកជិតស្និទ្ធច្រើនប៉ុន្នាន ខ្ញុំមានអារម្មណ៍កាន់តែធូរស្បើយប៉ុណ្នឹង។ ពេលខ្ញុំចាប់ផ្តើមបើកចិត្តនិយាយជាមួយអ្នកជុំវិញខ្លួន ដំបូងវាឈឺខ្លាំងណាស់ រាល់ពេលខ្ញុំហូរទឹកភ្នែក និងអួលដើមក និយាយមិនចង់ចេញ តែការឈឺចាប់ថមថយបន្តិចម្តងៗ នៅពេលខ្ញុំនិយាយវាចេញកាន់តែច្រើន។ ឥឡូវនេះ ខ្ញុំបានធូរច្រើនហើយ។ មានម្តងម្កាលប៉ុណ្ណោះ ដែលអារម្មណ៍ទាំងនោះមកលងបន្លាចខ្ញុំ។ នៅពេលអារម្មណ៍ឈឺចាប់វារើឡើងមកវិញម្តងៗ ខ្ញុំចេះដកចិត្តចេញពីវាដោយខល ឬផ្ញើសារជជែកគ្នាលេងជាមួយមិត្តភ័ក្តិ និងក្រុមគ្រួសារ ឬបបួលពួកគាត់ទៅញ៉ាំអី ដើម្បីបន្ធូរអារម្មណ។ វិធីសាស្រ្តនិយាយចេញនូវរឿងពិបាកចិត្តជាមួយអ្នកដែលយើងទុកចិត្តបែបនេះ មានប្រសិទ្ធភាពណាស់សម្រាប់ខ្ញុំ។ ហើយពួកគាត់ក៏យល់ណាស់ដែរ គាត់គ្រាន់តែស្តាប់ និងមិនវិនិច្ឆ័យ ឬអោយយោបល់ច្រើនឡើយ។ យើងទាំងអស់គ្នាសុទ្ធតែអាចមានបិសាចដ្រាគូឡា (Dracula) នៅក្នុងចិត្ត ហើយបើយើងមិនអូសវាអោយចេញមកក្រៅត្រូវកម្តៅថ្ងៃងាប់ទេ វានឹងបន្តលងបន្លាចយើងជារៀងរហូត។
ដូច្នេះ សូមអ្នកទាំងអស់គ្នាហ៊ាននិយាយពីបញ្ហាក្នុងចិត្ត និងបង្ហាញអារម្មណ៍ពិតរបស់ខ្លួន។ សូមនិយាយជាមួយមិត្តភ័ក្តិ និងសមាជិកគ្រួសារដែលអ្នកទុកចិត្ត ឬពិគ្រោះយោបល់ជាមួយអ្នកឯកទេសខាងសុខភាពផ្លូវចិត្ត។ បើមនុស្សជាទីស្រឡាញ់ណាម្នាក់ មករកអ្នកនិយាយរឿងក្នុងចិត្ត សូមធ្វើជាមិត្តភក្តិល្អ ឬជាសមាជិកគ្រួសារល្អ ហើយស្តាប់សាច់រឿងរបស់គាត់ដោយយកចិត្តទុកដាក់ ផ្តល់ការលើកទឹកចិត្ត និងមិនវាយតម្លៃអ្វីទាំងអស់។ បើអ្នកមានវិបត្តិក្នុងចិត្តហើយលាក់ទុកកាន់តែយូរ វានឹងក្លាយជាកាន់តែធំទៅៗ ហើយវានឹងបំផ្លាញជីវិតអ្នកជាក់ជាមិនខាន។ វាជាប្រភេទឃាតកលាក់មុខ ដែលទម្រាំដល់ពេលគេដឹង វាអាចហួសពេលទៅហើយសម្រាប់ជនរងគ្រោះ។ #កុំលាក់ទុកក្នុងចិត្ត
ប្រភពរូបភាព និងអត្ថបទ៖ ហ្វេសប៊ុក Serey Chea