ចៀវៃ លេង​ឈុត​ធំ ពាក់​ឈុត​អលង្ការ​តម្លៃ​នឹក​ស្មាន​ដល់ ​ចូល​រួម​កម្មវិធី

  • 2020-10-09 02:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​វត្តមាន​ក្នុង​កម្មវិធី​កាល​ពី​ពេល​ថ្មី​ៗ​នេះ កំពូល​តារា​សម្ដែង​ស្រី​តៃវ៉ាន់ Ruby Lin បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ជាមួយ​ឈុត​គ្រឿង​លំអរ​ខ្លួន​ដែល​មាន​តម្លៃ​ស្មើ​នឹង​ផ្ទះ​រាប់​សិប​ខ្នង។

យោង​តាម​បណ្ដាញ​ព័ត៌មាន Sina កាល​ពី​យប់​ថ្ងៃ​ទី ៨ ខែ​តុលា​មុន​នេះ តារា​សម្ដែង​ស្រី​ជើង​ចាស់​តៃវ៉ាន់ Ruby Lin បាន​ចូល​រួម​ក្នុង​កម្មវិធីតាំង​ពិព័រណ៌​គ្រឿង​អលង្ការ​លំដាប់​ខ្ពស់​មួយ ​នៅ​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់។ ដោយ​សារ​នេះ​គឺ​ជា​កម្មវិធី​ដាក់​តាំង​គ្រឿង​អលង្ការ ដូច​នេះ​ហើយ ស្រី​ស្អាត​វ័យ ៤៤​ឆ្នាំ ក៏​សម្ងែង​​មាស​ពេជ្រ​មិន​ធម្មតា​ដែរ។

ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ចូល​រួម​ក្នុង​ក​ម្មវិធី​នេះ តួ​រឿង​ព្រះ​នាង​យេយេ បាន​លេង​ឈុត​ពេជ្រ​ដែល​មាន​តម្លៃ​ដល់​ទៅ ២៧​លាន​យាន់ (៤​លាន​ដុល្លារ)។ ឈុត​អលង្ការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រេន Tiffany & Co. ដោយ​រួម​មាន​​ខ្សែ​ក ចិញ្ចៀន កង​ដៃ និង​ក្រវិល ហើយ​ត្រូវ​ច្នៃ​ឡើង​ដោយ​ពេជ្រ និង​ប្លា​ទីន។ ក្រៅ​ពី​ឈុត​ពេជ្រ​កំពុង​ពាក់​លើ​ខ្លួន​តម្លៃ ៤​លាន​ដុល្លារ​នេះ ចៀវៃ​ក៏​បាន​បង្ហើប​ផង​ដែរ​ថា ជា​រៀង​រាល់​ឆ្នាំ ឲ្យ​តែ​​ដល់​ខួប​កំណើត​កូន​ស្រី​ គឺ​នាង​តែង​ជូន​គ្រឿង​អលង្ការ​ដល់​កូន​ស្រី​តម្លៃ​ខ្ទង់​លាន​ដុល្លារ ដូច​គ្នា ដើម្បី​ឲ្យ​ពេល​ធំ​ឡើង​ កូន​ស្រី​មាន​ទ្រព្យ​ស្រាប់​តែ​ម្ដង។

នាង​បន្ថែម​ថា ដោយ​សារ​តែ​ជំនាន់​ខ្លួន​មិន​មាន​របស់​ល្អ​ពាក់​ដូច​នេះ ទើប​ពេល​នេះ​ នាង​ប៉ះប៉ូវ​ឲ្យ​កូន​​មាន​របស់​ល្អ ដើម្បី​ធ្វើ​ខ្លួន​ឲ្យ​ស្អាត៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម