វិធីថែទាំទារក ៨យ៉ាងដែលឪពុកម្តាយថ្មីថ្មោងគួរយល់ដឹង
- 2020-10-08 02:23:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីថែទាំទារក ៨យ៉ាងដែលឪពុកម្តាយថ្មីថ្មោងគួរយល់ដឹង
ទារកទើបនឹងកើតនាំមកនូវភាពរំភើបរីករាយទាំងម្តាយទាំងឪពុក ស្របគ្នានោះដែរបន្ទុកក៏ត្រូវតែស្មើគ្នាដែរ។ ឪពុកម្តាយថ្មីថ្មោងអាចនឹងជួបប្រទះការពិបាកច្រើនដូចជាគេងមិនបានគ្រប់គ្រាន់ មិនចេះបីកូន បំបៅដោះកូន និងងូតទឹក។ល។ ពេលនេះកញ្ញានឹងបង្ហាញអ្នកពីវិធីខ្លះៗដែលអាចជួយសម្រាលបន្ទុកឪពុកម្តាយថ្មីថ្មោង៖
១. របៀបបីទារក
នៅពេលទារកបានមកដល់ដៃអ្នកភ្លាម អ្នកប្រហែលជាមិនទម្លាប់ក្នុងការបីទេព្រោះទារកតូចពិបាកបី។ ករបស់ទារកគឺជាផ្នែកសំខាន់បំផុត អញ្ចឹងហើយនៅពេលចាប់កាន់ទារកឡើង អ្នកត្រូវយកដៃម្ខាងចាប់ទ្រក្បាលទារកព្រោះទារកមិនអាចទប់ក្បាលខ្លួនឯងបាននោះទេ រីឯដៃម្ខាងទៀតត្រូវទ្រចង្កេះ។ ជាពិសេសត្រូវប្រយ័ត្នចំពោះបង្ហើយក្មេង។
២. ត្រូវថែទាំទារកកំឡុងពេល៣០ថ្ងៃរបៀបណា?
ទារកនៅក្នុងកំឡុង៣០ថ្ងៃគឺត្រូវប្រយ័ត្នបំផុត។ តែការបារម្ភរបស់អ្នកក៏មិនត្រូវលើសដែនកំណត់ដែរព្រោះអាចធ្វើឱ្យអ្នកញ៉ាំ ឬគេងមិនបានគ្រប់គ្រាន់ជាហេតុនាំឱ្យខ្វះទឹកដោះ។ នៅក្នុងកំឡុងពេល៣០ថ្ងៃនោះ អ្នកគួរតែថែទាំសុខភាពឱ្យបានល្អនិងញ៉ាំឱ្យបានច្រើនព្រោះទារកក្នុងកំឡុងពេលនេះត្រូវការទឹកដោះច្រើន និងការថែទាំឱ្យបានដិតដល់។ ហើយអ្នកគួរតែគេងនៅពេលទារកគេងដែរ។
៣. របៀបរុំទារក
ការរុំទារកឱ្យបានត្រឹមត្រូវជួយឱ្យទារកគេងបានស្ងប់ល្អ និងនៅស្ងៀម។ ជំហានដំបូង អ្នកត្រូវបត់កន្សែងឱ្យរាងដូចពេជ្រ រួចដាក់ទារកលើកន្សែងហើយបត់កន្សែងពីឆ្វេងមកស្តាំ ពីក្រោមឡើងលើ ហើយចុងបញ្ចប់បត់ពីស្តាំមកឆ្វេង។
៤. របៀបបំបៅដោះទារក
ការបំបៅដោះទារកគឺសំខាន់បំផុតកំឡុងពេល២ឬ៣ថ្ងៃដំបូង ព្រោះកំឡុងពេលនេះទារកត្រូវការទឹកដោះដំបូងដើម្បីធំធាត់។ អ្នកម្តាយអាចនឹងជួបប្រទះកង្វះទឹកដោះ ដំបៅក្បាលដោះ ឬសំបូរឬទឹកដោះពេក ហើយទារកខ្លះមិនសូវចង់បៅ។ ការបីទារកក៏ជារឿងសំខាន់ព្រោះទារកខ្លះមិនចង់បៅដោយសារតែការបីមិនស្រួល។ វិធីបំបៅដោះមានច្រើនរបៀប (ដូចក្នុងរូប) អ្នកគួរតែសាកឱ្យគ្រប់របៀបដើម្បីចង់ដឹងថារបៀបមួយណាដែលកូនអ្នកអាចបៅបានច្រើន។
៥. របៀបសង្គ្រោះបន្ទាន់ និងធ្វើឱ្យទារកភើ
ការភើគឺជាការចាំបាច់ដើម្បីឱ្យទារកមានសុខភាពល្អជាពិសេសនៅក្នុងកំឡុងពេល២ឬ៣ខែដំបូង។ បើសិនជាទារកមានសុខភាពល្អប្រាកដជាបៅបានច្រើននិងគេងបានស្កប់ស្កល់។ ដើម្បីធ្វើឱ្យក្មេងភើ អ្នកគួរតែបីហើយដាក់ចង្កាទារកលើស្មារបស់អ្នក តែកុំភ្លេចទប់ក្បាលនិងក បន្ទាប់មកព្យាយាមអង្អែលខ្នងទារកតិចៗទាល់តែភើ។ វិធីមួយទៀតគឺដាក់ទារកផ្កាប់មុខចុះលើភ្លៅរបស់អ្នក ដៃម្ខាងទប់ដើមទ្រូងនិងករបស់ទារកហើយលើកគូទទារកឱ្យខ្ពស់ជាងក្បាលរួចអង្អែលខ្នងថ្នមៗ។
សម្រាប់ការសង្គ្រោះបឋម នៅពេលដែលទារកស្លាក់ អ្នកគួរតែដាក់ទារកចុះលើភ្លៅរួចយកម្រាមពីរសង្កត់ដើមទ្រូង៥ដងចាំផ្លុំទាល់តែទារកចាប់ផ្តើមក្អក។ តែត្រូវចាំថាទារកនៅតូច អ្នកមិនអាចសង្កត់ញាប់ពេក ឬខ្លាំងពេកនោះទេ។
៦. របៀបម៉ាស្សាទារក
ការម៉ាស្សាជួយឱ្យឆ្អឹងទារករឹងមាំ និងសាច់ដុំរឹងល្អ។ អ្នកមិនគួរម៉ាស្សានៅពេលដែលទើបបំបៅទារក ឬមុនពេលបំបៅទេ។ ជំហានដំបូងអ្នកត្រូវដាក់ទារកលើកន្សែង ឬកម្រាលទន់ៗរួចចាប់ផ្តើមម៉ាស្សាដោយប្រើប្រេងបន្លែពីជើងទៅមុនបន្ទាប់មកដៃ ដើមទ្រូងហើយខ្នង។
៧. របៀបងូតទឹក
ឪពុកម្តាយថ្មីថ្មោងពិបាកបំផុតគឺការងូតទឹកនេះឯង។ ការងូតទឹកឱ្យទារកគឺមានច្រើនរបៀបទៅតាមចំនួនសប្តាហ៍។ តាមដំបូន្មានពេទ្យនៅសប្ដាហ៍ដំបូង អ្នកគួរតែជូតខ្លួនឲ្យគេសិន ឬងូតទឹកតែមិនបាច់រាល់ថ្ងៃនោះទេ ចាំដល់ផ្ចិតរបស់ទារកស្ងួត ហើយជ្រុះសិនសឹមងូតទឹកឲ្យគេធម្មតា។ ជាពិសេសត្រូវវាស់កម្តៅទឹកឱ្យបានត្រឹមត្រូវ ហើយត្រូវងូតដោយប្រុងប្រយ័ត្នទឹកចូលត្រចៀក។
៨. របៀបផ្លាស់ប្តូរខោទឹកនោម
អ្នកត្រូវចាំថាការផ្លាស់ប្តូរខោទឹកនោមត្រូវប្រយ័ត្នបំផុតនៅពេលផ្ចិតរបស់ទារកមិនទាន់ជ្រុះ។ អ្នកមិនត្រូវស្លៀកខោទឹកនោមបិទលើផ្ចិតរបស់ទារក ឬរិតតឹងពេកទេជាពិសេសទារិកាព្រោះវាអាចធ្វើឱ្យរលាកឬរោល។ ត្រូវប្រាកដថាអ្នកជូតទារកបានស្ងួតហើយមុននឹងស្លៀកខោទឹកនោម៕