មនុស្ស៧ប្រភេទដែលអ្នកគួរតែចៀសវាងបើសិនជាអ្នកចង់ទទួលបានភាពជោគជ័យក្នុងជីវិត

  • 2020-10-06 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការជោគជ័យទទួលបានដោយសារការខំប្រឹងនិងសេចក្តីអំណត់អត់ធ្មត់របស់យើង។ ប៉ុន្តែការជោគជ័យមួយផ្នែកគឺបានមកពីមនុស្សនៅជុំវិញខ្លួនអ្នកជារៀងរាល់ថ្ងៃ។ មនុស្សខ្លះអាចជាគម្រូសម្រាប់អ្នក ដើម្បីអភិវឌ្ឈជីវិតអ្នកអោយកាន់តែប្រសើរ ចំនែកមនុស្សខ្លះដែលចូលមកក្នុងជីវិត គឺគ្រាន់តែដើម្បីផលប្រយោជន៍ឬជាន់ពន្លិចអ្នកតែប៉ុណ្ណោះ។ ដូច្នេះបើមិនចង់ខាតពេលអត់ប្រយោជន៍ អ្នកគួរជៀសអោយឆ្ងាយពីប្រភេទមនុស្សទាំង៧នេះរួមមាន៖

១. មនុស្សដែលមិនហ៊ានប្រថុយនឹងគ្រោះថ្នាក់

មនុស្សប្រភេទនេះមានការភ័យខ្លាចជាខ្លាំង ពួកគេជាមនុស្សដែលប៉ិនតែការនិយាយស្តីថាចង់បាននេះបាននោះ ទាំងធាតុពិតមិនដែលធ្វើសកម្មភាពណាដើម្បីអភិវឌ្ឈខ្លួនឯងសោះ មិនដែលចង់ផ្លាស់ប្តូរអនាគតរបស់ខ្លួន។ បើសិនជាអ្នកសម្រេចចិត្តដើរជាមួយមនុស្សបែបនេះ នោះអ្នកនឹងមានក្តីស្រម័យដែលមិនជាក់លាក់ ព្រោះតែការភ័យខ្លាចមិនហ៊ានសាកល្បង អ្នកមានចិត្តអន្ទែសអន្ទែងស្ទាក់ស្ទើរនឹងគោលដៅរបស់អ្នក។

២. មនុស្សដែលមានទុទិដ្ឆិនិយមចំពោះការយល់ឃើញនៃពិភពលោកទាំងមូល

មនុស្សបែបនេះរមែងចូលចិត្តនិយាយតែពីភាពអវិជ្ជមានដែលរស់នៅក្នុងសង្គមនេះ គេចូលចិត្តគិតតែពីបញ្ហា ការយកឧបសគ្គមកធ្វើជាលេស ហើយធ្វើការវាយតម្លៃពីរូបរាង ឬរិះគន់ពីអ្វីផ្សេងៗទៀត ជាហេតុដែលញ៉ាំងអោយអ្នកស្រូបទាញការគិតបែបទុទិដ្ឆិនិយមទៅផែនការដែលអ្នកចង់សម្រេច ដែលជម្រុញអោយអ្នកគិតឃើញពីបញ្ហាច្រើនជាងដំណោះស្រាយ ហើយអ្នកនឹងមានគម្លាតកាន់តែឆ្ងាយពីក្តីស្រមៃរបស់អ្នក។

៣. មនុស្សក្រអឺតក្រទម មិនចូលចិត្តស្តាប់ដំបូន្មានអ្នកដទៃ

មនុស្សក្រអឺតតែងតែសរសើរខ្លួនឯងនៅមុខអ្នកដទៃ ចូលចិត្តអនុម័តរឿងអ្វីៗតែម្នាក់ឯង មិនស្តាប់ពីយោបល់អ្នកឯទៀត។ គេគួរផ្តល់ពេលវេលាអោយអ្នកដទៃបញ្ចេញមតិរាល់ការខ្វះខាតដើម្បីធ្វើការកែតម្រូវ ហើយវាក៏ជាពេលល្អមួយដែលគេអាចរៀនសូត្របានពីអ្នកដទៃ។ បើសិនជាអ្នកសេពគប់មនុស្សប្រភេទនេះ អ្នកនឹងមានអារម្មណ៍ថាអ្នកមានទំនុកចិត្តខ្ពស់ មិនស្តាប់ហេតុផលអ្នកដទៃសោះ នោះបំណងប្រាថ្នាអ្នកនឹងត្រូវរលាយឆាប់ៗ។

៤. មនុស្សមិនស្មោះត្រង់

មនុស្សប្រភេទនេះធ្វើអោយយើងមើលឃើញពីភាពអាក្រក់របស់អ្នកដទៃ។ ពួកគេមិនបាននិយាយពាក្យពិត ហើយពេលខ្លះគ្រាន់តែធ្វើជានិយាយល្អសរសើរអ្នកដើម្បីអោយអ្នកសម្បាយចិត្ត តែតាមពិតមនុស្សដែលស្មោះត្រង់នឹងអ្នក គេនឹងនិយាយពីបញ្ហារបស់អ្នក គេជួយអ្នកអោយយល់ពីខ្លួនឯងអោយបានច្រើន គេនឹងលើកទឹកចិត្តអ្នកដែលវាជាកត្តាដែលអាចអោយអ្នកដើរទទឹមនឹងក្តីស្រមៃរបស់អ្នក។

៥. មនុស្សចូលចិត្តទំលាក់កំហុសអ្នកដទៃ

ការទំលាក់កំហុសអ្នកដទៃទាំងមិនព្រមគិតពីមធ្យោបាយដោះស្រាយ ជាមនុស្សម្នាក់ដែលមានភាពអត្មានិយម។ គេចូលចិត្តធ្វើជាជនរងគ្រោះ ចោទថាអ្នកផ្សេងធ្វើខុស ដោយមើលរលងខ្លួនឯង។ នេះជាហេតុធ្វើអោយអ្នកក្លាយទៅជាអ្នកបំផ្លាញសុបិនអ្នកទៅវិញ។

៦. មនុស្សមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន

មនុស្សបែបនេះប្រើអារម្មណ៍ធ្វើការជាធំ ពួកគេមិនអាចទ្រាំសូម្បីជួបរឿងបន្តិចបន្តួច រអ៊ូរទាំ មិនព្រមសម្រួលចិត្តហើយរកមធ្យោបាយដោះស្រាយបញ្ហា។ កាលណាអ្នកនៅជាមួយមនុស្សប្រភេទនេះ អ្នកនឹងគ្មានភាពអត់ធ្មត់ក្នុងការធ្វើការ អ្នកមិនគ្រប់គ្រងអារម្មណ៍ខ្លួនឯង ហើយតាំងដើរប្រាប់គេពីការខំប្រឹងរបស់ខ្លួនទាំងដែលមិនបានធ្វើអ្វីអោយចេញជាផ្លែផ្កាសោះ។

៧. មនុស្សខ្វះទំនុកចិត្តលើខ្លួនឯង

ការមានទំនុកចិត្តគឺជាកត្តាដែលធ្វើអោយអ្នកអាចសម្រេចគោលដៅរបស់អ្នក។ បើសិនជាអ្នកដើរជាមួយមនុស្សដែលមិនហ៊ានសូម្បីតែការសាកល្បង ក៏គិតថាខ្លួនឯងបរាជ័យទៅហើយ នោះអ្នកនឹងគ្មានភាពក្លាហានក្នុងការប្រថុយប្រថាននឹងក្តីស្រមៃ ហើយអ្នកក៏មិនអាចជោគជ័យបាននោះដែរ។

ដូច្នេះការសេពគប់ជាមួយអ្នកដទៃពិតជាសំខាន់ណាស់ អ្នកគួរជៀសអោយឆ្ងាយពីមនុស្សប្រភេទទាំងនេះដែលនាំតែភាពអវិជ្ជមាន ការមិនខំប្រឹងប្រែង។ អ្នកគួរនៅជាមួយមនុស្សណាដែលអាចអោយអ្នកសិក្សារៀនសូត្របានហើយ លើកទឹកចិត្តអ្នកផ្តល់កម្លាំងចិត្តដល់អ្នក និងប្រាប់ពីបញ្ហាត្រង់ៗដល់អ្នក៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

ប្រុងប្រយ័ត្នឲ្យបានខ្ពស់ បើសិនជាអ្នកសុបិនឃើញបែបនេះ

ប្រភព៖ akerufeed ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន