ចង​ចាំ​ប៉ុន្មាន​ចំណុច​នេះ ការ​ឈឺចាប់​បែប​ណា​ក៏​មិន​អាច​បំផ្លាញ​អ្នក​បាន​ឡើយ

  • 2020-05-05 07:20:00
  • ចំនួនមតិ 10 | ចំនួនចែករំលែក 331

ជឿ​ថា​ប្រិយមិត្ត​គ្រប់​គ្នា​ប្រាកដ​ជា​ធ្លាប់​ឆ្លង​កាត់​ពេល​វេលា​មួយ​ដែល​មាន​អារម្មណ៍​ថា​ធុញទ្រាន់ ធុញ​ថប់​នឹង​​ជីវិត ក៏​ដូច​ជា​គ្រប់​យ៉ាង​ដែល​កើត​ឡើង​មិន​សម​តាម​ចិត្ត​របស់​ខ្លួន។ ប៉ុន្តែ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​នោះ គឺ​មាន​តែ​អត់​ធ្មត់ ហើយ​តស៊ូ​ទៅ​មុខ​ទៀត ព្រោះ​ថា​បើ​យើង​ព្រម​ចុះ​ចាញ់​តែ​បន្តិច យើង​នឹង​ពិបាក​រក​ក្ដី​សុខ​សម្រាប់​​ពេល​ទៅ​ខាង​មុខ។ យ៉ាង​ណា​ក៏​ដោយ បើ​អ្នក​អាច​យល់​ពី​មេរៀន​ជីវិត​ខ្លះ​ៗ​ខាង​ក្រោម​នេះ អ្នក​នឹង​មាន​អារម្មណ៍​ធូរ​ស្រាល និង​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ដោយ​មាន​ថាមពល៖

១. អ្នក​ណា​ទៅ​ដែល​មិន​រឹងមាំ​ដោយ​សារ​ការ​ឈឺចាប់ គ្រប់​គ្នា​​ដែល​អាច​ជោគជ័យ​បាន​សុទ្ធ​តែ​ឆ្លង​កាត់​ការ​លំបាក និង​ឈឺចាប់​ទាំង​អស់។

២. មិន​ថា​អ្នក​ដើរ​យឺត​កម្រិត​ណា ប៉ុន្តែ​​​ឲ្យ​តែ​អ្នក​​នៅ​តែ​ឈាន​ទៅ​មុខ​រហូត ថ្ងៃ​ណា​មួយ​អ្នក​នឹង​ដល់​គោលដៅ​របស់​ខ្លួន។

៣. គ្មាន​នរណា​ឈឺចាប់​ជំនួស​អ្នក​បាន​ទេ ដូច្នេះ​ហើយ​សូម​កុំ​ឲ្យ​អ្នក​ណា​លួច​យក​ក្ដី​សុខ​ពី​អ្នក​ទៀត។

៤. មួយ​ក្នុង​ចំណោម​ទឹក​មុខ​ដែល​ស្រស់​ស្អាត​បំផុត​ក្នុង​លោក គឺ​​ជា​​ស្នាម​ញញឹម​ដែល​កើត​ឡើង​ក្រោយ​ពី​ជូត​ទឹក​ភ្នែក​។

៥. ពេល​ខ្លះ​ ការ​បំភ្លេច​គឺ​ជា​ដំណោះស្រាយ​ដែល​ល្អ​បំផុត ចំណែក​​ភាព​ស្ងប់ស្ងាត់​ក៏​ជា​ចម្លើយ​ដែល​សក្ដិសម​បំផុត​ដែរ។

៦. ពេល​ខ្លះ ពាក្យ​ថា “ក្លាយ​ជា​មនុស្ស​ធំ” វា​មិន​ងាយ​ស្រួល​រហូត​ទេ ព្រោះ​​អ្នក​ខ្លះ​មិន​ដែល​ធំ អ្នក​ខ្លះ​មិន​ចង់​ធំ ហើយ​អ្នក​ខ្លះ​ទៀត​ខំ​ប្រឹង​ធ្វើ​ជា​មិន​ធំ។

៧. ជាមួយ​ក្ដី​ទុក្ខ​ខ្លះ យើង​ត្រូវ​ជ្រើសរើស​ថា​​តើ​ត្រូវ និយាយ​ជាមួយ​អ្នក​ណា និយាយ​បាន​ឬ​យ៉ាង​ណា និយាយ​នៅ​ឯណា និយាយ​នៅ​ពេល​ណា? ចំណែក​រឿង​សម្ងាត់​ខ្លះ​ក៏​ដូច​គ្នា!

៨. មនុស្ស​ខ្លះ ដែល​បង្ហាញ​ភាព​សោះអង្គើយ​ជាមួយ​​អ្នក​​គ្រប់​គ្នា នោះ​មិន​មែន​ដោយ​សារ​គេ​គ្មាន​ចិត្ត​នោះ​ទេ ប៉ុន្តែ​គេ​ត្រូវ​ពាក់​ស្រោម​មុខ ព្រោះ​វា​ជា​អាវក្រោះ​ការពារ​ភាព​ឈឺចាប់​ដែល​ល្អ​បំផុត។

៩. ពេល​ខ្លះ ក៏​មិន​អាច​បដិសេធ​ដែរ​ថា​ រាល់​ថ្ងៃ​នេះ​យើង​រស់​នៅ​​ព្រោះ​ហេតុផល​ពីរ​យ៉ាង ទី​មួយ​គឺ​​រស់​នៅ​ឲ្យ​អ្នក​ដទៃ​មើល និង​ចាំ​មើល​អ្នក​ដទៃ​រស់​នៅ។ ប៉ុន្តែ​បើ​អ្នក​អនុញ្ញាត​​ឲ្យ​ការ​វាយ​តម្លៃ​របស់​អ្នក​ដទៃ​ គ្រប​ដណ្ដប់​លើ​ជីវិត​ខ្លួន អ្នក​នឹង​បាត់បង់​ក្ដី​សុខ​ពិត​ប្រាកដ។

១០. បើ​អ្នក​ធ្លាប់​​បាត់បង់ ថ្ងៃ​នេះ​អ្នក​នឹង​អាច​យល់​ការពិត​នៃ​ជីវិត​ថា មនុស្ស​យើង​កើត​មក​ដើម្បី​ឲ្យ​ស្គាល់​ពាក្យ​ថា “បាត់បង់” មិន​មែន​ដើម្បី​ឲ្យ​ស្គាល់​ពាក្យ​ថា “ឱបក្រសោប”​ ទេ។

១១. មនុស្ស​ដែល​មិន​ធ្លាប់​រង់​ចាំ នឹង​គ្មាន​ផ្លូវ​យល់​​ទេ​ថា ការ​រង់​ចាំ​នេះ​ត្រូវ​ប្រើ​ការ​អត់ធ្មត់​ខ្លាំង​កម្រិត​ណា ៕

ចុចអាន៖

ប្រភព៖ NusonBooks ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន