ព្យាយាម​សម្រក​ទម្ងន់​ស្រល់​ត្រឹម ៣៤​គីឡូ ព្រោះ​មិត្ត​ប្រុស​ចូល​ចិត្ត​រាង​ស្គម ចុង​បញ្ចប់​គេ​មាន​ស្រី​ថ្មី

  • 2020-04-02 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ឈ្មោះ Liu Ye ខ្លួន​ប្រាណ​នៅ​ពេល​នេះ​សល់​ត្រឹម​ស្បែក​ដណ្ដប់​ឆ្អឹង ដោយ​សារ​តែ​ចង់​បាន​រូបរាង​ដែល​សង្សារ​ពេញ​ចិត្ត។

នារី​មក​ពី​ប្រទេស​ចិនឈ្មោះ Liu Ye បាន​ប្រឹង​សម្រក​គីឡូ​ពី ៧០ សល់​ត្រឹម​៣៤​ប៉ុណ្ណោះ។  បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី Confess Now នារី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ នាង​ចង់​បាន​ត្រឹម​មង្គលការ​សាមញ្ញ​មួយ​ប៉ុណ្ណោះ។

តាម​នោះ​ដែរ នារី​វ័យ​៣០​ឆ្នាំ បាន​ឲ្យ​ដឹង​ថា កាល​ពី​មុន​នាង​ធ្លាប់​មាន​ទម្ងន់​ដល់​ទៅ​ ៧០គីឡូ ហើយ​ដោយ​សារ​តែ មិត្ត​ប្រុស​ចូលចិត្ត​នារី​រាង​ស្គម នាង​បាន​ប្រឹង​សម្រក​សល់​ត្រឹម​តែ​៣៤​គីឡូ​ប៉ុណ្ណោះ។ មើល​ឃើញ​រូបរាង​នាង​ពេល​បច្ចុប្បន្ន អ្នក​ណា​ក៏​អាណិតអាសូរ​ដែរ តែ​សាមី​ខ្លួន​ផ្ទាល់​ប្រាប់​ថា នាង​គ្មាន​បញ្ហា​ទេ ដោយ​នាង​លើក​ឡើង​ថា នាង​មិន​រង​ផល​ប៉ះ​ទង្គិច​ដោយ​សម្ដី​អ្នក​ជុំវិញ​ឡើយ។ នាង​ប្រាប់​ថា កាន់​តែ​ស្គម មិត្ត​របស់​នាង​នឹង​កាន់​តែ​ស្រលាញ់​នាង​ជាង​មុន។

គួរ​ឲ្យ​សោក​ស្ដាយ ខុស​ពី​ការ​រំពឹង​របស់​ខ្លួន មិត្ត​ប្រុស​ក្នុង​កម្មវិធី Confess Now មិន​បាន​សារភាព​ស្នេហ៍​ប្រាប់​នាង​ឡើយ។ ដោយ​លោក Xiao Yan បាន​ប្រាប់​ថា៖ រវាង​លោក និង​នាង​តាម​ការពិត​គ្រាន់​តែ​ជា​មិត្ត​អនឡាញ​ប៉ុណ្ណោះ ហើយ​នៅ​ស្រុក​​កំណើត ការ​ពិត​លោក​មាន​សង្សារ​រួច​ហើយ ហើយ​ពួក​គេ​ក៏​ជិត​រៀបការ​នឹង​គ្នា​ដែរ។ សូម​នាង​កុំ​ដោយ​សារ​តែ​គេ ហើយ​សម្រក​ទម្ងន់​ទៀត​អី មាន​តែ​ធ្វើ​បាប​ខ្លួន​ឯង​ប៉ុណ្ណោះ។ កាល​ពីមុន នៅ​ពេល​ជួប​គ្នា នាង​ថា នាង​មាន​ទម្ងន់​៤០​គីឡូ នាង​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ​ម្ដង​រួច​ហើយ ព្រោះ​មើល​នាង​មិន​ខុស​ពី​គ្រោង​ឆ្អឹង​ឡើយ។ តែ​ពេល​នេះ ឮ​ថា​នាង​នៅ​សល់​ត្រឹម​តែ៣៤​គីឡូ​ប៉ុណ្ណោះ ខ្ញុំ​រឹត​តែ​មិន​ហ៊ាន​ជួប​នាង។ មាន​​ប៉ុណ្ណា​ ខ្ញុំ​និយាយ​ចេញ​អស់​ហើយ សង្ឃឹម​ថា​នាង​នឹង​ភ្លេច​ខ្ញុំ​បាន។ ពី​មុន​ខ្ញុំ​ថា ខ្ញុំ​មិន​អាច​ទៅ​ជួប​នាង​បាន​ដោយ​សារ​ខ្ញុំ​រវល់​មែនទេ តាម​ការ​ពិត​មិន​មែន​ខ្ញុំ​រវល់​ទេ គ្រាន់​តែ​មក​ពីមិត្ត​ស្រី​ខ្ញុំតាម​ខ្ញុំ​ជាប់​ពេក មិន​អាច​ឆ្លៀត​បាន។ ពេល​នេះ​លែង​ជា​អី​នឹង​គ្នា​ហើយ ខ្ញុំ​ប្រាប់​នាង​ត្រង់​តែ​ម្ដង​ទៅ តាម​ការ​ពិត​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​នឹង​នាង​ក៏​ដោយ​សារ​នាង​មាន​លុយ​ដែរ។ សូម​ទោស​ផង”។

ក្រោយ​ពេល​កម្មវិធី​នេះ​ត្រូវ​បាន​ចាក់​បញ្ចាំង មនុស្ស​ជា​ច្រើន​បាន​សម្ដែង​ក្ដី​អាណិត​ចំពោះ Liu Ye ជា​ខ្លាំង​ដែល​បាន​ដាក់ចិត្ត​លើ​មនុស្ស​ប្រុស​ខុស ហើយ​សង្ឃឹម​ថា​នាង​នឹង​បំប៉ន​ខ្លួន​ឯង​ឲ្យ​មាន​សាច់​មាន​ឈាម​វិញ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម