វិធីបង្ការយ៉ាងមានប្រសិទ្ធភាពសម្រាប់មនុស្សចាស់ចៀសឆ្ងាយពី Covid-19

  • 2020-03-20 06:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

​តាំង​ពី Covid-19 ​ផ្ទុះ​ឡើង ​អត្រា​មនុស្ស​ចាស់​ស្លាប់​និង​ឆ្លង​​កើន​ឡើង​យ៉ាង​គំហុក​ស្ទើរ​ពេញ​ពិភពលោក។ ​បើ​ទោះ​ជា​​មិន​ទាន់​មាន​ភស្តុតាង​អះ​អាង​ថា ​​មនុស្ស​ចាស់​ងាយ​​រង​ហានិភ័យ​​​ពី Covid-19 ​ក៏​ដោយ ​តែ​ក្រុម​គ្រូ​ពេទ្យ​​​ចង្អុល​បង្ហាញ​ថា ​មនុស្ស​ចាស់​អាយុ​លើស​ពី​៦០​​ឆ្នាំ ​គួរ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។ ​លើស​ពី​នេះ ​អ្នក​ដែល​មាន​ជំ​ងឺ​ប្រចាំ​កាយ​ដូច​ជា ​ជំ​ងឺ​បេះ​ដូង ​ទឹក​នោម​ផ្អែម ​សួត ​​ថ្លើម ​តម្រង​នោម គឺ​​​ត្រូវ​ប្រយ័ត្ន​ខ្ពស់​ផង​ដែរ​។ ​ដោយសារ​ប្រព័ន្ធ​ការពារ​មាន​ភាព​ចុះ​ខ្សោយ​​ជាង​មនុស្ស​ទូ​ទៅ​។

រូបតំណាង

​ដូច្នេះ ​​តើ​គេ​អាច​យក​ចិត្ត​ទុក​ដាក់​មនុស្ស​ចាស់​ក្នុង​គ្រួសារ​ដើម្បី​ចៀស​វាង​ការ​រង​ឥទ្ធិពល​ពី​ Covid-19 ​យ៉ាង​ដូចម្ដេច? ​​​ផ្អែក​តាម​​មជ្ឈមណ្ឌល​ការពារ​និង​គ្រប់​គ្រង​ស្ថាន​ភាព​ជំ​ងឺ (CDC) ​និង​អង្គការ​សុខភាព​ពិភពលោក (​WHO) បាន​បង្ហើប​តិច​និក​ពី​វិធី​ការពារ​សុខភាព​សម្រាប់​មនុស្ស​ចាស់ ​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ដូច​ខាង​ក្រោម​៖​​

រូបតំណាង

១. ​យ៉ាង​ហោច​ណាស់​ឲ្យ​មនុស្ស​ចាស់​​លាង​ដៃ​នឹង​សាប៊ូ ​ឬ​ជែល​ឲ្យ​បាន​​២០​វិនាទី ដើម្បី​លាង​ជម្រះ​មេរោគ​បាន​សព្វ​ល្អ​។

២. ​​កុំ​​ឲ្យ​មនុស្ស​ចាស់​យក​ដៃ​ទៅ​ប៉ះ​ផ្ទាល់​ ឬ​ប៉ះ​រាង​កាយ​របស់​អ្នក​ដទៃ​។

៣. កុំ​​ឲ្យ​មនុស្ស​ចាស់​ទៅ​ចូល​រួម​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​​ប្រមូល​ផ្ដុំ ​ឬ​ទី​សាធារណៈ​ឲ្យ​សោះ។

៤. លាង​ឧបករណ៍​ដែល​មនុស្ស​ចាស់​ តែង​ប៉ះ​ជា​រៀង​រាល់​ថ្ងៃ (​យ៉ាង​ហោច​ម្ដង​ក្នុង​មួយ​ថ្ងៃ​)

៥. ​កុំ​ឲ្យ​មនុស្ស​ចាស់​ចៀស​វាង​ការ​​ប្រើ​មធ្យោបាយ​សាធារណៈ​ដូច​​ជា ឡាន​ក្រុង ​រថ​ភ្លើង​ជា​ដើម​

៦. ​ហាម​ការ​ដើរ​លេង​កម្សាន្ត​ជា​ក្រុម​ ​ដូច​ជា​ដើរ​លេង​ក្រៅ​ប្រទេស ​តាម​កប៉ាល់​​​ជាមួយ​​ភ្ញៀវ​ទេសចរ​បរទេស​ជា​ដើម។

រូបតំណាង

​៧. ​​ចៀស​វាង​ឲ្យ​មនុស្ស​ចាស់​​ជួប​មនុស្ស​នៅ​ខាង​ក្រៅ​មួយ​រយៈ ​ឬ​សាច់​ញាតិ​ដែល​កំពុង​មាន​ជំ​ងឺ។

រូបតំណាង

៨. ប្រសិន​បើ​​​មនុស្ស​ចាស់​ត្រូវ​ចេញ​ក្រៅ​ដូច​ជា​​ទៅ​ផ្សារ ​ត្រូវ​​​រក្សា​ចម្ងាយ​ឆ្ងាយ​ពី​គ្នា​​យ៉ាង​ហោច​មួយ​ម៉ែត្រ ​តាម​ដែល​អាច​ទៅ​រួច​។

​៩. ​​ប្រសិន​បើ​​មនុស្ស​ចាស់​តែង​មាន​ការ​ណាត់​ជា​ប្រចាំ​ជាមួយ​វេជ្ជបណ្ឌិត​ដើម្បី​​បើក​ថ្នាំ ​សូម​ធ្វើ​ការ​ប្រឹក្សា​ជាមុន​ថា​តើ​គួរ​ទៅ​ជួប​ផ្ទាល់​ទៀត ​ឬ​មាន​វិធី​ណាមួយ​ផ្សេង។ ​​តើ​​អាច​​ប្រឹក្សា​​តាម​រយៈ​ Video Call ​​ឬ​ក៏​ស្នើ​ឲ្យ​​ខាង Delivery ​ដឹក​ថ្នាំ​មក​ផ្ទះ​? ឬ​អ្នក​ជំ​ងឺ​អាច​រក​ទិញ​ប្រភេទ​ថ្នាំ​ទាំង​នោះ​តាម​ឱសថ​ស្ថាន​​ស្រប​តាម​វេជ្ជ​បញ្ជា? ​​ដើម្បី​ចៀស​វាង​ធ្វើ​ដំណើរ​ទៅ​មន្ទីរ​ពេទ្យ ដែល​កំពុង​វឹក​វរ​ដោយ Covid-19​។

រូបតំណាង

១០. ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​មនុស្ស​ចាស់​នៅ​ឯកោ។ ​បើ​ទោះ​វិធី​នៅ​ដាច់​ដោយ​ឡែក​ជា​ជម្រើស​មាន​សុវត្ថិភាព​ប៉ុន្តែ​ក៏​ជះ​ឥទ្ធិពល​ដល់​ផ្លូវ​ចិត្ត​​របស់​មនុស្ស​ចាស់​ផង​ដែរ ​ដូច្នេះ​សមាជិក​គ្រួសារ​ត្រូវ​មើល​ថែ​ទាំ ​ជជែក​លេង ​ជា​ដើម ​។ ​សាច់​ញាតិ​គួរ​ឧស្សាហ៍​សួ​រ​សុខទុក្ខ​តាម​រយៈ​ Video Call , Chat ​ជា​ដើម។

១១​. ​ជំរុញ​ឲ្យ​មនុស្ស​ចាស់​នៅ​បន្ត​សកម្មភាព​ដូច​រាល់​ដង ​ដូច​ជា​ហាត់​ប្រាណ ​ឬ​គាត់​តែង​​ចូល​ចិត្ត​ស្រោច​ផ្កា​នៅ​មុខ​ផ្ទះ​ជា​ដើម ​។

​១២. ​ប្រសិន​បើ​​ឃើញ​មនុស្ស​ចាស់​មាន​ចេញ​រោគ​សញ្ញា​មិន​ប្រក្រតី​ដូច​ជា​ក្ដៅ​ខ្លួន ​ហៀរ​សំបោរ ​ក្អក ​កណ្ដាស់ ​ឈឺ​ក ​​ពិបាក​ដក​ដង្ហើម​ ​គួរ​​ប្រ​ញាប់​ទាក់​ទង​ទៅ​លេខ​ ១១៥ ​ជា​បន្ទាន់។​

អានបន្ត៖ ​ ការពារប្រសើរជាងព្យាបាល! វិធីបង្ការមេរោគ Covid-19 ពេលកុម្មង់ទំនិញពីក្រៅប្រទេស

ប្រភព៖ Sanook ប្រែ​សម្រួល៖ លឹម សុនា