វិធី ៧ យ៉ាង ជួយឲ្យស្បែកម៉ដ្ឋរលោងមិនងាយជ្រីវជ្រួញ

  • 2020-02-19 08:40:00
  • ចំនួនមតិ 11 | ចំនួនចែករំលែក 413

ដើម្បី​ទទួល​បាន​ស្បែក​ស្អាត​ទាំង​មុខ​និង​ដង​ខ្លួន គួរ​ព្យាយាម​​មាន​ទម្លាប់​ល្អ​ៗ ដែល​បាន​ណែនាំ​ដោយ​អ្នក​ជំនាញ​។ ស្បែក​ម៉ដ្ឋ​រលោង​មិន​ងាយ​ចាស់ និង​មាន​សុខភាព​ល្អ​ មិន​មែន​ផ្តោត​សំខាន់​តែ​លើ​ការ​លាប​ឡេ​មួយ​មុខ​ឡើយ ប៉ុន្តែ​ត្រូវ​យក​ចិត្ត​ទុក​និង​​ដឹង​ពី​វិធី​ថែទាំ​ឲ្យ​បាន​ល្អ​ជា​ប្រចាំ។

១. មិន​ងូត​ទឹក​យូរ​ពេក

តាម​ការ​អះអាង​របស់​អ្នក​ជំនាញ​ បាន​បញ្ជាក់​ថា​ ដើម្បី​ការពារ​មិន​ឲ្យ​ប៉ះពាល់​ដល់​ស្បែក អ្នក​គួរ​ងូត​ទឹក​ចន្លោះ​ពី​ ៥-១០​នាទី គ្រប់គ្រាន់​ហើយ។ អ្នក​អាច​នឹង​យល់​ច្រឡំ​ថា​ ការ​ងូត​ទឹក​ក្នុង​រយៈ​ពេល​យូរ ជួយ​ផ្តល់​សំណើម​ដល់​ស្បែក ផ្ទុយ​ទៅ​វិញ​វា​ធ្វើ​ឲ្យ​ស្បែក​បាត់​បង់​ជាតិ​ប្រេង​ធម្មជាតិ​ និង​កាន់​តែ​ស្ងួត​ទៅ​វិញ​ទេ​។ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ ត្រាំ​ក្នុង​អាង (ពិសេស​ទឹក​ក្តៅ) អាច​បណ្តាល​ឲ្យ​សរសៃ​ឈាម​នៅ​ក្រោម​ស្បែក​ខ្វះ​អុកស៊ីហ្សែន​ ជា​ហេតុ​នាំ​​ឲ្យ​ស្បែក​​មាន​សភាព​មិន​ទន់​ស្រស់​ថ្លា។

២. ងូត​ទឹក​ក្តៅ​ខ្លាំង​ពេក

ការ​ងូត​ទឹក​ក្តៅ​អាច​ជួយ​ឲ្យ​អារម្មណ៍​ធូរ​ស្រាល ប៉ុន្តែ​ប្រសិន​បើ​អ្នក​ឧស្សាហ៍​ងូត​ជា​ប្រចាំ ឬ​ងូត​ក្នុង​កម្រិត​ក្តៅ​ខ្លាំង​ពេក ប្រៀប​បាន​ដូច​ជា​អ្នក​​កំពុង​តែ​បំផ្លាញ​ស្បែក ធ្វើ​ឲ្យ​ស្បែក​កាន់​តែ​ស្ងួត​និង​ជ្រីវជ្រួញ។

៣. មិន​ប្រើ​សាប៊ូ​​ដុំ​ដែល​មាន​ជាតិ​កាត់​សម្លាប់​មេរោគ​ខ្លាំង​ពេក

សាប៊ូ​ដុំ​ដែល​មាន​សារធាតុ​សម្លាប់​មេរោគ​ខ្លាំង ធ្វើ​ឲ្យ​ស្បែក​បាត់បង់​ប្រេង​ធម្មជាតិ​ដែល​ស្ថិត​នៅ​ផ្ទៃ​ខាង​លើ។ ហេតុ​នេះ​ហើយ​ទើប​បាន​ជា​អ្នក​ជំនាញ​ណែនាំ​អ្នក​ឲ្យ​ប្រើ​សាប៊ូ​ដុំ​ចំពោះ​កន្លែង​ណា​ចាំ​បាច់​ដូច​ជា​ដៃ​ឬ​ជើង​ជា​ដើម​ រី​ឯ​កន្លែង​មួយ​ចំនួន​ទៀត ដែល​ឆាប់​រង​ប្រតិកម្ម​ដូចជា​មុខ​ ក...គួរ​សាប៊ូ​ទឹក​សម្រាប់​ដុស​ខ្លួន។

៤. កុំ​ភ្លេច​ផ្តល់​សំណើម​ដល់​ស្បែក​

បើ​គិត​ថា​ស្បែក​របស់​អ្នក​​​មាន​សភាព​ស្ងួត គួរ​ព្យាយាម​ផ្តល់​​សំណើម​​ឲ្យ​បាន​គ្រប់គ្រាន់​។ ជាពិសេស​បន្ទាប់​ពី​ងូត​ទឹក​រួច ឬ​ក្នុង​រដូវ​រងា ស្បែក​នឹង​កាន់​តែ​ស្ងួត​បែក​ស្រកា ដូច្នេះ​គួរ​រក​ប្រភេទ​ឡេ​​ដែល​មាន​សារធាតុ Ceremide ទើប​អាច​ជួយ​ឲ្យ​ស្បែក​មាន​សំណើម​​ ទន់​រលោង ការពារ​ជ្រួញ និង​ភ្លឺ​ចេញ​ពី​ខាង​ក្នុង​តែ​ម្តង​។

៥. ផឹក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់

រាង​កាយ​របស់​មនុស្ស​គ្រប់​គ្នា ត្រូវការ​ជាតិ​ទឹក​យ៉ាង​ហោចណាស់​ ១,៥-២ លីត្រ​ក្នុង​មួយ​ថ្ងៃ។ ការ​ផឹក​ទឹក​​បាន​គ្រប់​គ្រាន់​មិនត្រឹម​​តែ​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សម្រស់​ប៉ុណ្ណោះ​ទេ ហើយ​ក៏​ល្អ​សម្រាប់​សុខភាព​ផង​ដែរ​។

៦. ផ្តល់​សារធាតុ​បំប៉ន​ដល់​រាង​កាយ

រាង​កាយ​អាច​រឹងមាំ​មិន​ងាយ​ឈឺ​ថ្កាត់​និង​មិន​ឆាប់​ចាស់​មុន​វ័យ លុះ​ត្រា​តែ​អ្នក​បាន​ផ្តល់​សារធាតុ​បំប៉ន​ល្អ​ៗ ជា​រៀង​រាល់​​ថ្ងៃ។ គួរ​ញ៉ាំ​អាហារ​ដែល​មាន​ផ្ទុក​ វីតាមីន​ A,C និង​ E...រួម​ទាំង​សារធាតុ​សំខាន់​ៗ​ជា​ច្រើន​ទៀត​ ដែល​មាន​នៅ​ក្នុង​បន្លែ​ផ្លែឈើ​ជាដើម​។

៧. ស្លៀក​​សម្លៀកបំពាក់​ការពារ​ឲ្យ​បាន​ត្រឹមត្រូវ​ពេល​ចេញ​ទៅ​ខាង​ក្រៅ

ពេល​ដែល​អ្នក​ចេញ​ទៅ​ខាង​ក្រៅ គួរ​ស្លៀក​សម្លៀកបំពាក់​ដែល​អាច​ការពារ​ពន្លឺ​ព្រះ​អាទិត្យ​ ជាពិសេស​កុំ​ភ្លេច​ពាក់​មួក​ម៉ាស់ ឬ​ស្រោម​ដៃ​ ដើម្បី​ការពារ​ពី​ផ្សែង​ ធូលី កាំ​រស្មី UV ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​ខ្មៅ​ដុំ​ៗ​មិន​​ស្មើ​គ្នា និង​ជ្រីវជ្រួញ​មុន​វ័យ​ផង​ដែរ៕

ចុចអានបន្ត៖ អ្នក​ខ្ជិល​តែចង់​ស្អាត​ មក​សាកវិធីសម្រកក្បាលពោះ​ ៧ ថ្ងៃ​នេះ​ទៅ​​

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី